
ថ្នាំព្យាបាលការភ័យខ្លាច
ដោយJoe Stowell
February 19, 2014
នៅក្នុងការថ្លែងសន្ទរកថា នៅក្នុងពិធីទទួលមុខដំណែងជាប្រធានាធិបតីអាមេរិកជាលើដំបូង នៅឆ្នាំ ១៩៣៣ លោកហ្រ្វង់គ្លីន ឌី រូសាវែល(Franklin D. Rooservelt) បានមានប្រសាសន៍ទៅកាន់ប្រជាជាតិមួយ ដែលកំពុងតែនៅមានការភ័យខ្លាចនៅឡើយ ដោយសារមហាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ដោយសង្ឃឹមថា នឹងបានបញ្ឆេះចិត្តប្រជាជនឲ្យមានទស្សនៈវិស្ស័យវិជ្ជមាន ចំពោះវិបត្តិសេដ្ឋកិច្ចនោះ គាត់ក៏បានប្រកាសថា “អ្វីដែលយើងត្រូវខ្លាចនោះ គឺការភ័យខ្លាច!” ជាញឹកញាប់ ការភ័យខ្លាចកើតមាននៅក្នុងជីវិតរបស់យើង ពេលដែលយើងហៀបនឹងបាត់បង់អ្វីមួយ ដូចជា ទ្រព្យសម្បត្តិ សុខភាព កិត្តិយស មុខដំណែង សន្តិសុខ គ្រួសារ ឬមិត្តភ័ក្ររបស់យើង។ កាលណាយើងមានការភ័យខ្លាច នោះមានន័យថា យើងកំពុងប៉ងប្រាថ្នាចង់ការពារការអ្វី ដែលមានសារៈសំខាន់ នៅក្នុងជីវិតយើង ជាជាងថ្វាយការទាំងនោះដល់ព្រះ ដោយជំនឿ ដើម្បីឲ្យទ្រង់មើលថែរ និងគ្រប់គ្រង។ ពេលការភ័យខ្លាចគ្រប់គ្រងយើងហើយ វាធ្វើឲ្យយើងពិការខាងផ្លូវអារម្មណ៍ ហើយធ្វើឲ្យវិញ្ញាណរបស់យើងទន់ខ្សោយបន្តិចម្តងៗ។ យើងមិនហ៊ានប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ ឬមិនហ៊ានលះបង់ជីវិត និងធនធាន ដើម្បីប្រយោជន៍អ្នកដទៃ ឬមួយយើងមិនហ៊ានធ្វើដំណើរចូលទៅក្នុងទឹកដីថ្មីជាដើម។ វិញ្ញាណដែលមានការភ័យខ្លាច កាន់តែងាយនឹងទទួលរងគ្រោះ ពីពួកខ្មាំងសត្រូវ ដែលល្បួងយើង ឲ្យងាកចេញពីការបង្រៀននៃព្រះគម្ពីរ ហើយដោះស្រាយបញ្ហា ដោយចិត្តឯង។ ជាការពិតណាស់ ដើម្បីបំបាត់ការភ័យខ្លាច យើងត្រូវទុកចិត្តព្រះអទិកររបស់យើង។ ទាល់តែយើងមានការជឿជាក់ លើភាពពិត នៃព្រះវត្តមាន អំណាច ការការពារ និងការផ្គត់ផ្គង់របស់ព្រះ ដែលមានសម្រាប់ជីវិតយើង ទើបយើងអាចមានសេចក្តីអំណរ ដូចអ្នកនិព្ធបទទំនុកតម្កើង ដែលបានពោលថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ ”(ទំនុកតម្កើង ៣៤:៤)។-Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ។-ទំនុកតម្កើង ៣៤:៤