
វិញ្ញាណនៃបុណ្យណូអែល
ដោយDavid C. McCasland
January 31, 2014
អំពើសប្បុរសធម៌ និងសណ្តានចិត្តល្អ ដែលមានការកើនឡើងខ្លាំង ក្នុងខែធ្នូ ច្រើនតែថយទៅវិញយ៉ាងឆាប់រហ័ស បណ្តាលឲ្យមនុស្សជាច្រើននិយាយថា “បើយើងអាចរក្សាវិញ្ញាណនៃបុណ្យណូអែល ឲ្យបានរយៈពេលពេញមួយឆ្នាំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ”។ ហេតុអ្វីបានជា សេចក្តីសប្បុរស និងការអាណិតហាក់ដូចជាឡើងចុះៗ ទៅតាមប្រតិទិនទៅវិញ? តើមានប្រភពដ៏ហូរហៀរនៃសេចក្តីអាណិតអាសូរ ដែលជ្រាលជ្រៅជាងអារម្មណ៍ដ៏កក់ក្តៅនៅថ្ងៃឈប់សម្រាក ដែលកន្លងផុតទៅតាមរដូវកាលឬទេ? គួរឲ្យកត់សំគាល់ណាស់ ដែលនៅក្នុងពីរជំពូកដំបូងនៃព្រះគម្ពីរលូកា មានការលើកឡើងអំពីព្រះវិញ្ញាណបរិសុទ្ធ ចំនួន៧ដង។ បទគម្ពីរនេះបានចែងអំពីព្រះរាជកិច្ច ដែលទ្រង់បានធ្វើក្នុងជីវិតលោកយ៉ូហាន បាទីស្ទ តាំងពីពេលមិនទាន់ចាប់កំណើត(១:១៥) និងក្នុងជីវិតមនុស្សមួយចំនួនទៀត ដូចជានាងម៉ារា(១:៣៥) អេលីសាបិត(១:៤១) លោកសាការី(១:៦៧) និងលោកស៊ីម្មាន(២:២៥-២៧)។ ជាញឹកញាប់ យើងហៅបទគម្ពីរទាំងនេះថា “រឿងបុណ្យណូអែល” ដែលក្នុងនោះ មិនមានការបញ្ជាក់ អំពីមនុស្សដែលស្រាប់តែមានការអ្វីមួយផុសឡើងក្នុងគំនិត ឬមានអារម្មណ៍ថា បានទទួលការបណ្តាលចិត្តដ៏ចម្លែកនោះឡើយ ផ្ទុយទៅវិញ បទគម្ពីរទាំងនេះបានបញ្ជាក់ច្បាស់ថា ព្រះវិញ្ញាណទ្រង់ជាអ្នកដែលដឹកនាំលោកស៊ីម្មានលោកសាការី និងនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណ ហើយនាងម៉ារាមានគត៌ ដោយសារព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត។ តើយើងស្គាល់សម្លេងព្រះវិញ្ញាណ នៅក្នុងចំណោមសម្លេងដទៃទៀតជាច្រើន ដូចពួកគេដែរឬទេ? តើយើងបានដឹងអំពីការបណ្តាលចិត្តរបស់ទ្រង់ ហើយមានចិត្តអន្ទះសារចង់ស្តាប់បង្គាប់ទ្រង់ឬទេ? តើយើងនឹងអនុញ្ញាតឲ្យភាពកក់ក្តៅ និងសេចក្តីស្រឡាញ់របស់ទ្រង់ មានភាពពោរពេញក្នុងចិត្តយើង ហើយបង្ហូរចេញតាមដៃរបស់យើងឬទេ? សព្វថ្ងៃនេះ ព្រះវត្តមាន និងអំណាចចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅជាមួយយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ជាវិញ្ញាណដ៏ពិត និងអស់កល្ប នៃបុណ្យណូអែល ដែលមានរយៈពេលពេញមួយឆ្នាំៗ។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល។-លូកា ១:៣៥