
ម៉ាស៊ីនកញ្ចាស់ ដែលដើរដោយកម្លាំងខ្យល់
ដោយDavid H. Roper
May 13, 2014
មានបុរសម្នាក់បានធំធាត់ឡើង ក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ក្នុងរដ្ឋតិចសាស់។ គាត់បានប្រាប់យើង អំពីម៉ាស៊ីនកញ្ចាស់មួយ ដែលដើរដោយកំលាំងទាញនៃកង្ហាខ្យល់មួយគ្រឿង ដែលស្ថិតនៅក្បែរក្រោលសត្វរបស់គ្រួសារគាត់ ហើយវាបានបូមទឹក សម្រាប់ផ្គត់ផ្គង់កសិដ្ឋានរបស់ពួកគេ។ វាបានក្លាយជាប្រភពទឹកតែមួយគត់ ដែលពួកគេមាន នៅក្នុងចម្ងាយផ្លូវជាច្រើនគីឡូមែត្រ។ នៅពេលមានខ្យល់បក់មកខ្លាំង ម៉ាស៊ីននោះដំណើរការបានស្រួល ប៉ុន្តែ បើសិនជាមានខ្យល់បក់តិចៗ ម៉ាស៊ីននោះមិនដើរទាល់តែសោះ។ គេចាំបាប់ត្រូវបង្វែរកង្វាខ្យល់នោះ ដោយដៃ រហូតទាល់តែវាបែរចំទិសខ្យល់ ទើបវាអាចបូមទឹកចេញមកក្រៅ សម្រាប់ផ្គត់ផ្គង់កសិដ្ឋាន។ ក្រោមមក ខ្ញុំក៏បាននឹកឃើញរឿងនេះ ពេលខ្ញុំជួបប្រជុំជាមួយបណ្តាគ្រូគង្វាល ដែលមកពីពួកជំនុំតូចៗ នៅតំបន់ដាច់ស្រយាល។ មានពួកគេជាច្រើននាក់ មានអារម្មណ៍ថា នៅដាច់ឆ្ងាយពីគេ ហើយមិនបានទទួលការផ្គត់ផ្គង់ មាន ន័យថា ពួកគេជាអ្នកមើលថែរហ្វូងចៀមរបស់ព្រះ តែហាក់ដូចជាគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះពួកគេសោះ។ ហេតុនេះហើយ ពួកគេក៏ប្រែជាខ្សោះល្វើយ ហើយខំប្រវេប្រវា ដើម្បីផ្តល់ទឹកនៃជីវិត ដល់ហ្វូងចៀមរបស់ខ្លួន។ ដូចនេះ ខ្ញុំក៏បានចែកចាយដល់ពួកគេ អំពីរឿងម៉ាស៊ីនចំណាស់ ដែលដើរដោយកម្លាំងកង្ហាខ្យល់នោះ ដែលប្រៀបបាននឹងការដែលយើងចាំបាច់ ត្រូវទទួលការកែតម្រង់ជារៀងរាល់ថ្ងៃ ដោយមានបំណង ចង់បែរទៅរកព្រះ និងព្រះបន្ទូលទ្រង់ ហើយផឹកទឹកទ្រង់ឲ្យឆ្អែត ដ្បិតទ្រង់ជាប្រភពទឹកដ៏រស់។ មិនមែនមានតែគ្រូគង្វាលទាំងនោះទេ ដែលបានជួបប្រទះរឿងនេះ យើងរាល់គ្នាក៏សុទ្ធតែជួបប្រទះរឿងនេះផងដែរ។ ការបម្រើព្រះត្រូវចាប់ផ្តើមធ្វើឡើង ផុសចេញពីក្នុងចិត្តយើងទៅ។ ព្រះយេស៊ូវមានបន្ទូលថា អ្នកណាដែលជឿទ្រង់ ទន្លេទឹករស់នឹងហូរចេញពីចិត្តរបស់អ្នកនោះ”(យ៉ូហាន ៧:៣៨)។ មានន័យថា ពេលណាព្រះមានបន្ទូលចូលដល់ទីជម្រៅចិត្តរបស់យើង នោះយើងអាចប៉ះពាល់ជីវិតរបស់អ្នកដទៃបាន។ ដើម្បីធ្វើឱ្យជីវិតរបស់អ្នកដទៃមានភាពស្រស់ថ្លា ចូរយើងងាកទៅរកប្រភពនៃជីវិត ឲ្យបានទៀតទាត់។ —David Roper
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលជឿ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួន មកដូចជាគម្ពីរសម្តែងហើយ។-យ៉ូហាន ៧:៣៨