
ទោះនៅឆ្ងាយយ៉ាងណា ទោះនៅពេលណាក៏ដោយ
ដោយDavid H. Roper
June 23, 2014
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានទាក់ទងតាមសំបុត្រ ជាមួយគ្រូគង្វាលម្នាក់ នៅប្រទេសនេប៉ាល់។ ជាញឹកញាប់ គាត់បានធ្វើដំណើរជាមួយសមាជិកពួកជំនុំរបស់គាត់ ទៅកាន់សហគមន៍ឆ្ងាយៗ ក្នុងតំបន់ភ្នំហិម៉ាឡៃ ដើម្បីផ្សាយដំណឹងល្អ និងបង្កើតពួកជំនុំ។ ថ្មីៗនេះ គាត់បានផ្ញើសំបុត្រមកខ្ញុំ ដើម្បីប្រាប់អំពីគម្រោងធ្វើដំណើរ នៅសប្តាហ៍ក្រោយ ហើយបានសុំឲ្យខ្ញុំអធិស្ឋានឲ្យគាត់។ តាមកាលវិភាគដ៏មមាញឹករបស់គាត់ ខ្ញុំអាចដឹងថា នៅក្នុងមួយសប្តាហ៍ គាត់មានគម្រោងធ្វើដំណើរ ដោយជិះម៉ូតូ ប្រហែល១៦០គីឡូម៉ែត្រ ទៅកាន់ទីក្រុងមួយចំនួន ដើម្បីផ្សាយដំណឹងល្អ និងចែកខិតប័ណ្ណផ្សាយដំណឹងល្អ។ ខ្ញុំមានចម្ងល់អំពីការធ្វើដំណើរផ្លូវឆ្ងាយ របស់មិត្តភ័ក្រខ្ញុំម្នាក់នេះ ដែលត្រូវកាត់តាមតំបន់ភ្នំ ដូចនេះ ខ្ញុំក៏បានសរសេរសំបុត្រ ដើម្បីសួរគាត់អំពីរបៀបនៃការធ្វើដំណើរនោះ។ គាត់ក៏បានឆ្លើយថា “យើងមានឱកាសដ៏អស្ចារ្យ ដោយបានដើរជាក្រុម ឡើងតាមភ្នំ ជាមួយសមាជិកពួកជំនុំរបស់យើង។ យើងមិនមានម៉ូតូជិះគ្រប់គ្នាទេ … ដូចនេះ យើងបាននាំគ្នាដើរទាំងអស់គ្នា។ នៅពេលនោះ យើងមានពរណាស់។ នៅមានកន្លែងជាច្រើនទៀតដែលយើងត្រូវទៅ។” ការនេះបានរំឭកខ្ញុំ អំពីរបៀបដែល “ព្រះយេស៊ូវ ទ្រង់យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា”(ម៉ាថាយ ៩:៣៥)។ ការនេះក៏បានធ្វើឲ្យខ្ញុំគិតអំពីការស្ទាក់ស្ទើរដែលខ្ញុំមាន នៅក្នុងការបើកឡាន កាត់តាមក្រុង ដែលមានព្រឹលធ្លាក់ ដើម្បីសួរសុខទុក្ខបុរសពោះម៉ាយដ៏ឯកកោម្នាក់ និងនៅក្នុងការដើរ ឆ្លងផ្លូវ ដើម្បីជួយអ្នកជិតខាងម្នាក់ ហើយនៅក្នុងការបើកទ្វារ ឲ្យមិត្តភ័ក្រម្នាក់ដែលកំពុងជួបការខ្វះខាត ពេលខ្ញុំកំពុងជាប់រវល់ ហើយក៏ដូចជានៅក្នុងការធ្វើដំណើរ ដោយមិនខ្វល់ពីពេលវេលា ទីកន្លែង និងចម្ងាយផ្លូវ ដើម្បីសេចក្តីស្រឡាញ់។ ហើយខ្ញុំក៏បានគិតអំពីព្រះអម្ចាស់នៃយើង ដែលសម្រាប់ទ្រង់ គ្មានការធ្វើដំណើរណាដែលវែងឆ្ងាយពេកឡើយ។-David Roper
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា។-ម៉ាថាយ ៩:៣៥