
សូម្បីតែនាងឬ?
ដោយDave Branon
October 26, 2014
សូមស្រមៃថា អ្នកកំពុងបើកមើលបញ្ជីពង្សាវតានៃគ្រួសាររបស់អ្នក ហើយក៏ឃើញមានការពណ៌នាយ៉ាងដូចនេះថា “បុព្វបុរសរបស់អ្នកជាស្រ្តីរកស៊ីផ្លូវភេទ នាងបានលាក់បំពួនពួកខ្មាំងសត្រូវរបស់រដ្ឋាភិបាល នៅក្នុងផ្ទះរបស់នាង។ នៅពេលពួកអាជ្ញាធរបានមកសាកសួរនាង នោះនាងក៏បាននិយាយកុហកអំពីការនោះ។” តើអ្នកនឹងធ្វើដូចម្តេច ពេលបានដឹងអំពីប្រវត្តិរបស់គាត់ហើយ? តើអ្នកនឹងលាក់រឿងរបស់គាត់ ពេលដែលគេមកសួរអំពីប្រវត្តិគ្រួសាររបស់អ្នកឬ? ឬក៏និយាយដោយបើកចំហរអំពីរឿងពិតរបស់គាត់ ហើយសរសើរគាត់ នៅក្នុងប្រវត្តិនៃគ្រួសាររបស់អ្នក? យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីខ្សែលោហិតមួយ ដែលមាននាងរ៉ាហាបជាបុព្វបុរស។ បើសិនយើងគ្រាន់តែអានអំពីប្រវត្តិរបស់នាង ដែលមានក្នុងបទគម្ពីរ យ៉ូស្វេ ជំពូក២ នោះយើងប្រហែលជារាប់បញ្ចូលនាង ទៅក្នុងចំណោមពួកមនុស្សដែលក្បត់ជាតិសាសន៍ខ្លួន និងពួកមានគំរូអាក្រក់ នៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ ប្រវត្តិរបស់នាងមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះបទគម្ពីរម៉ាថាយ ១:៥-៦ បានបើកបង្ហាញថា នាងគឺជាយាយលួតនៃហ្លួងដាវីឌ ហើយថានាងក៏មានឈ្មោះនៅក្នុងជំនួរវង្សនៃព្រះយេស៊ូវ ដ៏ជាអង្គសង្រ្គោះនៃយើងផងដែរ។ ជាងនេះទៅទៀត បទគម្ពីរហេព្រើរ ១១:៣១ បានរាប់នាងរ៉ាហាប ជាស្ត្រីនៃសេចក្តីជំនឿ ដែលបានទទួលការសង្រ្គោះ ពេលក្រុងយេរីខូរដួលរលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុងបទគម្ពីរ យ៉ាកុប ២:២៥ ការដែលនាងបានធ្វើ ដើម្បីជួយសង្រ្គោះពួកស៊ើបការ គឺជាភស្តុតាងដែលបញ្ជាក់ថា នាងជាមនុស្សសុចរិត ដោយសារជំនឿរបស់នាង។ សេចក្ដីស្រឡាញ់របស់ព្រះពិតជាអស្ចារ្យណាស់។ ទ្រង់អាចប្រើមនុស្សដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ហើយកែប្រែជីវិតរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេក្លាយជាគំរូ នៃសេចក្តីស្រឡាញ់ និងការអត់ទោសរបស់ទ្រង់។ បើសិនជាអ្នកគិតថា ព្រះមិនអាចអត់ទោសឲ្យអ្នក ដោយសារអ្នកជាមនុស្សអាក្រក់ពេក ឬដោយសារអ្នកដឹងថា មានអ្នកដែលគិតដូចនេះដែរ នោះសូមអានរឿងរបស់នាងរ៉ាហាប ហើយមានអំណរឡើង។ បើព្រះទ្រង់អាចកែប្រែនាង ឲ្យក្លាយជាពន្លឺ នៃសេចក្តីសុចរិតបាន នោះយើងរាល់គ្នាក៏អាចមានសេចក្តីសង្ឃឹមដូចនាងផងដែរ។ —Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ទេឬអី?—យ៉ាកុប ២:២៥