
ចិត្តរបស់អ្នក
ដោយAnne Cetas
August 31, 2014
ខ្ញុំបានពេញចិត្តនឹងការអធិស្ឋានរបស់ម៉ាខុម(Malcom) នៅព្រះវិហារ កាលពីថ្ងៃមុន។ វាទើបតែមានអាយុ៧ឆ្នាំទេ ប៉ុន្តែ វាបានឈរនៅមុខក្មេងៗដទៃទៀត ដែលមានគ្នាមួយរយនាក់ ហើយអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ ដែលបានឲ្យយើងខ្ញុំលេងបាត់ទាត់ ហើយមកព្រះវិហារ ហើយបានឲ្យយើងខ្ញុំធ្វើដំណើរមកទីនេះ ដោយសុវត្ថិភាព ហើយសូមអរព្រះគុណទ្រង់ ដែលបានអត់ទោសបាបឲ្យយើងខ្ញុំ ហើយប្រទានជីវិតអស់កល្ប។ ព្រះយេស៊ូវ យើងខ្ញុំស្រឡាញ់ទ្រង់។ សូមទ្រង់នៅតែនឹកចាំជានិច្ចថា យើងខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា”។ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញវាបង្ហាញចេញនូវទឹកចិត្តរបស់វា ចំពោះព្រះដូចនេះ។ ក្នុងនាមជាមនុស្សពេញវ័យ យើងប្រហែលជាច្រើនតែព្យាយាមបន្ថែមបន្ថយពាក្យបន្តិចបន្តួច នៅក្នុងការអធិស្ឋាន ដើម្បីឲ្យពិរសស្តាប់ សម្រាប់ព្រះ និងមនុស្សនៅជុំវិញយើង ដែលអាចស្តាប់ឮយើង។ ប៉ុន្តែ ខ្ញុំយល់ថា ព្រះទ្រង់ប្រាកដជាសព្វព្រះទ័យនឹងស្តាប់ តែពាក្យអ្វីដែលចេញពីចិត្តរបស់កូនទ្រង់ប៉ុណ្ណោះ។ លោកនេហេមាមានចិត្តខ្វល់ខ្វាយ អំពីការស់នៅរបស់ប្រជាជននៅក្រុងយេរូសាឡិម ដែលជាមាតុភូមិរបស់គាត់ ពេលដែលគាត់បានដឹងថា ពួកគេកំពុងមានសេចក្តីទុក្ខជាខ្លាំង ហើយកំផែងដែលនៅព័ទ្ធជុំវិញទីក្រុង ក៏មានសភាពបាក់បែកទៀត(នេហេមា ១:៣)។ គាត់ក៏បានអធិស្ឋាន ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ជាដំបូងគាត់បានសរសើរដំកើងព្រះ ដែលទ្រង់ល្អ(ខ.៥) ហើយគាត់ក៏ទូលសូមឲ្យទ្រង់អត់ទោសបាបឲ្យគាត់(ខ.៦) រួចទូលទ្រង់អំពីព្រះបន្ទូលសន្យារបស់ទ្រង់(ខ.៩) ហើយក៏ទូលសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យមានសេចក្តីមេត្តា(ខ.១១)។ ព្រះទ្រង់ក៏បានមើលថែរលោកនេហេមា និងពួកបណ្តាជនរបស់គាត់ នៅក្នុងពេលដែលពួកគេសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។ តើអ្នកកំពុងតែគិតអំពីអ្វី? តើអ្នកចង់អរព្រះគុណព្រះ ឬកំពុងមានបន្ទុកនៅក្នុងចិត្ត? ព្រះនៃយើង ដែលជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់សព្វព្រះទ័យនឹងស្តាប់ពាក្យអធិស្ឋាន ចេញពីចិត្តរបស់អ្នក ទោះបីជាអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។–Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយ អធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌។–នេហេមា ១:៤