
ទាល់តែអ្នកបានឆ្អែត
ដោយDavid C. McCasland
August 29, 2014
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលរស់នៅក្នុងប្រទេសសឹង្ហបូរី បានប្រាប់ខ្ញុំ អំពីរបៀបសួរសុខទុក្ខគ្នា ដែលជនជាតិចិនធ្លាប់មានកាលពីសម័យមុន។ ពួកគេមិនបានសួរគ្នាថា “តើអ្នកសុខសប្បាយជាទេ?”ឡើយ ផ្ទុយទៅវិញពួកគេសួរគ្នាថា “តើអ្នកបានញ៉ាំបាយឆ្អែតឬទេ?” ការសួរសុខទុក្ខគ្នា បែបនេះ ទំនងជាកើតមាន ក្នុងសម័យដែលមានការខ្វះខាតអាហារ ដែលក្នុងនោះ មនុស្សជាច្រើនមិនដឹងថា ពេលណាពួកគេអាចមានអាហារបរិភោគទៀតឡើយ។ ដូចនេះ ពេលដែលពួកគេមានអាហារ ពួកគេត្រូវញ៉ាំឲ្យទាល់តែឆ្អែត។ មានពេលមួយព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រើត្រីពីរកន្ទុយ និងនំបុ័ងប្រាំដុំ ដើម្បីចម្អែតមនុស្ស ៥០០០នាក់(យ៉ូហាន ៦:១-១៣) ក្រោយមក ហ្វូងមនុស្សដែលដើរតាមទ្រង់ ចង់បានអាហារនោះបន្ថែមទៀត(ខ.២៤-២៦)។ ព្រះអម្ចាស់ក៏មានបន្ទូលប្រាប់ពួកគេថា “កុំធ្វើការងារដើម្បីឲ្យខំប្រឹង ឲ្យតែបានតែចំណីអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា . . . ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរ”(ខ.២៧,៣៥)។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងគួរតែជួយដល់អស់អ្នកដែលខ្វះចំណីអាហារខាងសាច់ឈាម។ លើសពីនេះទៅទៀត យើងអាចផ្សាយដំណឹងល្អ ដើម្បីឲ្យពួកគេដឹងថា មានតែព្រះគ្រីស្ទដ៏ជាអម្ចាស់ប៉ុណ្ណោះ ដែលអាចចម្អែតការស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត ការស្រេកឃ្លានការអត់ទោសបាប និងសេចក្តីសង្ឃឹមក្នុងជីវិត។ ព្រះយេស៊ូវគ្រីស្ទ ជានំបុ័ងជីវិត ទ្រង់បានត្រាសហៅយើង ឲ្យចូលមកឯទ្រង់ ដើម្បីឲ្យយើងបានជប់លៀងខាងព្រលឹងវិញ្ញាណ ទ្រង់បានបើកឲ្យយើងទទួលទានអាហារខាងវិញ្ញាណនោះរហូតទាល់តែយើងឆ្អែត។ – David McCasland
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។–យ៉ូហាន ៦:៣៥