
កញ្ចក់ និងអ្នកដែលបានស្តាប់ឮ
ដោយLawrence Darmani
December 16, 2018
ពេលខ្ញុំចេញពីសណ្ឋាគារមួយ នៅទីក្រុងខាំផាឡា ប្រទេសយូហ្កាន់ដា អ្នកទទួលភ្ញៀវ ដែលបានមកទទួលខ្ញុំ ឲ្យទៅចូលរួមសិក្ខាសាលា បានមើលមុខខ្ញុំ ហើយញញឹមសើចស្ញាញដាក់ខ្ញុំ។ ខ្ញុំក៏បានសួរគាត់ថា “តើមានរឿងអីដែលគួរឲ្យអស់សំណើចឬ?” នាងក៏បានសើច ហើយសួរខ្ញុំថា “តើលោកបានសិតសក់ហើយឬនៅ?” ពេលនោះខ្ញុំក៏បានដល់វេនត្រូវសើចម្តង ព្រោះខ្ញុំពិតជាបានភ្លេចសិតសក់មែន។ មុននោះ ខ្ញុំបានឆ្លុះកញ្ចក់មើលរូបខ្លួនឯង ក្នុងបន្ទប់សណ្ឋាគារ ប៉ុន្តែ ហេតុអ្វីបានជាខ្ញុំមិនបានចាប់អារម្មណ៍ ចំពោះអ្វីដែលខ្ញុំបានឃើញក្នុងកញ្ចក់? រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការបង្រៀនរបស់សាវ័កយ៉ាកុប អំពីការឆ្លុះកញ្ចក់ក្នុងន័យធៀប ដើម្បីឲ្យយើងទទួលប្រយោជន៍កាន់តែច្រើន ពីការសិក្សាព្រះគម្ពីរ។ យើងឆ្លុះកញ្ចក់ ដើម្បីពិនិត្យមើលខ្លួនឯង ឲ្យដឹងថា មានកន្លែងណាដែលត្រូវកែលម្អ ដូចជាសក់ដែលត្រូវសិត មុខដែលត្រូវលុប អាវដែលត្រូវដាក់លេវឲ្យត្រឹមត្រូវជាដើម។ ព្រះគម្ពីរមានលក្ខណៈដូចកញ្ចក់ ដែលជួយឲ្យយើងពិនិត្យមើលចរិយាសម្បត្តិ អាកប្បកិរិយា និងការគិតរបស់យើង(យ៉ាកុប ១:២៣-២៤)។ ការឆ្លុះមើលខ្លួនឯងនេះ ជួយឲ្យជីវិតយើង អាចកែប្រែ ឲ្យស្របតាមគោលការណ៍ ដែលព្រះទ្រង់បានបើកបង្ហាញដល់យើង។ យើងត្រូវ “ទប់អណ្តាត”របស់យើង (ខ.២៦) និង “ថែរក្សាក្មេងកំព្រា និងស្ត្រីមេម៉ាយ”(ខ.២៧)។ យើងត្រូវស្តាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណរបស់ព្រះ ដែលគង់នៅក្នុងយើង ហើយរក្សាខ្លួន “មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ”(ខ.២៧)។ ពេលដែលយើងពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជា “ក្រឹត្យវិន័យខាងឯសេរីភាព” ហើយប្រព្រឹត្តតាមវិញ នោះយើងនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន(ខ.២៥)។ ខណៈពេលដែលយើងឆ្លុះមើលកញ្ចក់នៃព្រះគម្ពីរ យើងអាច “ទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាព”(ខ.២១)។—LAWRENCE DARMANI
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ … អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។ យ៉ាកុប ១:២៥