
ព្រះយេស៊ូវគង់នៅជិត
ដោយAnne Cetas
October 10, 2014
មានក្មេងអាយុបួនឆ្នាំម្នាក់ ឈ្មោះសាំយូអែល បានសុំម៉ាក់វាចេញទៅលេងខាងក្រៅ បន្ទាប់ពីវាបានញាំអាហារពេលល្ងាចហើយ។ ប៉ុន្តែ កាលនោះ វានៅក្មេងពេក មិនអាចលេងនៅខាងក្រៅម្នាក់ឯងបានទេ ដូច្នេះម្ដាយរបស់វាក៏បាននិយាយថា “ទេ កូនមិនអាចចេញទៅក្រៅតែម្នាក់ឯងបានទេ។ កូនត្រូវចាំម៉ាក់ញ៉ាំរួចសិន ម៉ាក់នឹងទៅជាមួយកូនដែរ”។ វាក៏ឆ្លើយយ៉ាងលឿនថា “ប៉ុន្តែ ម៉ាក់ ព្រះយេស៊ូវគង់នៅជាមួយកូន!” ត្រង់ចំណុចនេះ សាំយូអែលបានទទួលការបង្រៀនដ៏ល្អពីឪពុកម្តាយរបស់វា បានជាវាដឹងថា ព្រះអម្ចាស់តែងតែគង់នៅក្បែរវាជានិច្ច។ យ៉ាងណាមិញ តាមព្រះគម្ពីរ យើងអាចដឹងថា លោកយ៉ាកុបក៏បានទទួលការបង្រៀនដូចនេះផងដែរ។ លោកអ៊ីសាក់ ដែលជាឪពុករបស់គាត់បានឲ្យពរដល់គាត់ ហើយបានប្រាប់គាត់ ឲ្យទៅរកប្រពន្ធម្នាក់ ពីក្នុងចំណោមញាតិសន្តានខាងម្តាយគាត់(លោកុប្បត្តិ ២៨:១-៤)។ គាត់ក៏បានធ្វើដំណើរទៅស្រុកហារ៉ាន តាមបណ្តាំរបស់ឪពុកគាត់។ នៅពេលលោកយ៉ាកុបគេងលក់ ព្រះអម្ចាស់ទ្រង់ក៏បានយាងមកជួបគាត់ ក្នុងសុបិន ហើយមានបន្ទូលថា “មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ . . . អញមិនចោលឯងឡើយ”(ខ.១៥)។ ពេលគាត់ភ្ញាក់ឡើង គាត់ដឹងថា ព្រះបានមានបន្ទូលមកកាន់គាត់ហើយ ហើយគាត់ក៏បាននិយាយថា “ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ”(ខ.១៦)។ គាត់មានទំនុកចិត្ត ចំពោះព្រះវត្តមានរបស់ព្រះ ហេតុនោះហើយ គាត់ប្តេជ្ញាចិត្តថ្វាយខ្លួន ដើរតាមទ្រង់អស់មួយជីវិតរបស់គាត់(ខ.២០-២១)។ បើយើងបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះរបស់យើងហើយ(យ៉ូហាន ១:១២) នោះយើងអាចមានទំនុកចិត្ត ហើយមានអំណរ ពេលបានដឹងថា តាមពិត ទ្រង់តែងតែគង់នៅជាមួយយើងរាល់គ្នាជានិច្ច(ហេព្រើរ ១៣:៥)។ សូមយើងឆ្លើយតប ចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ ដោយការប្តេជ្ញាចិត្តទាំងស្រុង ដូចលោកយ៉ាកុបដែរ។ —Anne Catas
បទគម្ពីរប្រចាំថ្ងៃ
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ។—លោកុប្បត្តិ ២៨:១៦