
ការត្រាស់ហៅឲ្យប្តេជ្ញាចិត្ត
ដោយDavid C. McCasland
April 26, 2014
មានក្លឹបសុខភាព និងក្លិបហាត់ប្រាណជាច្រើន បានរំពឹងថានឹងមានមនុស្សយ៉ាងច្រើនជោរជន់ មកចូលរួមក្នុងខែមេសា ទោះពួកគេមកចូលរួមតែពីរបីដងក៏ ដោយ។ ទោះជាអ្នកទាំងនោះគ្រាន់តែបង់ប្រាក់ ហើយឈប់ត្រឡប់មកវិញក៏ដោយ ក៏ម្ចាស់ក្លឹបទាំងនោះមិនខ្វល់ដែរ។ ប៉ុន្តែ គ្រូបង្វិកឈ្មោះចេស៊ី ចូន(Jesse Jones) បានប្រើវិធីសាស្រ្តផ្ទុយពីនេះ។ ប្រសិនបើអ្នកចុះឈ្មោះហើយ តែមិនឃើញមកហាត់ប្រាណទៀតទេ គាត់នឹងលប់ឈ្មោះអ្នកចេញជាមិនខាន។ លោកចូនមានប្រសាសន៍ថា “សូមសន្សំលុយរបស់អ្នក។ ពីរបីខែក្រោយមកទៀត ពេលដែលអ្នកដឹងច្បាស់ថា ខ្លួនចង់ហាត់ប្រាណ សូមមកជួបខ្ញុំចុះ។ គោលបំណងជាចម្បងរបស់ខ្ញុំ គឺមិនមែនចង់បានថ្លៃឈ្នួល ដែលអ្នកបង់សម្រាប់រយៈពេលបីខែនោះទេ...តែយើងចង់ឲ្យអ្នកមានការទទួលខុសត្រូវ ក្នុងការឈានទៅដល់គោលដៅ”។ ក្នុងបទគម្ពីរលូកា ៩:៥៧-៦២ យើងឃើញថា មានមនុស្សបីនាក់ទូលព្រះយេស៊ូវថា ពួកគេចង់ដើរតាមទ្រង់ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលតប ដោយពាក្យធ្ងន់ៗថា “កូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ”(ខ.៥៨)។ “ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ”(ខ.៦០)។ “អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ”(ខ.៦២)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបញ្ជាក់ដល់ពួកគេម្នាក់ៗថា ដើម្បីក្លាយជាសិស្សព្រះយេស៊ូវយើងត្រូវតែមានការលះបង់ និងការប្តេជ្ញាចិត្ត។ មានបុរសម្នាក់ដែលខ្ញុំបានកោតសរសើរថា គាត់ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមានការប្តូរប្តេជ្ញ និងងាយឆ្លើយតបចំពោះព្រះ។ គាត់បានមានប្រសាសន៍ថា គ្រីស្ទបរិស័ទចាំបាច់ត្រូវ “ត្រៀមខ្លួនធ្វើការប្តេជ្ញាចិត្ត និងកែប្រែ”។ ព្រះអម្ចាស់មិនគ្រាន់តែបានត្រាស់ហៅយើង ឲ្យមានការផ្លាស់ប្រែប៉ុណ្ណោះទេ តែថែមទាំងបានឲ្យយើងរាប់ការត្រាសហៅនោះ ជាសំខាន់ ដោយដើរតាមទ្រង់។ _David McCasland
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាយបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។-លូកា ៩:៦២