ព្រឹក

មិនខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់
ដោយDave Branon
September 9, 2025
២ធីម៉ូថេ ១:៦-១២
មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង។ ២ធីម៉ូថេ ១:៨
មុនពេលដែលអ្នកបម្រើព្រះជាជនជាតិអាហ្វ្រិកម្នាក់ ត្រូវគេសម្លាប់ដោយសារជំនឿដែលមិនងាករេ ចំពោះព្រះយេស៊ូវ គាត់បាននិពន្ធអត្ថបទមានចំណងជើងថា “សេចក្តីអធិស្ឋានរបស់អ្នកស្លាប់ដោយសារជំនឿ”។ គាត់មិនបានបញ្ចេញឈ្មោះរបស់គាត់ទេ តែស្នាដៃនិពន្ធរបស់គាត់ ពីសម័យមុន មានភាពល្បីល្បាញយ៉ាងទូលំទូលាយ បានជាគេដាក់ចំណងជើងឲ្យមួយទៀតថា “សេចក្តីប្រកបរបស់អ្នកដែលមិនត្រូវខ្មាស”។
ពាក្យពេចន៍របស់គ្រូគង្វាលរូបនេះ បានធ្វើការជំរុញចិត្តដល់អ្នកជឿព្រះយេស៊ូវទាំងអស់ គឺការជំរុញចិត្តដែលសាវ័កប៉ុលបានសរសេរ ក្នុងសំបុត្រដែលគាត់បានផ្ញើទៅមិត្តសំឡាញ់របស់គាត់ ជាយុវជន ឈ្មោះ ធីម៉ូថេ យ៉ាងដូចនេះថា “មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ”(២ធីម៉ូថេ ១:៨) ព្រោះព្រះវិញ្ញាណបរិសុទ្ធបានប្រទានយើង នូវ “អំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ”(ខ.៧)។
លោកគ្រូគង្វាលជាជនជាតិអាហ្វ្រិករូបនោះ បានសរសេរនៅក្នុងសៀវភៅនោះថា “ខ្ញុំជាផ្នែកមួយនៃសេចក្តីប្រកបរបស់មនុស្សដែលមិនត្រូវខ្មាស។ ខ្ញុំបានសម្រេចចិត្តហើយ។ ខ្ញុំជាសិស្សរបស់ព្រះយេស៊ូវ ហើយខ្ញុំនឹងរេរា មិនបង្អែបង្អង់ មិនរាថយ ឬនៅទ្រឹងមួយកន្លែងឡើយ។ ព្រះអង្គបានប្រោសលោះពេលអតីតកាលរបស់ខ្ញុំ និងធ្វើឲ្យពេលបច្ចុប្បន្នរបស់ខ្ញុំមានន័យ ហើយខ្ញុំមិនខ្លាចពេលអនាគតឡើយ ... ខ្ញុំរស់នៅដោយជំនឿ ពឹងផ្អែកលើព្រះវត្តមានរបស់ព្រះអង្គ ដើរដោយចិត្តអត់ធ្មត់ ការអធិស្ឋានធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ ហើយខ្ញុំខិតខំបម្រើព្រះអង្គ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ”។
ទាំងលោកធីម៉ូថេ និងគ្រូគង្វាលរូបនោះ បានប្រឈមមុខដាក់ទុក្ខលំបាក ដែលយើងក៏អាចជួបប្រទះផងដែរ តែពាក្យសម្តីរបស់ពួកគេបានជំរុញយើង ឲ្យឈរយ៉ាងមាំមួន ពេលណាជំនឿរបស់យើងជួបការល្បងល។ យើងអាចនិយាយថា "ខ្ញុំនៅតែគ្មានសេចក្តីខ្មាស" ព្រោះព្រះទ្រង់ “អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង”(ខ.១២) ដែលជាជីវិត និងពេលអនាគតរបស់យើង។—DAVE BRANON
តើមានអ្វីធ្វើឲ្យអ្នកគ្មានសេចក្តីខ្មាស ចំពោះព្រះគ្រីស្ទ?
តើអ្នកអាចយកគំរូតាមអ្នកដទៃ ដែលមិនខ្មាស ចំពោះដំណឹងល្អ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ព្រះអង្គបានសន្យាថា នឹងប្រទានព្រះចេស្តា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យឈរមាំថ្វាយព្រះអង្គ និងមិនខ្មាស ក្នុងស្ថានភាពទាំងអស់។
VISIT ODBU.ORG/NT246 AND DIVE DEEPER INTO THE WISDOM SHARED IN 1 AND 2 TIMOTHY.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៦-៧ និង ២កូរិនថូស ២
ល្ងាច

អ្នកបម្រើដែលបន្ទាបខ្លួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 9, 2025
«អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ ដូច្នេះ បើខ្ញុំដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើងដល់គ្នានឹងគ្នាដែរ» (យ៉ូហាន ១៣:១៣-១៤)។
លោក អេនឌ្រូ ម៉ាទីនេស (Andrew Martinez) ស្ថិតក្នុងចំណោមអ្នកស្ពាយឧបករណ៍វាយកូនហ្គោលដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនហ្គោល ដោយគាត់បានស្ពាយឧបករណ៍វាយកូនហ្គោលឲ្យកីឡាករល្បីៗដូចជាលោក ចននី មីលល័រ (Johnny Miller) ចន ឃុក (John Cook) និងលោក ថម លេមិន (Tom Lehman)។ គាត់ក៏ជាកីឡាករដែលមានទេពកោសល្យផងដែរ។ ផ្នែកដែលធ្វើឲ្យគាត់ល្បីល្បាញក្នុងការងារជាអ្នកស្ពាយឧបករណ៍នោះ គឺគាត់មានចិត្តប្តូរផ្តាច់ចំពោះចៅហ្វាយនាយរបស់គាត់ ចាប់តាំងពីពេលដែលគាត់បោះជំហានចូលកន្លែងធ្វើការរបស់អ្នកស្ពាយឧបករណ៍វាយកូនហ្គោល ហើយពាក់ឯកសណ្ឋានពណ៌ស។ នៅក្នុងការបំពេញតួនាទី គាត់មិនបានគិតអំពីខ្លួនឯងទេ។ គាត់នៅតែមានឈ្មោះ ម៉ាទីនេស ប៉ុន្តែ មានឈ្មោះផ្សេងនៅលើខ្នងរបស់គាត់ដែលមានន័យថា គាត់បានមានវត្តមាននៅទីនោះ ដើម្បីបម្រើនរណាម្នាក់ ទោះគាត់មានអំណោយទាន និងសមត្ថភាពយ៉ាងណាក៏ដោយ។
នៅពេលយប់មុនពេលព្រះយេស៊ូវសុគត ព្រះអង្គបានលាងជើងឲ្យពួកសាវ័ក ជាទិដ្ឋភាពដែលគួរឲ្យចងចាំបំផុតក្នុងព្រះជន្មគង់នៅលើផែនដី។ មូលហេតុមួយដែលព្រះអង្គបានធ្វើដូចនេះ គឺដើម្បីធ្វើជាគំរូនៃការបម្រើដោយបន្ទាបខ្លួន ព្រោះការងារលាងជើងគឺជាការងាររបស់ពួកទាសករ មិនមែនការងាររបស់ស្តេចទេ។ យើងសុទ្ធតែអាចរៀនសូត្រពីការដើរតាមគំរូរបស់ព្រះអង្គត្រង់ចំណុចដែលថា ព្រះអាទិករបានលាងជើងឲ្យស្នាព្រះហស្តរបស់ព្រះអង្គ ដោយព្រះអង្គបានបម្រើទាំងពួកសាវ័កដែលមានការប៉ះទង្គិចគ្នា និងបម្រើសាវ័កដែលក្បត់ព្រះអង្គផងដែរ។ ការធ្វើដូចនេះ គឺលើសពីការស្វាគមន៍ ដែលបានបង្ហាញចេញមកក្នុងពិធីលាងជើងនេះ។
ព្រះយេស៊ូវបានធ្វើជាគំរូឲ្យយើងដើរតាម (ព្រោះព្រះអង្គបានប្រើពាក្យ «គួរតែឲ្យអ្នករាល់គ្នា») ហើយមិនគ្រាន់តែជាគំរូប៉ុណ្ណោះទេ។ បើយើងរាល់គ្នាគ្រាន់តែផ្ដោតទៅលើការត្រាស់ហៅឲ្យត្រាប់តាមការបន្ទាបព្រះកាយរបស់ព្រះយេស៊ូវក្នុងរឿងនេះ នោះយើងនឹងវង្វេងនៅក្នុងការប្រព្រឹត្តតាម ហើយខកខានមិនបានយល់អំពីបំណងព្រះទ័យពេញលេញ និងរុងរឿងរបស់ព្រះគ្រីស្ទ។ ខណៈពេលដែលព្រះអង្គលាងជើងឲ្យពួកសាវ័ក ព្រះអង្គជ្រាបថា ពេលអនាគតដ៏ខ្លីខាងមុខនឹងមានរឿងអ្វីខ្លះកើតឡើង។ ព្រះអង្គជ្រាបច្បាស់ អំពីពេលរងទុក្ខខ្លាំងបំផុត ជាការសុគតនៅលើឈើឆ្កាងដែលត្រូវមកដល់។
សកម្មភាពរបស់ព្រះអង្គនៅពេលនោះបានបង្ហាញថា ពេលអនាគតតែងតែស្ថិតក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតា។ ការលាងជើងពួកសាវ័ក គឺជានិមិត្តសញ្ញានៃការលាងសម្អាតវិញ្ញាណរបស់ពួកគេ នៅពេលអនាគតជាការលាងសម្អាតមិនមែនដោយទឹកក្នុងចានក្លាំ តែដោយព្រះលោហិតនៅលើឈើឆ្កាងវិញ។ ព្រះរាជបុត្រាបានបន្ទាបព្រះកាយ ដើម្បីផ្តល់ឲ្យយើងនូវការលាងសម្អាតស្នាមប្រឡាក់នៃបាបរបស់យើង ហើយយើងត្រូវតែយកគំរូតាមដោយការបន្ទាបខ្លួនដែរ ដោយទទួលស្គាល់ថា យើងត្រូវការការលាងសម្អាត ហើយទូលសូមឲ្យព្រះអង្គលាងសម្អាតយើង។
ទាល់តែយើងបានឲ្យតម្លៃ ការបម្រើរបស់ព្រះអង្គសង្គ្រោះ ទើបយើងអាចបម្រើអ្នកដទៃដូចព្រះអង្គ។ សាវ័ក ពេត្រុស មានការភាន់ច្រឡំ ចំពោះអ្វីដែលព្រះអង្គកំពុងធ្វើ (យ៉ូហាន ១៣:៦-៨) តែក្រោយមក គាត់ក៏បានយល់ព្រះបន្ទូលព្រះអង្គ។ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានលើកទឹកចិត្តបងប្អូនរួមជំនឿថា «ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានតម្កើងអ្នករាល់គ្នាឡើងនៅវេលាកំណត់» (១ពេត្រុស ៥:៦)។ គាត់ដឹងថា គំរូរបស់ព្រះគ្រីស្ទមិនគ្រាន់តែកែតម្រង់អាកប្បកិរិយារបស់យើងប៉ុណ្ណោះទេ តែក៏ដើម្បីបន្ទាបយើងចុះ ហើយធានាយើងអំពីការអត់ទោសបាបរបស់យើង។
តើព្រះអម្ចាស់បានត្រាស់ហៅអ្នកឲ្យលាងជើងឲ្យអ្នកដទៃយ៉ាងដូចម្តេចខ្លះ? តើអ្នកអាចលះបង់ពេលវេលា ឬភាពសុខស្រួល ដើម្បីបម្រើមនុស្សជុំវិញអ្នក ដោយសេចក្តីស្រឡាញ់ដែលមានការបន្ទាបខ្លួនដូចម្តេចខ្លះ? ហើយដែលសំខាន់បំផុតនោះ តើអ្នកអាចបម្រើអ្នកដទៃ តាមរបៀបដែលចង្អុលបង្ហាញពួកគេទៅរកការបម្រើដែលធំជាងនោះទៀត ដែលទទួលបានពីការលាងសម្អាតដោយព្រះលោហិតរបស់ព្រះគ្រីស្ទដែលបានបង្ហូរនៅលើឈើឆ្កាងដែរឬទេ?
ខគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៣:១-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ៧-៨ និងយ៉ូហាន ៣:១៦-៣៦