
ការបាត់ និងការរកឃើញ
ដោយDennis Fisher
June 16, 2014
ថ្មីៗនេះ ខ្ញុំបានបាត់កាតក្រេឌីត ហើយរកវាមិនឃើញ សោះ។ ខ្ញុំក៏ចាប់ផ្តើមខំខ្នះខ្នែងរកវា ព្រោះការបាត់កាតក្រេឌីតមិនមែនជាបញ្ហាតូចឡើយ។ ការបង់ប្រាក់ និងការទិញទំនិញជាប្រចាំថ្ងៃត្រូវអាក់ខាន បើខ្ញុំមិនទាន់អាចរកបានកាតក្រេឌីតថ្មីទេនោះ។ ជាងនេះទៅទៀត បើមាននរណាម្នាក់រើសបានកាតនោះ ហើយប្រើវា ដើម្បីចាយវាយតាមអំពើចិត្ត ខ្ញុំនឹងត្រូវបាត់បង់ប្រាក់ ក្នុងកុងធនាគារបស់ខ្ញុំជាមិនខាន។ តែខ្ញុំមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំង ពេលភរិយារបស់ខ្ញុំបានរកឃើញវា នៅក្រោមតុកំព្យូទ័រ។ ក្នុងបទគម្ពីរ ១៥:៨-១០ ព្រះគ្រីស្ទបានមានបន្ទូលអំពីរឿងបាត់ប្រាក់ដួងដ៏មានតម្លៃមួយ ដែលស្មើនឹងប្រាក់ឈ្នួលមួយថ្ងៃ។ ស្រ្តីដែលបានបាត់ប្រាក់ដួងនោះ មានការបារម្ភយ៉ាងខ្លាំង នៅក្នុងការស្វែងរកវា បានជានាងអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាស់តែបានឃើញ។ កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ នាងថា “សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ”(ខ.៩)។ បន្ទាប់មក ព្រះយេស៊ូវបានពន្យល់ អំពីអត្ថន័យរបស់រឿងនេះថា “ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ(ខ.១០)។” មនុស្សមានតម្លៃដ៏មហិមាចំពោះព្រះ។ អ្នកដែលមិនស្គាល់ទ្រង់ គឺជាមនុស្សបាត់បង់ ក្នុងអំពើបាបរបស់ខ្លួន។ ព្រះយេស៊ូវទ្រង់បានបង់ថ្លៃម្តងជាសម្រេច ដើម្បីលោះបាបពួកគេ ដោយសុគតនៅលើឈើឆ្កាង។ តើអ្នកដឹងថា មាននរណាខ្លះ ជាមនុស្សបាត់បង់? ចូរទូលសូមព្រះអម្ចាស់ ឲ្យប្រទានឱកាសផ្សាយដំណឹងល្អ ដល់អ្នកទាំងនោះ ដើម្បីឲ្យពួកគេអាចប្រែចិត្តចេញពីអំពើបាប ហើយឲ្យព្រះដ៏មានគុណនៃយើង រកពួកគេឃើញ។-Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ។-លូកា ១៥:៩