ព្រឹក

គោលបំណងធំបំផុតនៃការបម្រើព្រះ
ដោយJohn Piper
May 5, 2024
តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។ ហេព្រើរ ១០:៣៩
ចូរយើងកុំមើលទៅការខាតបង់បណ្ដោះអាសន្ន ដែលកើតមាន ពេលយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់ ហើយរាថយចេញពីការទុកចិត្តព្រះបន្ទូលសន្យាដ៏អស់កល្បរបស់ព្រះនោះឡើយ។ បើអ្នករាថយ នោះអ្នកមិនគ្រាន់តែខកខានមិនបានទទួលអ្វីដែលព្រះបានសន្យាប៉ុណ្ណោះទេ តែអ្នកថែមទាំងត្រូវវិនាសទៀតផង។ ¬
ស្ថាននរកកំពុងតែរង់ចាំមើលថា យើងនឹងរាថយ ឬអត់ទ្រាំក្នុងជំនឿ។ វាមិនគ្រាន់តែជាការបាត់បង់រង្វាន់បន្ថែមបន្តិចបន្តួចនោះទេ។ បទគម្ពីរហេព្រើរ ១០:៣៩ បានចែងថា “តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ”។ នោះជាការជំនុំជម្រះដ៏អស់កល្ប។
ដូចនេះ យើងត្រូវដាស់តឿនគ្នាទៅវិញទៅមកថា ៖ ចូរកុំរសាត់អណ្ដែតចេញពីព្រះឡើយ។ ចូរកុំស្រឡាញ់លោកិយ។ ចូរកុំគិតថា គ្មានរឿងអ្វីធំដុំនោះឡើយ។ ចូរខ្លាចផលវិបាកនៃការមិនស្រឡាញ់ព្រះបន្ទូលសន្យារបស់ព្រះ ឲ្យលើសការសន្យានៃអំពើបាប។ គឺដូចបទគម្ពីរ ហេព្រើរ ៣:១៣-១៤ បានចែងថា “ចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ”។
ប៉ុន្តែ យើងត្រូវផ្ដោតទៅលើតម្លៃនៃព្រះបន្ទូលសន្យា ហើយជួយគ្នាទៅវិញទៅមក ចេះឲ្យតម្លៃមកលើរង្វាន់ដែលព្រះគ្រីស្ទបានបង់ថ្លៃទិញ គឺឲ្យតម្លៃលើសអ្វីៗទាំងអស់។ យើងត្រូវនិយាយទៅកាន់គ្នាទៅវិញទៅមក តាមបទគម្ពីរហេព្រើរ ១០:៣៥ ដែលបានចែងថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ”។ ហើយបន្ទាប់មក យើងត្រូវតែជួយគ្នាទៅវិញទៅមក ឲ្យមើលឃើញភាពអស្ចារ្យនៃរង្វាន់នោះផងដែរ។
ភារកិច្ចចម្បងនៃការចែកចាយព្រះបន្ទូល និងគោលបំណងចម្បង នៃក្រុមតូច និងការងារទាំងអស់របស់ពួកជំនុំ គឺ ៖ ដើម្បីជួយគេ ឲ្យមើលស្គាល់ភាពធំប្រសើរនៃការអ្វីដែលព្រះគ្រីស្ទបានបង់ថ្លៃទិញ សម្រាប់មនុស្សម្នាក់ៗ ដែលឲ្យតម្លៃមកលើភាពធំប្រសើរនោះ លើសលោកិយទៀត។ ចូរយើងជួយគេឲ្យមើលឃើញ និងស្រឡាញ់ភាពធំប្រសើរនោះ ដើម្បីឲ្យភាពសក្តិសមដ៏ខ្ពស់បំផុតរបស់ព្រះបញ្ចេញពន្លឺ នៅក្នុងភាពស្កប់ចិត្ត និងក្នុងការលះបង់ដែលចេញពីចិត្តប្រភេទនោះឯង។
ប្រភេទ
ល្ងាច

ទឹកភ្នែកនៃក្តីអំណរ
ដោយSheridan Voysey
May 5, 2024
យេរេមា ៣១:៣-៩
គេនឹងមកដោយទឹកភ្នែក និងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ។ យេរេមា ៣១:៩
ថ្ងៃមួយ នៅពេលដែលលោកឌីន(Dean) ចេញពីផ្ទះ គាត់ក៏បានឃើញមិត្តភក្តិគាត់មួយចំនួន កំពុងរង់ចាំគាត់នៅក្រៅផ្ទះ ដោយមានដៃកាន់ប៉េងប៉ោងហោះ។ មិត្តភក្តិគាត់ម្នាក់ឈ្មោះ ចស(Josh) ក៏បានដើរចេញមក ហើយក៏បានប្រាប់គាត់ថា ពួកគេបានយកបទកំណាព្យរបស់គាត់ ទៅចូលរួមក្នុងការប្រកួតមួយ។ រួចលោក ចស ក៏បានប្រគល់ស្រោមសំបុត្រទៅគាត់។ នៅក្នុងស្រោមសំបុត្រនោះ គាត់ក៏បានឃើញកាតមួយសន្លឹក ដែលមានអក្សរសរសេរពីលើថា “រង្វាន់សម្រាប់ជ័យលាភីលេខ១” ហើយមិនយូរប៉ុន្មាន ពួកគេម្នាក់ៗក៏បានអបអរគាត់ ដោយចិត្តរំភើបរីករាយ រហូតចេញទឹកភ្នែក។ មិត្តភក្តិរបស់លោកឌីន បានធ្វើនូវរឿងដ៏មានន័យ ដោយបានបញ្ជាក់ឲ្យគេដឹងថា គាត់ពិតជាមានអំណោយទានផ្នែកតែងនិពន្ធ។
ការអរសប្បាយរហូតដល់ស្រក់ទឹកភ្នែក គឺជាបទពិសោធន៍ដែលយើងប្រហែលពិបាកយល់។ តាមធម្មតា ការស្រក់ទឹកភ្នែកគឺជាការឆ្លើយតប ចំពោះការឈឺចាប់ មិនមែនក្តីអំណរនោះទេ ហើយក្តីអំណរបង្ហាញចេញមក ដោយការសើចសប្បាយ មិនមែនដោយទឹកភ្នែកទេ។ អ្នកចិត្តសាស្រ្តជាជនជាតិអ៊ីតាលីម្នាក់ បានកត់សំគាល់ឃើញថា ទឹកភ្នែកនៃក្តីអំណរកើតមាន នៅពេលដែលយើងមានការប៉ះពាល់ចិត្តផ្ទាល់ខ្លួន ក្នុងលក្ខណៈស៊ីជម្រៅ ដែលមានដូចជា ពេលដែលយើងមានអារម្មណ៍ថា គេស្រឡាញ់យើងខ្លាំង ឬយើងបានសម្រេចគោលដៅដ៏សំខាន់មួយ។ ការនេះនាំឲ្យពួកគេសន្និដ្ឋានថា ទឹកភ្នែកនៃក្តីអំណរ កំពុងចង្អុលបង្ហាញយើងឲ្យជញ្ជឹងគិតអំពីអត្ថន័យរបស់ជីវិតយើង។
ខ្ញុំយល់ឃើញថា ទឹកភ្នែកនៃក្តីអំណរកើតមាន នៅកន្លែងណាក៏ដោយដែលព្រះយេស៊ូវបានយាងទៅដល់។ តើឪពុកម្តាយរបស់បុរសដែលពិការភ្នែកពីកំណើត អាចទប់ទឹកភ្នែកបានទេ នៅពេលដែលព្រះយេស៊ូវបានប្រោសភ្នែកគាត់ឲ្យជា(យ៉ូហាន ៩:១-៩)។ ពុំនោះទេ តើនាងម៉ារា និងនាងម៉ាថា អត់ទប់ទឹកភ្នែកបានទេ នៅពេលដែលព្រះអង្គប្រោសប្អូនប្រុសគាត់ឲ្យរស់ឡើងវិញ(១១:៣៨-៤៤)? នៅគ្រាដែលព្រះទ្រង់នាំរាស្រ្តព្រះអង្គ ចូលទៅក្នុងពិភពលោកដែលព្រះអង្គបានស្តាឲ្យល្អឡើងវិញ ព្រះអង្គមានបន្ទូលថា ទឹកភ្នែកនៃក្តីអំណរនឹងធ្លាក់ចុះពីលើថ្ពាល់របស់ពួកគេ ហើយព្រះអង្គនឹងដឹកនាំពួកគេត្រឡប់ទៅផ្ទះវិញ ដោយយកព្រះទ័យទុកដាក់ចំពោះពួកគេយ៉ាងខ្លាំង(យេរេមា ៣១:៩)។
បើទឹកភ្នែកនៃក្តីអំណរបានចង្អុលបង្ហាញយើង ឲ្យពិចារណាអំពីអត្ថន័យរបស់ជីវិត សូមយើងស្រមៃអំពីថ្ងៃដ៏ប្រសើរបំផុត ដែលនឹងមកដល់។ នៅពេលនោះ ទឹកភ្នែកនៃក្តីអំណរនឹងហូរធ្លាក់ចុះមកលើថ្ពាល់យើង ហើយយើងនឹងដឹងច្បាស់ថា ជីវិតយើងមានន័យ គឺនៅពេលដែលយើងបានរស់នៅដោយការប្រកបជិតស្និទ្ធជាមួយព្រះអង្គ។—Sheridan Voysey
តើអ្នកធ្លាប់ស្រក់ទឹកភ្នែកនៃក្តីអំណរ នៅពេលចុងក្រោយបំផុត នៅពេលណា? តើអ្នកយល់ឃើញថា ជីវិតមានន័យ មានលក្ខណៈដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការត្រៀមក្តីអំណរ សម្រាប់ប្រទានដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៩-២០ និង លូកា ២៣:១-២៥