
សត្វក្ងោក និងពូជរបស់វា
ដោយDavid H. Roper
June 11, 2014
សត្វក្ងោកឈ្មោល មានសម្រស់ដ៏គួរឲ្យទាក់ទាញ ព្រោះរោមវាមានភាពភ្លឺផ្លេក ដែលគេមើលឃើញខៀវ និងពណ៌បៃតងឆ្លុះគ្នាចុះឡើងៗ ហើយសំណុំកន្ទុយដ៏ធំវែងរបស់វា មានត្រានៅចុងរោមកន្ទុយទាំងអស់ ដែលមានរាងដូចភ្នែកដែលមានពណ៌មាស ក្រហម និងខៀវជារង្វង់ជាច្រើនជាន់។ ពពួកសត្វនេះ គឺពិតជាបក្សីដ៏ស្រស់ស្អាត តែជើងរបស់វាបែរជាអាក្រក់មើលទៅវិញ។ តាមពិត មនុស្សយើងភាគច្រើន មានរូបកាយមិនគ្រប់គ្រាន់ នៅត្រង់ចំណុចណាមួយ។ ការខ្វះខាតនោះអាចជាអ្វីដែលយើងមានពីកំណើត ឬវាទើបតែកើតមានចំពោះយើង ក្នុងពេលថ្មីៗនេះ។ សាវ័កប៉ុលបានហៅការខ្វះខាតរបស់ខ្លួនថា “បន្លានៅក្នុងសាច់” ដែលបានធ្វើឲ្យគាត់ប្រកាន់យកនូវការបន្ទាបខ្លួន(១កូរិនថូស ១២:៧-៩)។ គាត់បានទូលអង្វរព្រះអម្ចាស់បីដង ដើម្បីសូមឲ្យទ្រង់ដកយកបន្លានោះចេញ ព្រោះគាត់ប្រហែលជាយល់ថា ខ្លួនអាចបម្រើទ្រង់បានកាន់តែប្រសើរឡើង ប្រសិនបើគ្មានបន្លានោះនៅក្នុងសាច់ទេ។ តែព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់ដល់គាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”។ សាវ័កប៉ុលក៏បានតបថា “ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ”។ នៅក្នុងជំនឿលើព្រះ យើងមិនគួរមានការយល់ច្រឡំឡើយ ព្រោះជាញឹកញាប់ ទ្រង់ជ្រើសរើសយើង ឲ្យបំពេញកិច្ចការដ៏សំខាន់បំផុតរបស់ទ្រង់ ទោះបីជា យើងមានភាពមិនគ្រប់លក្ខណ៌ក៏ដោយ ពោលគឺមិនមែនដោយសារយើង មានសមត្ថភាពនិយាយ មានរូបសម្បត្តិល្អ ឬមាន កាយសម្បទារឹងមាំ សម្រាប់បំពេញកិច្ចការរបស់ទ្រង់នោះឡើយ។ លោកហាត់សិន ថេល័រ(Hudson Taylor) ដែលជាបេសកជន បានមានប្រសាសន៍ថា “ព្រះទ្រង់កំពុងស្វែងរកអ្នក ដែលមានភាពកម្សោយល្មមនឹងឲ្យទ្រង់ប្រើ ហើយទ្រង់បានរកឃើញអ្នក និងខ្ញុំ!” ពេលយើងរកឃើញកម្លាំងនៅក្នុងទ្រង់ នោះទ្រង់អាចប្រើយើង តាមរបៀបដែលយើងមិនដែលនឹកស្មានដល់(ខ.៩)។-David Ropers
បទគម្ពីរប្រចាំថ្ងៃ
កំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ។-២កូរិនថូស ១២:៩