
ពេលដែលមិនត្រូវនិយាយ
ដោយRandy Kilgore
June 21, 2014
ខ្ញុំមានទីលំនៅ ក្នុងតំបន់ញូ អីងគ្លិន(New England) ដែលនៅទីនោះ កីឡាវាយកូនបាល់បេសប៊ល ស្ទើរតែក្លាយជាសាសនា ដែលប្រជាជនបាននាំគ្នាប្រកាន់យកទៅ ហើយ។ ទោះបីជាការជជែកគ្នាអំពីក្រុមកីឡាករបូស្ទុន រេត សក់(Bonston Red Sox) នៅកន្លែងធ្វើការ គឺជាការល្មើសច្បាស់ក៏ដោយ ក៏គេនៅតែមិនអាចហាមឃាត់អ្នកគាំទ្ររបស់ក្រុមកីឡាករនេះបានឡើយ ព្រោះពួកគេស្រឡាញ់ក្រុមកីឡាកររបស់ខ្លួន ខ្លាំងយ៉ាងនេះទៅហើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញសំណួរមួយ ដែលគ្រីស្ទបរិស័ទត្រូវឆ្លើយ។ សំណួរនោះគឺ “តើមានពេលដែលគ្រីស្ទបរិស័ទមិនគួរ និយាយគ្នាអំពីព្រះឬ?” ខ្ញុំយល់ថា មាន។ ពេលយើងប្រឈមមុននឹងការសួរដេញដោល អំពីជំនឿ ដែលត្រូវបានធ្វើឡើង ដោយចិត្តមិនស្មោះត្រង់ ជាញឹកញប់ ការមិនមាត់មិនករ អាចជាការឆ្លើយតបដ៏ល្អបំផុត។ ពេលព្រះយេស៊ូវស្ថិតនៅក្នុងស្ថានភាពតទល់គ្នា ជាមួយលោកកៃផាស ជាដំបូង ទ្រង់បានសម្រេចព្រះទ័យមិនមានបន្ទូលតបឡើយ(ម៉ាថាយ ២៦:៦៣)។ ទ្រង់ជ្រាបថា លោកកៃផាសមិនមានចំណាប់អារម្មណ៍ចំពោះសេចក្តីពិតទេ(ខ.៥៩)។ ពេលយើងមិនដឹងអំពីបំណងដែលអ្នកដទៃមាន ក្នុងការចោទសួរយើង យើងត្រូវតែឆាប់ធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណ នៅក្នុងស្ថានភាពនីមួយៗ ដើម្បីឲ្យយើង “ដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ”(កូល៉ុស ៤:៦)។ ម្យ៉ាងទៀត បើការឆ្លើយសំណួរនោះ ធ្វើឲ្យការសន្ទនាក្លាយជាបែកអូរហូរជាស្ទឹង ហើយប្រធានបទបែកចេញឆ្ងាយពីព្រះគ្រីស្ទ នោះយើងប្រហែលជាត្រូវឆ្អាកការសន្ទនានោះសិន ហើយរង់ចាំសន្ទនាគ្នា នៅថ្ងៃក្រោយទៀត។ តើមានពេលណាទៀត ដែលការមិនមាត់មិនករ អាចជាការឆ្លើយតបដ៏ល្អបំផុត? បើសិនជាការជជែកគ្នាអំពីសេចក្តីជំនឿ ក្នុងពេលធ្វើការ បានធ្វើឲ្យយើង និងមិត្តរួមការងាររបស់យើង មិនអាចបំពេញការងារបានល្អ នោះយើងគួរតែផ្តោតទៅលើការងាររបស់យើងវិញ។ ម្យ៉ាងទៀត បើសិនអ្នកដែលយើងកំពុងជជែកជាមួយអំពីព្រះ បានបង្ហាញនូវការប្រឆាំងឥតឈប់ឈរ នោះយើងប្រហែលជាត្រូវសម្រេចចិត្តឈប់បង្ខំពួកគេទៀត។ សូមចាំថា យើងក៏អាចធ្វើជាស្មរបន្ទាល់នៃព្រះគុណព្រះ ដោយការប្រព្រឹត្តរបស់យើងផងដែរ(១ពេត្រុស ៣:១-២)។-Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា “…បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក”។ -ម៉ាថាយ ២៦:៦៣