
ឈ្នះដោយចិត្តសប្បុរស
ដោយAlistair Begg
April 10, 2026
«ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ» ។ អេភេសូរ ៤:៣២
ការបែកបាក់បានកើតមានជាធម្មតា ក្នុងពិភពលោក តាំងពីសម័យដើមមក ។ អ្វីដែលថ្មីសម្រាប់យើងនោះ គឺបណ្ដាញសង្គម និងប្រពន្ធផ្សព្វផ្សាយបានធ្វើឲ្យយើងកាន់តែមានការចាប់អារម្មណ៍ ចំពោះរបៀបដែលមនុស្សបញ្ចេញកំហឹង យ៉ាងកាចសាហាវ និងមិនលាក់លៀម ក្នុងការបាក់បែក ។ ប៉ុន្តែ សេចក្តីពិតដែលស៊ីជម្រៅជាងនេះ នៅតែមិនផ្លាស់ប្តូរ ត្រង់ចំណុចដែលថា បាបគឺជាមូលហេតុដែលនាំឲ្យមានការបាក់បែកយ៉ាងពិតប្រាកដ ។ តាំងពីដើមដំបូងមក បាបបានពុះច្រៀកចំណងទាក់ទងរវាងមនុស្ស ហើយអ្វីដែលគួរឲ្យសោកសៅនោះ គឺបាបបាននាំឲ្យមានការបាក់បែកនៅក្នុងសហគមន៍របស់អ្នកជឿព្រះ ។ ដូចនេះ តើយើងអាចដេញតាមសន្តិភាព ក្នុងលោកិយដែលមានការបាក់បែក ដោយរបៀបណា? យើងមិនមានដំណោះស្រាយដ៏ងាយស្រួលទេ ប៉ុន្តែ ការបង្ហាញសេចក្តីសប្បុរស គឺជាដំណោះស្រាយដ៏សាមញ្ញ ។ ព្រះទ្រង់បានបង្គាប់យើងតាមរយៈសាវ័កប៉ុល ឲ្យមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ។ បទគម្ពីរ១ថែស្សាឡូនិច ៥:១៥ បានបង្គាប់យើងឲ្យ «ដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ» ។
សេចក្តីបង្គាប់ដូចនេះ ប្រហែលជារាក់កំផែល ឬត្រង់ៗពេក ខណៈពេលដែលសេចក្តីកំហឹង និងជម្លោះកំពុងតែកើនកម្តៅ (ហើយយើងងាយនឹងមានបញ្ហានេះ និងធ្វើវា ដោយមិនដឹងខ្លួននៅពេលខ្លះ) ។ ចុះបើសិនជាជីវិតរបស់អ្នកមានចារិតលក្ខណៈ ដែលមានសម្តីសប្បុរស កើតចេញពីគំនិតដែលសប្បុរស និងបង្ហាញចេញមកក្នុងអំពើសប្បុរស? តើអ្នកគិតថា ការនេះនឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងណា? បើអ្នកគិតអំពីអំពើសប្បុរស ក្នុងរង្វង់នៃទំនាក់ទំនងរបស់អ្នក ដែលរាប់ចាប់តាំងពីគ្រួសារ បន្ទាប់មកអ្នកជិតខាង មិត្តរួមការងារ ។ល ។ តើទំនាក់ទំនងរបស់អ្នកនឹងមានលក្ខណៈដូចម្តេច បើសិនជាចិត្តរបស់អ្នកបានជ្រួតជ្រាបទៅដោយសេចក្តីសប្បុរស?
ជាការពិតណាស់ ការស្រមៃថា ខ្លួនឯងជាមនុស្សចិត្តល្អ គឺមិនពិបាកទេ ប៉ុន្តែ ការបង្ហាញសេចក្តីសប្បុរសដល់មនុស្សនៅជុំវិញយើង មិនងាយស្រួលដូចនេះទេ ជាពិសេស ក្នុងកាលៈទេសៈដែលមានការប៉ះទង្គិចគ្នា ។ ក្នុងពេលបែបនេះ ពេលណាសេចក្តីសប្បុរសហាក់ដូចជាក្តីស្រមៃ ចូរយើងកុំភ្លេចផ្នែកចុងក្រោយនៃបទគម្ពីរអេភេសូរ ៤:៣២ ដែលក្នុងនោះ យើងអាចបង្ហាញសេចក្តីសប្បុរស ភាពស្រទន់ និងការអត់ទោស ដោយសារព្រះទ្រង់បានបង្ហាញសេចក្តីទាំងអស់នេះដល់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទហើយ ។
បទគម្ពីរអេភេសូរ ២:១៤ បានចែងថា «ទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា» ។ នៅពេលដែលព្រះយេស៊ូវគ្រីស្ទ គឺជាស្ពានមេត្រីរបស់អ្នក ហើយអ្នករកឃើញសេចក្តីសង្ឃឹមដ៏ស្ថិតស្ថេរក្នុងព្រះអង្គ ហើយនៅពេលដែលអ្នកបានដឹងច្បាស់ថា ព្រះអង្គបានអត់ទោសឲ្យអ្នកយ៉ាងដូចម្តេចខ្លះ ក្នុងព្រះគ្រីស្ទ អ្នកនឹងបានត្រៀមជាស្រេច ដើម្បីបង្ហាញសេចក្តីសប្បុរសដល់អ្នកដទៃយ៉ាងហូរហៀរ ។ ជាការពិតណាស់ អ្នកនឹងជួបឧបសគ្គជាច្រើន ដែលបូករួមទាំងឧបសគ្គចេញពីចិត្តអ្នកផងដែរ ។ ប៉ុន្តែ អ្នកនឹងមិនខកចិត្តឡើយ នៅពេលដែលអ្នកមានសេចក្តីសប្បុរសចំពោះអ្នកដទៃយ៉ាងហូរហៀរ ដោយកម្លាំងដែលព្រះប្រទាន (១ពេត្រុស ៤:១១) ។
ខគម្ពីរជញ្ជឹងគិត៖ អេភេសូរ ៤:៣២-៥:២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១៤ និង ហេព្រើរ ១១:១-១៩
ប្រភេទ
អត្ថបទថ្មីៗ
មើលទាំងអស់ →
ថ្មបានរមៀលចេញពីមាត់ផ្នូរ
April 9, 2026
«ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ទ្រង់មានព្រះជន្មរស់ឡើងវិញ…

ចាកចេញពីការលាក់បាំង
April 8, 2026
«ហើយមើល មានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត (លោកនេះមិនបានចូលដៃ ចូល…

ឈើឆ្កាងបើកភ្នែករបស់យើង
April 7, 2026
«កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន» ។ លូកា ២៣:៤៧យើងមិនបានយល…