
សេចក្តីជំនឿដែលបន្ទាបខ្លួន
ដោយAlistair Begg
July 14, 2026
«មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន» ។ ហាបាគុក ២:៤
ជាញឹកញាប់ យើងច្រើនតែមានចិត្តដែលចង់យល់ អំពីរឿងដែលអស្ចារ្យ ។ យើងផ្ដោតចិត្តទៅលើអ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ និងអ្នកជំនាញ ហើយជាការពិតណាស់ យើងច្រើនតែត្រូវការការបកស្រាយរបស់ពួកគេ ។ ប៉ុន្តែ ក្នុងនាមយើងជាអ្នកជឿព្រះ យើងត្រូវចាំថា ដែលសំខាន់បំផុតនោះ យើងរស់នៅ ដោយជំនឿ មិនមែនដោយគំនិតរបស់មនុស្សនោះទេ ។
ព្រះគម្ពីរប៊ីបបានចែងថា បុគ្គលដែលជឿថា ខ្លួនអាចកំណត់ការស្លាប់រស់ ដោយខ្លួនឯងបាន គឺជាមនុស្សមានអំនួត ។ មនុស្សប្រភេទនោះ បានចាត់ទុកការក្រាបថ្វាយបង្គំព្រះ គឺជាទង្វើគួរឲ្យអស់សំណើច មិនចាំបាច់ និងគ្មានប្រយោជន៍ ហើយពួកគេក៏បានត្រៀមជាស្រេច ដើម្បីប្រមាថមនុស្សដែលថ្វាយបង្គំព្រះ ។ ផ្ទុយទៅវិញ មនុស្សសុចរិតមិនស្វែងរកចម្លើយសម្រាប់គ្រប់រឿងទាំងអស់ ដោយខ្លួនឯងនោះទេ តែពួកគេបន្ទាបខ្លួនរស់នៅ ដោយជំនឿ ។ ពួកគេជឿអ្វីៗដែលព្រះទ្រង់មានបន្ទូល ដោយសារព្រះទ្រង់ជាអ្នកមានបន្ទូល ។ យើងឃើញថា ព្រះគម្ពីរសញ្ញាថ្មី បាននិយាយយោងទៅលើគោលការណ៍ក្នុងខគម្ពីរខាងលើនេះ ជាញឹកញាប់ ។ ឧទាហរណ៍ ក្នុងការសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ សាវ័កប៉ុល បាននិយាយអំពីអត្ថន័យនៃការស្គាល់ព្រះ ដោយយោងទៅលើបទគម្ពីរហាបាគុកនេះ ។ គាត់បានបញ្ជាក់ច្បាស់ថា ព្រះទ្រង់បានប្រទានសេចក្តីសុចរិត ជាអំណោយនៃព្រះគុណ តាមរយៈសេចក្តីជំនឿ មិនមែនជាអ្វីដែលយើងអាចរកបាន ដោយការប្រព្រឹត្តល្អ ឬការប្រតិបត្តិខាងសាសនានោះទេ (អេភេសូរ ២:៨-៩) ។ យើងក៏អាចនិយាយថា សំបុត្រដែលគាត់បានសរសេរផ្ញើពួកជំនុំនៅទីក្រុងរ៉ូមបានយោងទៅលើខគម្ពីរ ក្នុងកណ្ឌគម្ពីរហាបាគុក ។ ជាក់ស្តែង ក្នុងការបកស្រាយអំពីដំណឹងល្អ គាត់បានប្រាប់ពួកជំនុំទៅក្រុងរ៉ូមថា «ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្ដីជំនឿ ហើយឲ្យបានសេចក្ដីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្ដីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ»» (រ៉ូម ១:១៧) ។
ព្រះយេស៊ូវបានមានបន្ទូលអំពីភាពចាំបាច់ នៃសេចក្តីជំនឿដែលបន្ទាបខ្លួន ក្នុងរឿងប្រៀបប្រដូចរបស់ព្រះអង្គ អំពីពួកផារិស៊ី និងអ្នកយកពន្ធម្នាក់ (លូកា ១៨:៩-១៤) ។ ពួកផារិស៊ីបានអួតខ្លួនថា គាត់មិនដូចអ្នកផ្សេងទេ : «ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ» (ខ.១១) ។ វិញ្ញាណគាត់ពេញដោយអំនួត ។ ប៉ុន្តែ អ្នកយកពន្ធបានទទួលស្គាល់ថា គាត់ជាមនុស្សមានបាប ហើយស្វែងរកសេចក្តីមេត្តាពីព្រះ ។ បានជាព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង» (ខ.១៤) ។
វិញ្ញាណដែលអួតបំប៉ោង ក្នុងរឿងប្រៀបប្រដូចនេះ និងក្នុងបទទំនាយក្នុងកណ្ឌគម្ពីរហាបាគុក អាចឆ្លុះបញ្ចាំងអំពីជីវិតរបស់យើងម្នាក់ៗយ៉ាងងាយស្រួល ។ យើងរកឃើញថា ការរស់នៅតាមប្រាជ្ញា និងការប្រឹងប្រែងរបស់មនុស្ស ពិតជាមានភាពងាយស្រួលជាងការជឿព្រះ ។ និស្ស័យសាច់ឈាមយើងធ្វើឲ្យយើងអួតបំប៉ោងខ្លួនឯង មិនមែនឲ្យបន្ទាបខ្លួន នៅចំពោះឈើឆ្កាងនោះទេ ។ ពេលណាយើងទទួលរងផលវិបាក ដោយសារយើងលើកដំកើងខ្លួនឯង ជាជាងលើកដំកើងព្រះ យើងចាំបាច់ត្រូវចាំថា ចិត្តដែលបន្ទាបចុះ កើតចេញពីការយល់ដឹងថា ព្រះទ្រង់ជានរណា :
សូមថ្វាយបង្គំព្រះពេញដោយសិរីល្អគ្រប់យ៉ាង នៅស្ថានដ៏ខ្ពស់
សូមច្រៀងសរសើរអំពីព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយចិត្តកតញ្ញូគុណ
ព្រះអង្គជាខែលការពារយើង ជាព្រះដ៏មានព្រះជន្មពីចាស់បុរាណ
ព្រះអង្គមានពេញដោយសិរីល្អ ដែលគួរឲ្យសរសើរដំកើង ។57
ចូរយើងច្រៀងសរសើរអំពីភាពធំប្រសើររបស់ព្រះអង្គជាជាងអួតអំពីខ្លួនឯង ចូររស់នៅដើម្បីសរសើរដំកើងព្រះអង្គ ជាជាងសរសើរខ្លួនឯង ហើយអ្នកនឹងបានស្គាល់សេរីភាព និងសន្តិភាពដ៏រុងរឿងនៃជីវិត ដែលមានជំនឿបន្ទាបខ្លួន លើព្រះដែលស្រឡាញ់អ្នក អត់ទោស និងសង្គ្រោះអ្នក ។
ខគម្ពីរជញ្ជឹងគិត៖ រ៉ូម ១:១-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១០-១២ និង កិច្ចការ ១០:២៤-៤៨
ប្រភេទ
អត្ថបទថ្មីៗ
មើលទាំងអស់ →
គ្រាន់តែជាស្រមោល ដែលគ្មានអំណាច
July 13, 2026
«សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ» ។ «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរ…

ព្រះ លោក គេឌាន និងសិរីល្អរបស់ព្រះអង្គ
July 12, 2026
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅគេឌានថា ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់ នឹងឲ្យអញប្រគល់ពួ…

លើកបន្ទុករបស់បាបចេញ
July 11, 2026
«លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមន…