
ផ្តួលរំលំជញ្ជាំងនោះ!
ដោយCindy Hesskasper
August 13, 2014
សម្រាប់ប្រជាជនដែលបានរស់នៅ ក្នុងប្រទេសអាឡឺម៉ង់ខាងកើត កាលពីជាង៥០ឆ្នាំមុន ពាក្យ “ជញ្ជាំង” គឺជាពាក្យពីម៉ាត់ ដែលអាចពិពណ៌នាអំពីរបាំងបេតុង ដែលគេបានសាងសង់នៅថ្ងៃ ១៣ ខែសីហា ឆ្នាំ ១៩៦១ ដើម្បីពុះខណ្ឌប្រទេសអាឡឺម៉ងខាងកើត និងអាឡឺម៉ង់ខាងលិច។ ក្រោយមក គេបានសង់បន្ថែមពីលើជញ្ជាំងនោះ ដែលធ្វើឲ្យគេស្ទើរតែមិនអាចឆ្លងកាត់បាន ដោយសារមានបន្លាលួស និងទាហានចាំការពារ។ ប៉ុន្តែ ក្នុងឆ្នាំ ១៩៨៩ គេក៏បានរំលំជញ្ជាំងនោះ ហើយក៏លែងមានរបាំងអ្វីមកពុះចែកប្រទេសទាំងពីរទៀតហើយ។ យ៉ាងណាមិញ នៅមានជញ្ជាំងមួយប្រភេទទៀត ដែលយើងត្រូវដកចេញផងដែរ គឺជញ្ជាំងពុះខណ្ឌឲ្យមនុស្ស ជាតិ ដាច់ចេញពីព្រះ។ ជញ្ជាំងនោះត្រូវបានសាងសង់ នៅក្នុងសួនច្បារអេដែន ពេលដែលបុរសម្នាក់ និងស្រ្តីម្នាក់ បានធ្វើការបះបោរដំបូងបំផុត ទាស់ប្រឆាំងនឹងព្រះ(លោកុប្បត្តិ ៣)។ ហើយមនុស្សយើងក៏បានបន្តការបះបោរនេះ ចាប់តាំងពីពេលនោះមក។ តើអ្នកអាចស្រមៃថា ជញ្ជាំងនោះមានសណ្ឋានដូចម្តេចខ្លះ? បទគម្ពីរអេសាយ ៥៩:២ បានចែងថា “គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នា បានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ”។ ទោះជាយ៉ាងណាក៏ដោយ ការសុគ និងការមានព្រះជន្មរស់ឡើងវិញ នៃព្រះយេស៊ូវ បានធ្វើឲ្យយើងអាចផ្សះផ្សាជាមួយព្រះបាន(២កូរិនថូស ៥:១៧-២១)។ ព្រះយេស៊ូវបានលះបង់ព្រះជន្មជាដង្វាយលោះបាបយើង ដើម្បីរំលំជញ្ជាំងនោះហើយ ដូចនេះយើងអាចផ្សះផ្សានឹងព្រះ ដោយទទួលជឿទ្រង់។ ការសុគតរបស់ព្រះគ្រីស្ទក៏បានផ្តួលរំលំជញ្ជាំងដទៃទៀត ដែលបានពុះខណ្ឌរវាងសាសន៍យូដា និងសាសន៍ដទៃ រវាងពួកទាសករ និងពួកមានសេរីភាព ហើយរវាងបុរសនិងស្ត្រី(កាឡាទី ៣:២៨)។ ចូរកុំបណ្តោយឲ្យ “ជញ្ជាំង” នៃការស្ទាក់ស្ទើររបស់អ្នក រារាំងមិនឲ្យអ្នកទទួលអំណោយទាននៃសេចក្តីសង្រ្គោះពីព្រះឡើយ។–Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ។–រ៉ូម ៥:១-២