
ការត្រៀមខ្លួនសម្រាប់ ការដែលពិតជានឹងកើតឡើង
ដោយJoe Stowell
May 19, 2014
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ មានមនុស្សពីរបីនាក់បានថ្លែងទំនាយ អំពីការយាងមកវិញនៃព្រះយេស៊ូវ ក្នុងថ្ងៃខែដ៏ជាក់លាក់។ ពីរបីឆ្នាំមុន គ្រូអធិប្បាយតាមវិទ្យុនៅសហរដ្ឋអាមេរិច បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការថ្លែងទំនាយរបស់គាត់ ដែលបានថា ព្រះយេស៊ូវនឹងយាងមក ក្នុងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១១។ អ្នកដែលយល់ព្រះបន្ទូលច្បាស់ បានដឹងថា ការថ្លែងទំនាយនេះមិនមានភាពត្រឹមត្រូវឡើយ ពីព្រោះព្រះយេស៊ូវបានមានបន្ទូល ដោយព្រះអង្គទ្រង់ផ្ទាល់ថា ទ្រង់នឹងយាងមក “នៅពេលម៉ោងណាដែលយើងមិនដឹង” (លូកា ១២:៤០)។ ប៉ុន្តែ ខ្ញុំបានទទួលស្គាល់ថា ការថ្លែងទំនាយនេះពិតជាបានពញ្ញាក់អារម្មណ៍របស់ខ្ញុំមែន។ ជារឿយៗ ខ្ញុំតែងតែជាប់ខ្លួន នៅក្នុងភាពមមាញឹកនៃជីវិត បានជាខ្ញុំរស់នៅ ដោយហាក់ដូចជាកំពុងតែយល់ថា ព្រះយេស៊ូវនឹងយាងមកវិញ នៅក្នុងពេលដ៏យូរខាងមុខ។ ខ្ញុំបានភ្លេចហើយថា ព្រះយេស៊ូវអាចយាងមកវិញជាឆាប់។ ការថ្លែងទំនាយ របស់គ្រូអធិប្បាយនោះ ពិតជាខុសមែន តែវាបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃការត្រៀមខ្លួន សម្រាប់ការយាងមកវិញរបស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយវាបានធ្វើឲ្យខ្ញុំមានចិត្តរំភើបរីករាយឡើងវិញ ដោយដឹងថា ទ្រង់អាចយាងមកនៅថ្ងៃណាក៏បាន ឬអាចយាងមកនៅថ្ងៃនេះផង។ ជួនកាល ពេលយើងគិតអំពីការប្រុងប្រៀបខ្លួន សម្រាប់ការយាងមករបស់ព្រះយេស៊ូវ យើងក៏បានគិតផងដែរ អំពីការអ្វីខ្លះដែលយើងមិនត្រូវធ្វើ។ ប៉ុន្តែ ការប្រុងប្រៀបខ្លួនគឺរាប់បញ្ចូលការសម្អាតខ្លួនជាបរិសុទ្ធ និងការផ្លាស់ប្រែឱ្យកាន់តែដូចព្រះគ្រីស្ទឡើង ដើម្បីឲ្យទ្រង់គាប់ព្រះទ័យនឹងយើង ពេលទ្រង់យាងត្រឡប់មករកយើង(១យ៉ូហាន ៣:២-៣)។ ព្រះយេស៊ូវបានបង្រៀនថា ការត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ទ្រង់ គឺតម្រូវឲ្យយើងរស់នៅ តាមបំណងព្រះទ័យនៃព្រះអម្ចាស់យើង នៅពេលឥឡូវនេះ(លូកា ១២:៤៧)។ ពេលយើងដឹងថា ទ្រង់ពិតជានឹងយាងមកជាឆាប់ នោះយើងនឹងប្រុងប្រៀបខ្លួន? —Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ ចូរអ្នករាល់គ្នាបំរុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមក នៅវេលាដែលអ្នករាល់គ្នាមិនគិត។-លូកា ១២:៤០