
ក្លិនក្រអូប
ដោយAnne Cetas
November 9, 2014
ថ្ងៃមួយ លីនដា(Linda) បានអញ្ជើញខេធី(Katie) ឲ្យចូលរួមពិធីជប់លៀងក្រុមយុវជន នៅឯព្រះវិហារ។ ពេលខេធីមកដល់ នាងបានដើរចូលកន្លែងធ្វើកម្មវិធី ទាំងចិត្តថប់បារម្ភ។ នាងបានខានទៅព្រះវិហារ តាំងតែពីពេលនាងនៅតូច ហើយនាងមិនដឹងថា នឹងមានអ្វីខ្លះកើតឡើង នៅឯពិធីជប់លៀងពេលល្ងាច នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលភាគច្រើននៃអ្នកចូលរួម គឺជាអ្នកដែលនាងមិនស្គាល់។ ប៉ុន្តែ នាងក៏ចាប់ផ្តើមមានចិត្តស្ងប់វិញ ពេលដែលនាងបានឃើញកាតថ្ងៃបុណ្យក្តីស្រឡាញ់ជាច្រើន នៅក្នុងចានរបស់នាង ដែលគេរាល់គ្នាបានសរសេរឲ្យនាង។ ពួកគេក៏បានសរសេរកាតជួនគ្នាទៅវិញទៅមកផងដែរ ប៉ុន្តែ ខេធីមានការប៉ះពាល់ចិត្ត ដោយសារការដែលពួកគេបានធ្វើសម្រាប់នាងដែលគ្រាន់តែជាភ្ញៀវម្នាក់ នៅក្នុងក្រុមរបស់ពួកគេ។ ខេធីមានអារម្មណ៍កក់ក្តៅណាស់ បានជាក្រោយមក នាងក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារ តាមការអញ្ចើញរបស់លីនដា។ នៅទីនោះ នាងក៏ដឹងថា ព្រះស្រឡាញ់នាង ទោះបីជានាងជាមនុស្សមានបាបក៏ដោយ ហើយនាងក៏បានទទួលការអត់ទោសរបស់ព្រះយេស៊ូវ។ ក្រុមយុវជនបានផ្តល់ឲ្យនាង នូវក្លិនដ៏ក្រអូបនៃក្តីស្រឡាញ់របស់ព្រះ ហើយព្រះក៏បានបើកចំហរចិត្តនាង ឲ្យទុកចិត្តលើទ្រង់។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ”(១យ៉ូហាន ៤:១១)។ គាត់និយាយសំដៅទៅលើសេចក្តីស្រឡាញ់ ដែលយើងត្រូវមានចំពោះបងប្អូនក្នុងព្រះគ្រីស្ទ ក៏ដូចជាចំពោះអ្នកដែលមិនទាន់ស្គាល់ទ្រង់ផងដែរ។ លោករេយ ស្តេដមែន(Ray Stedman)បានសរសេរថា “ពេលដែលក្តីស្រឡាញ់របស់ព្រះចែងចាំង មកក្នុងចិត្តរបស់យើង នោះយើងបើកចំហរចិត្តកាន់តែខ្លាំង សម្រាប់អ្នកដទៃ ដោយអនុញ្ញាតឲ្យក្លិននៃក្តីស្រឡាញ់ បង្កើតចេញទៅ ហើយធ្វើឲ្យអ្នកដែលនៅជុំវិញយើងមានការចាប់អារម្មណ៍”។ ក្រុមយុវជនបានធ្វើយ៉ាងដូចនេះឯងសម្រាប់ខេធីន។ ព្រះទ្រង់អាចបញ្ចេញក្លិនក្រអូបនៃក្តីស្រឡាញ់របស់ទ្រង់ តាមរយៈយើងនៅថ្ងៃនេះ។—Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ ។—១យ៉ូហាន ៤:១១