
ក្តីសង្ឃឹម និងក្តីសុបិន្ត
ដោយDavid C. McCasland
August 15, 2014
ក្នុងឆ្នាំ១៩៦០ សិស្សទាំងអស់ក្នុងវិទ្យាល័យដែលខ្ញុំរៀន បានចូលរួមក្នុងគម្រោងទេពកោសល្យមួយ។ គេបានឲ្យយើងចំណាយពេលប្រលងជាច្រើនថ្ងៃ ដើម្បីស្ទង់មើលសមត្ថភាពរបស់យើង ក្នុងមុខវិជ្ជាដែលយើងរៀននៅវិទ្យាល័យ។ លើសពីនេះទៅទៀត គេបានឲ្យយើងបង្ហាញពីផែនការ សេចក្តីសង្ឃឹម និងក្តីស្រមៃដែលយើងមានសម្រាប់ពេលអនាគត។ តែកាលនោះ យើងមិនបានដឹងទេថា មានសិស្ស ៤សែននាក់ ដែលមកពី១៣០០វិទ្យាល័យ បានចូលរួមក្នុងកម្មវិធីសិក្សាដ៏ធំបំផុតមួយនេះ ដែលមិនធ្លាប់មានពីមុនមក នៅសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ គ្មានសិស្សណាម្នាក់អាចមើលដឹងជាមុន ថាជីវិតរបស់ខ្លួន នឹងទៅជាយ៉ាងណា នៅពេលអនាគតឡើយ។ យ៉ាងណាមិញ លោកសូល ដែលជាអ្នកស្រុកតើសុស ក៏មិនបានដឹងជាមុនថា ជីវិតគាត់នឹងទៅជាយ៉ាងណាដែរ។ កាលគាត់នៅជាយុវជន គោលដៅរបស់គាត់ គឺបំផ្លាញពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ(កិច្ចការ ៧:៥៨-៨:៣ កាឡាទី ១:១៣)។ តែក្រោយមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ហើយគាត់ក៏ក្លាយជាសាវ័កប៉ុល ដោយគាត់មានបេសកកម្មបង្កើតពួកជំនុំ ឲ្យមានចំនួនកាន់តែច្រើនជាពហុគុណវិញ។ នៅពេលដែលសាវ័កប៉ុលធ្វើដំណើរ ទៅទីក្រុងយេរ៉ូសាឡឹម គាត់ត្រូវប្រឈមមុខនឹងការចាប់ខ្លួនដាក់គុក និងទុក្ខលំបាកជាច្រើន តែគាត់បានមានប្រសាសន៍ថា “ខ្ញុំមិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការដែលខ្ញុំទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ” (កិច្ចការ ២០:២៤)។ នៅពេលគោលដៅនៃជីវិតរបស់យើង គឺជាការថ្វាយសិរីល្អដល់ព្រះមានព្រះអម្ចាស់ នោះទ្រង់នឹងដឹកនាំ ហើយការពារយើងគ្រប់ជំហ៊ានទាំងអស់ នៃដំណើរជីវិតរបស់យើង។ ពេលដែលយើងថ្វាយក្តីសង្ឃឹម និងក្តីស្រម៉ៃរបស់យើងក្នុងព្រះហស្តព្រះ នោះអ្វីៗគ្រប់យ៉ាង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ មិនថាតែបរាជ័យ ឬជ័យជម្នះឡើយ។–David McCasland
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំក៏មិនរាប់ជីវិតនេះទុកជាវិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួល អំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ។–កិច្ចការ ២០:២៤