
បណ្ណាល័យចល័ត
ដោយBill Crowder
November 28, 2014
កាលនៅពីក្មេង ខ្ញុំបានកម្សាន្តសប្បាយ នឹងការអានសៀវភៅ នៅក្នុងបណ្ណាល័យចល័ត ដែលមកដល់តំបន់ខ្ញុំជារៀងរាល់សប្តាហ៍ នារដូវក្តៅដ៏យូរ។ កាលនោះ គេមិនទាន់ផលិតឧបករណ៍អេឡិចត្រូនិកតូចៗ សម្រាប់ដាក់តាមខ្លួន និងមិនទាន់មានគ្រឿងរំខាន ដូចនៅសម័យនេះទេ។ បណ្តាល័យចល័តនោះ គឺជាឡានក្រុងមួយគ្រឿង ដែលដឹកជញ្ជូនសៀវភៅជាច្រើនក្បាលចេញពីបណ្ណាល័យភូមិភាគ មកកាន់តំបន់ជិតខាង ដើម្បីឲ្យអ្នកដែលគ្មានលទ្ធភាពធ្វើដំណើរផ្លូវឆ្ងាយ អាចអានសៀវភៅដែលគេបានតម្រៀបជាស្រេច ក្នុងឡានក្រុងនោះ។ ដូចនេះ ខ្ញុំអាចចំណាយពេលជាច្រើនថ្ងៃ ដើម្បីអានសៀវភៅ ក្នុងរដូវក្តៅនោះ។ បើគ្មានបណ្តាល័យចល័តនៅសម័យនោះទេ ខ្ញុំក៏មិនបានអានសៀវភៅទាំងនោះដែរ។ រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែអរព្រះគុណព្រះ ដែលបានបណ្តាលចិត្តខ្ញុំឲ្យចូលចិត្តការអានសៀវភៅ តាមរយៈបណ្តាល័យចល័តនោះ។ អ្នកប្រាជ្ញព្រះគម្ពីរមួយចំនួន បានមានប្រសាសន៍ថាសាវ័កប៉ុលស្រឡាញ់ការអានសៀវភៅណាស់ ហើយបានរៀនសូត្រពីសៀវភៅរបស់គាត់ រហូតដល់ចុងបញ្ចប់នៃជីវិតគាត់។ ក្នុងសំបុត្រចុងក្រោយរបស់គាត់ គាត់បានសរសេរថា “ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង និងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម”(២ធីម៉ូថេ ៤:១៣)។ ត្រង់ចំណុចនេះ សៀវភៅ និងក្រាំងស្បែកទាំងនោះអាចជាព្រះគម្ពីរសញ្ញាចាស់ និងសៀវភៅដែលគាត់បានសរសេរដោយផ្ទាល់ដៃ។ ខ្ញុំជឿជាក់ថា មូលហេតុដែលលោកប៉ុលស្វែងរកចំណេះដឹង គឺមិនគ្រាន់តែដើម្បីឲ្យមានប្រាជ្ញា ឬមានការកម្សាន្តសប្បាយប៉ុណ្ណោះឡើយ ប៉ុន្តែ គឺដើម្បីឲ្យស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់។ គោលដៅរបស់គាត់ គឺ“ដើម្បីឲ្យគាត់បានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។ ខ្ញុំសូមអធិស្ឋាន សូមឲ្យយើងមានគោលដៅដូចសាវ័កប៉ុលដែរ។–Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិង សេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ ក្នុងសេចក្តីស្លាប់ផង។—ភីលីព ៣:១០