
ព្រះអង្គជាក្សត្រ ដែលបានបង្កើតរបស់សព្វសារពើ
ដោយAlistair Begg
January 1, 2025
«កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី» (លោកុប្បត្ដិ ១:១)។
ព្រះទ្រង់ពិតជាមានមែន គឺគ្មានពេលណាមួយ ដែលមិនមានព្រះអង្គនោះឡើយ។ ព្រះអង្គមានពិតមែន តាំងពីមុនពេលដែលពេលវេលា និងអ្វីមួយកើតមាន ដោយសារការបង្កើតរបស់ព្រះអង្គ។ ហើយដោយសារលក្ខណៈសម្បត្តិរបស់ព្រះអង្គ មិនដែលប្រែប្រួល ព្រះអង្គតែងតែមានពិតមែន ក្នុងលក្ខណៈជាព្រះត្រៃឯក ជាព្រះតែមួយមានបីអង្គ គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ពេលយើងអានព្រះគម្ពីរ យើងឃើញថា អង្គនីមួយៗនៃព្រះត្រៃឯកសុទ្ធតែបានចូលរួមនៅក្នុងការបង្កើតរបស់សព្វសារពើ ដោយព្រះវរបិតាបានធ្វើការផ្ដួចផ្ដើម ហើយព្រះគម្ពីរក៏បានពិពណ៌នាថា ព្រះវិញ្ញាណបរិសុទ្ធបាន «រេរានៅពីលើទឹក» ហើយព្រះរាជបុត្រាគឺជាភ្នាក់ងារនៃការបង្កើតរបស់សព្វសារពើ (លោកុប្បត្ដិ ១:២-៣ យ៉ូហាន ១:៣)។
«គ្រប់ទាំងអ្វីៗដែលស្រស់ស្អាត អស់ទាំងសត្វតូចធំ»1 គួរតែនាំឲ្យយើងមានចិត្តស្ញប់ស្ញែង ព្រោះព្រះអង្គបានរចនាពួកវាមក ដោយបង្គាប់តែមួយព្រះឱស្ឋ។ ធម្មជាតិទាំងមូលស្ថិតក្នុងព្រះហស្ត ស្ថិតក្នុងការគ្រប់គ្រងរបស់ព្រះអង្គ។ ពេលយើងឃើញទឹករលកបោកច្រាំង យើងមានការកម្សាន្តចិត្ដដ៏អស្ចារ្យ ដោយដឹងថា ទឹករលកនីមួយៗបានកើតមាន ដោយសារការគ្រប់គ្រងរបស់ព្រះអម្ចាស់ ដោយអធិបតេយ្យភាពរបស់ព្រះអង្គ។ ព្រះអង្គមិនដែលបានយាងចេញពីស្នាព្រះហស្តព្រះអង្គទាំងពីដើមក៏ដូចជាក្នុងពេលអនាគត។
យើងចាំបាច់ត្រូវចាំថា ព្រះអង្គគ្មានដែនកំណត់ឡើយ។ ព្រះអង្គគង់នៅលើបល្ល័ង្ក ខ្ពស់ហួស និងពិសេសខុសប្លែកពីអ្វីៗដែលព្រះអង្គបានបង្កើត។ នេះជាមូលហេតុដែលជំនឿគ្រីស្ទបរិស័ទ មានភាពខុសគ្នាពីជំនឿសាសនាដែលជឿថា ព្រះអាទិទេពបានបង្ហាញអង្គទ្រង់ឲ្យគេបានស្គាល់ នៅក្នុងពិភពធម្មជាតិ ដូចនេះ អ្វីៗទាំងអស់ជាផ្នែកមួយនៃអង្គទ្រង់។ បើយើងជឿដូចនេះ យើងនឹងមិនហ៊ានសម្លាប់សត្វរុយ ឬមិនហ៊ានដើរជាន់សត្វស្រមោច ព្រោះសត្វល្អិតទាំងនោះសុទ្ធតែជាផ្នែកមួយនៃអង្គទ្រង់។ ស្រដៀងគ្នានេះដែរ តាមជំនឿនេះ យើងក៏មិនគួរកាប់ដើមឈើ ឬបរិភោគសាច់ ព្រោះពួកវាជាផ្នែកមួយនៃអង្គទ្រង់។ ការបង្រៀនដូចនេះមានការយល់ច្រឡំ និងវង្វេង ហើយច្រើនតែនាំមនុស្សទៅរកការថ្វាយបង្គំរូបព្រះ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ ម្តងហើយម្តងទៀតថា មនុស្សនឹងសម្រេចចិត្តថ្វាយបង្គំស្នាព្រះហស្តរបស់ព្រះអង្គ ជាជាងថ្វាយបង្គំព្រះអង្គដែលបានបង្កើតពួកវាមក (រ៉ូម ១:២៥)។ ពេលយើងមើលផ្ទាំងគំនូរដែលស្អាតអស្ចារ្យ ការស្ញប់ស្ញែង និងមានចិត្តរីករាយចំពោះផ្ទាំងគំនូរនោះ ជាទង្វើត្រឹមត្រូវហើយ ហើយបន្ទាប់មក យើងត្រូវសរសើរជាងគំនូរ។ ស្នាព្រះហស្តទាំងអស់ប្រៀបដូចជារូបនីមួយៗ នៅក្នុងផ្ទាំងគំនូរដែលព្រះអង្គបានគូរ ហើយពួកវាសុទ្ធតែថ្លែងអំពី «លក្ខណសម្បត្តិរបស់ព្រះអង្គ ដែលយើងមើលមិនឃើញ ដែលមានដូចជាព្រះចេស្ដាដ៏អស់កល្ប និងលក្ខណៈជាព្រះ» (ខ.២០)។
យើងត្រូវថ្វាយបង្គំតែព្រះអង្គប៉ុណ្ណោះ ព្រោះស្នាព្រះហស្តកើតមាន ដោយសារព្រះចេស្ដា និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រះអង្គគ្មានការចាប់ផ្ដើម ឬទីបញ្ចប់ឡើយ ហើយព្រះអង្គនឹងគ្រងរាជ្យជារៀងរហូត។ ព្រះអង្គជាក្សត្រ។ នៅថ្ងៃនេះ ចូរយើងលើកតម្កើងព្រះអង្គ ដ្បិតមានតែព្រះអង្គទេដែលស័ក្តិសមនឹងឲ្យយើងសរសើរ។ ចូរដើរលេង ឬមើលទៅក្រៅបង្អួច ហើយសរសើរតម្កើងព្រះអង្គ ពេលដែលអ្នកបានឃើញសម្រស់របស់ព្រះអង្គ ដែលបានបង្ហាញក្នុងស្នាព្រះហស្តដែលព្រះអង្គបានបង្កើត។ ចូរសរសើរតម្កើងព្រះអង្គ ខណៈពេលដែលព្រះអង្គបន្តគ្រងរាជ្យលើស្នាព្រះហស្តព្រះអង្គ ដោយថែរក្សាអ្នកក្នុងព្រះហស្តដែលមានអធិបតេយ្យភាព។
ព្រះគម្ពីរសញ្ជឹងគិត៖ វិវរណៈ ៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១-៣; និងរ៉ូម ១
1លោក Cecil F. Alexander, “All Things Bright and Beautiful” (ឆ្នាំ១៨៤៨)។