
ការចាប់ផ្តើមជាថ្មី
ដោយKirsten Holmberg
January 1, 2018
បន្ទាប់ពីរដូវកាល នៃពិធីបុណ្យណូអែលបានបញ្ចប់ នៅចុងខែធ្នូ គំនិតរបស់ខ្ញុំ ច្រើនតែបែរទៅរកការមកដល់នៃឆ្នាំថ្មី។ ខណៈពេលដែលកូនៗរបស់ខ្ញុំកំពុងឈប់សម្រាកពីការសិក្សា ហើយសកម្មភាពប្រចាំថ្ងៃ មានដំណើរយឺតៗ ខ្ញុំក៏បានជញ្ជឹងគិត អំពីអ្វីដែលខ្ញុំបានទទួលពីឆ្នាំចាស់ និងអំពីអ្វីដែលខ្ញុំនឹងធ្វើសម្រាប់ឆ្នាំថ្មី។ ជួនកាល ការជញ្ជឹងគិតនេះ មានការឈឺចាប់ និងការស្តាយក្រោយ ចំពោះកំហុសដែលខ្ញុំបានធ្វើ។ ប៉ុន្តែ ការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី បានបំពេញខ្ញុំ ដោយសេចក្តីសង្ឃឹម និងការរំពឹងចង់បាន។ ខ្ញុំគិតថា ខ្ញុំមានឱកាសចាប់ផ្តើមជាថ្មីឡើងវិញ ទោះបីជាឆ្នាំចាស់មានរឿងអ្វីកើតឡើងក៏ដោយ។ ខ្ញុំបានត្រៀមខ្លួនចាប់ផ្តើមជាថ្មី ក្នុងឆ្នាំថ្មី តែវាមិនអាចប្រៀបផ្ទឹមបាន នឹងក្តីសង្ឃឹម ដែលពួកអ៊ីស្រាអែលមាន ពេលដែលស្តេចស៊ីរូស នៃចក្រភពពើស៊ី បានរំដោះពួកគេ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្នុងទឹកដីយូដា បន្ទាប់ពីបានរស់នៅជាឈ្លើយសឹក អស់៧០ឆ្នាំ ក្នុងទឹកដីបាប៊ីឡូន។ ស្តេចអង្គមុន ព្រះនាមនេប៊ូក្នេសា បាននិរទេសពួកគេពីស្រុកកំណើត។ ប៉ុន្តែ ព្រះអម្ចាស់បានជំរុញចិត្តស្តេចស៊ីរូស ឲ្យបញ្ជូនពួកឈ្លើយសឹកទាំងអស់ ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងព្រះវិហាររបស់ព្រះឡើងវិញ(អែសរ៉ា ១:២-៣)។ ស្តេចស៊ីរូសក៏បានប្រគល់រតនវត្ថុ ដែលគេបានប្រមូលពីព្រះវិហារ ឲ្យទៅពួកគេវិញផងដែរ។ ក្នុងការរស់នៅ ជារាស្រ្តរើសតាំងរបស់ព្រះ ក្នុងទឹកដីដែលព្រះបានប្រទានឲ្យពួកគេ ពួកគេក៏បានចាបផ្តើមជីវិតសារជាថ្មី បន្ទាប់ពីរដូវកាលដ៏យូរ នៃទុក្ខលំបាក ក្នុងទឹកដីបាប៊ីឡូន ដែលបណ្តាលមកពីអំពើបាបរបស់ពួកគេ។ ទោះជាមានបញ្ហាអ្វីក៏ដោយ នៅក្នុងអតីតកាល ព្រះទ្រង់នៅតែអត់ទោសបាបឲ្យយើង ហើយប្រទានឲ្យយើងមានការចាប់ផ្តើមជាថ្មី ពេលណាយើងសារភាពអំពើបាបរបស់យើង។ ការនេះពិតជាធ្វើឲ្យយើងមានសង្ឃឹមណាស់!—Kirsten Holmberg
បទគម្ពីរប្រចាំថ្ងៃ
អស់អ្នកដែលព្រះបានបណ្តាលចិត្ត ឲ្យឡើងទៅស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមនោះ គេក៏រៀបចំឡើង។-អែសរ៉ា ១:៥