
ភ្នែកសម្រាប់មើល
ដោយJulie Ackerman Link
August 11, 2014
មានពេលមួយខ្ញុំបានទៅធ្វើដំណើរកម្សាន្ត នៅឯប្រទេសអ៊ីស្រាអែល។ ពេលខ្ញុំក្រឡេកមើលទៅទឹកដីសន្យាជាលើកទីមួយ ពីលើភ្នំម៉ូអាប់ ខ្ញុំមិនបានឃើញភាពស្រស់ស្អាត ដូចការរំពឹងទុកឡើយ។ ខណៈពេលខ្ញុំមើលទៅក្រុងយេរីខូ ខ្ញុំក៏បានសួរអ្នកនាំផ្លូវរបស់យើងថា “ពេលដែលប្រជាជនអ៊ីស្រាអែលមកដល់ទឹកដីសន្យា តើពួកគេបានឃើញទិដ្ឋភាពដែលស្រស់ស្អាតខ្លាំងជាងនេះឬ?” កាលនោះ ខ្ញុំគិតថា ទិដ្ឋភាពនៅត្រើយខាងកើត នៃទន្លេយ័រដាន់ មានភាពខុសគ្នាយ៉ាងខ្លាំង ពីត្រើយខាងលិចហើយ។ តែនាងបានឆ្លើយថា “ទេ តំបន់នេះមានទិដ្ឋភាពដូចនេះ អស់រយៈពេលរាប់ពាន់ឆ្នាំហើយ”។ ខ្ញុំក៏រៀបពាក្យសួរម្តងទៀតថា “តើពួកអ៊ីស្រាអែលបានឃើញអ្វីខ្លះ ពេលដែលពួកគេចូលមកដល់តំបន់នេះ?” នាងក៏តបថា “កាលនោះ ពួកគេបានឃើញព្រៃដង្គុំធំជាងគេ ក្នុងវាលរហោស្ថាននៃពិភពលោកទាំងមូល”។ ឥឡូវនេះ ខ្ញុំយល់ហើយ។ ខ្ញុំបានធ្វើដំណើរកម្សាន្តតាមឡានក្រុងដែលមានម៉ាស៊ីនត្រជាក់ដ៏ទំនើប កាត់តាមវាលរហោស្ថាន ហើយមានដបទឹកត្រជាក់ដាក់តាមខ្លួន។ ដូចនេះ សម្រាប់ខ្ញុំ ព្រៃដង្គុំគ្មានអ្វីអស្ចារ្យទេ។ តែជនជាតិអ៊ីស្រាអែលបានវិលវល់ ក្នុងវាលរហោស្ថាន ដ៏ក្តៅហួតហែង អស់រាប់សិបឆ្នាំ។ សម្រាប់ពួកគេ ដើមឈើតូចៗដុះរង្វើលៗ ដែលពួកគេមើលឃើញពីចម្ងាយ គឺជាប្រភពទឹកដែលនាំមកនូវភាពស្រស់ស្រាយ និងការទ្រទ្រង់ជីវិត។ កាលនោះពួកគេកំពុងតែក្រៀមក្រោះ តែពេលនេះខ្ញុំកំពុងតែមានភាពស្រស់ស្រាយ។ ពួកគេកំពុងខ្សោះល្វើយ តែខ្ញុំកំពុងតែស្រណុកស្រួល។ ពួកគេបានចំណាយពេលរង់ចាំ អស់៤០ឆ្នាំ ទំរាំតែបានចូលទឹកដីសន្យា តែខ្ញុំបានចំណាយពេលតែ៤ម៉ោងប៉ុណ្ណោះ។ យើងអាចរកឃើញ សេចក្តីសប្បុរសរបស់ព្រះ នៅកន្លែងដែលស្ងួតហួតហែង និងមានការពិបាក គឺមិនខុសពីការដែលយើងអាចរកឃើញទឹក នៅក្នុងព្រៃរបោះក្នុងវាលរហោស្ថានឡើយ។ តើមានពេលប៉ុន្មានដងហើយ ដែលយើងមិនបានឃើញសេចក្តីសប្បុររបស់ទ្រង់ ពេលដែលយើងមានភាពស្រណុកស្រួលនោះ? ជួនកាល យើងអាចមើលឃើញអំណោយរបស់ព្រះកាន់តែច្បាស់ ពេលដែលយើង មានការអស់កម្លាំង និងស្រេកទឹក។ សូមឲ្យព្រលឹងយើងស្រេករកទ្រង់ជានិច្ចចុះ(ទំនុកដំកើង ១៤៣:៦)។–Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួតហែងស្រេករកទឹក។–ទំនុកដំកើង ១៤៣:៦