
បានជាស្អាតទាំងស្រុង
ដោយBill Crowder
August 5, 2014
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចែកចាយដល់ខ្ញុំ អំពីសុខទុក្ខរបស់គាត់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជារយៈពេលដែលគាត់ទទួលការព្យាបាលជម្ងឺមហារីក។ ស្នាមញញឹមនៅលើមុខរបស់គាត់បានលេចឡើង ខណៈពេលដែលគាត់បានចែកចាយអំពីដំណឹងល្អ ដែលគាត់ទើបតែបានទទួលពីវេជ្ជបណ្ឌិត។ គាត់បានប្រាប់ខ្ញុំថា នៅក្នុងការពិនិត្យសុខភាព អស់រយៈពេលមួយឆ្នាំនេះ វេជ្ជបណ្ឌិតបានប្រាប់គាត់ថា លទ្ធផលនៃការពិនិត្យបានរកឃើញថា គាត់បានជាស្អាតទាំងស្រុង។ ពាក្យនេះបានលើកទឹកចិត្តគាត់ណាស់។ សម្រាប់មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ពាក្យថា ជាស្អាតទាំងស្រុង គឺមានន័យថា ជម្ងឺដែលបានគំរាមឆក់យកជីវិតគាត់ កាលពីប៉ុន្មានខែមុន ឥឡូវនេះ មិនមាននៅក្នុងខ្លួនគាត់ទៀតទេ។ យើងមានចិត្តត្រេកអរណាស់ ពេលដែលបានដឹងថា គាត់បានជាស្អាតទាំងស្រុងហើយនោះ! បន្ទាប់ពីស្តេចដាវីឌបានប្រព្រឹត្តខុសសីលធម៌ ជាមួយនាងបាតសេបា ទ្រង់ក៏ចង់ឲ្យចិត្តរបស់ទ្រង់ បានជាស្អាតទាំងស្រុង ពីស្នាមប្រឡាក់នៃអំពើបាបផងដែរ បានជាទ្រង់ស្រែកអំពាវរកព្រះថា “ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង”(ទំនុកដំកើង ៥១:១០)។ ព្រះទ្រង់មានដំណឹងល្អមួយសម្រាប់ស្តេចដាវីឌ ក៏ដូចជាសម្រាប់យើងរាល់គ្នា គឺថា ទ្រង់អាចលាងជម្រះអំពើបាបឲ្យយើងបាន។ ពេលយើងត្រូវការការលាងជម្រះ នោះចូរយើងមានសង្ឃឹមឡើង ដ្បិតសាវ័កយ៉ូហានបានបង្រៀនយើងថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ យើងមិនអាចសម្អាតចិត្តរបស់យើង ដោយខ្លួនឯងបានឡើយ មានតែព្រះទេដែលអាចសម្អាតចិត្តយើងបាន។ បើយើងបានលន់តួបាប នៅចំពោះទ្រង់ហើយ ទ្រង់បានសន្យាថា នឹងលាងជម្រះយើងឲ្យស្អាតទាំងស្រុង! –Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិត ទាំងអស់ផង។–១យ៉ូហាន ១:៩