
គេកំពុងមើលយើង
ដោយBill Crowder
August 17, 2014
មានក្រុមបាល់ទាត់អាជីពមួយ បានជួបរដូវកាលដ៏អាក្រក់ ដោយប្រកួតចាញ់ពីរបីសប្តាហ៍ជាប់ៗគ្នា។ អ្នកយកពត៌មានបានសួរកីឡាករម្នាក់ ដែលនៅក្នុងក្រុមនោះថា “តើមានអ្វីជម្រុញចិត្តលោក ឲ្យនៅតែបន្តខំប្រឹងប្រកួតយ៉ាងអស់ពីសមត្ថភាព ទោះបីជាក្រុមរបស់លោកបានចាញ់ ស្ទើរតែគ្រប់ការប្រកួតយ៉ាងដូចនេះ”។ គាត់បានឆ្លើយថា “ឪពុកម្តាយរបស់ខ្ញុំបានមកទស្សនាការប្រកួតរបស់ខ្ញុំ ដូចនេះ អ្នកត្រូវដឹងថា ខ្ញុំត្រូវតែខិតខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព!” គាត់បានទទួលស្គាល់ នៅក្នុងការប្រកួត គឺមានអ្វីដែលសំខាន់ជាងការខំយកឈ្នះចាញ់។ មានមនុស្សជាច្រើនកំពុងទស្សនាការប្រកួតរបស់គាត់ ហេតុនេះហើយ បានជាគាត់មានទឹកចិត្តប្រកួតឲ្យបានល្អបំផុត។ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូល អំពីសេចក្តីពិតដូចគ្នានេះ នៅក្នុងផ្នែកដំបូង នៃសេចក្តីបង្រៀននៅលើភ្នំ។ យើងគួរតែរស់នៅ ដោយទទួលស្គាល់ថា មនុស្សដែលនៅជុំវិញខ្លួនយើង កំពុងតែសង្កេតមើលអ្វីដែលយើងធ្វើ ដូចនេះ គេក៏អាចស្គាល់ព្រះរបស់យើង តាមរយៈទីបន្ទាល់នៃការរស់នៅរបស់យើងផងដែរ។ ហេតុនេះហើយ បានជាព្រះយេស៊ូវមានបន្ទូលថា “ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ តើយើងត្រូវឲ្យពន្លឺនៃជីវិតយើងបានភ្លឺឡើង ដោយរបៀបណាខ្លះ? គឺដោយបង្ហាញឲ្យគេស្គាល់ព្រះទ័យ និងបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទ នៅក្នុងស្ថានភាព ដែលយើងជួបប្រទះ ក្នុងជីវិតជាប្រចាំថ្ងៃ។ ដោយបង្ហាញចេញនូវចិត្តក្តួលអាណិត ដូចដែលទ្រង់បានធ្វើ ចំពោះអ្នកដែលកំសត់ទុរគត ឬអ្នកដែលសង្គមបោះបង់ចោល។ ហើយយកចិត្តទុកដាក់ ចំពោះការថ្វាយព្រះកិត្តិនាម និងសិរីល្អដល់ព្រះវរបិតា។ មនុស្សម្នាកំពុងតែមើលយើង។ សំណួរនោះគឺ តើពួកគេឃើញអ្វីខ្លះ តាមរយៈជីវិតយើង? —Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្តរួចសរសើរដំកើងដល់ព្រះវរបិតា នៃអ្នករាល់គ្នា ដែលគង់នៅ ស្ថានសួគ៌។ –ម៉ាថាយ ៥:១៦