
ព្រលឹងនៃសម័យនេះ
ដោយDennis Fisher
December 3, 2014
ក្នុងសម័យកាលនីមួយៗ មានទស្សនវិជ្ជា គោលគំនិតនិងគោលតម្លៃរបស់ខ្លួន ដែលជះឥទ្ធិពលមកលើវប្បធម៌ ដែលជា “ព្រលឹងនៃសម័យកាលនោះ”។ ទន្ទឹមនឹងនោះ មានមនុស្សកាន់តែច្រើនឡើងៗ ទទួលយកនូវទស្សនវិជ្ជា គោលគំនិត និងគោលតម្លៃនៃសម័យកាលនោះ ហើយវាក៏បានបំពេរឲ្យយើងលង់លក់ ជាមួយពួកគេ តាមផ្លូវសីលធម៌ ជាហេតុបណ្តាលឲ្យយើងទទួលយកគោលតម្លៃរបស់សង្គមនោះ បន្តិចម្តងៗ។ សាវ័កប៉ុលបានហៅបរិយាកាសសង្គមដែលពុករលួយនេះថា “របៀបរបស់លោកិយ”។ ក្នុងការបកស្រាយអំពីជីវិត ដែលគ្រីស្ទបរិស័ទនៅក្រុងអេភេសូរមាន មុនពេលពួកគេទទួលជឿព្រះគ្រីស្ទ សាវ័កប៉ុលសរសេរថា ពីដើម ពួកគេ “ក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ” ជាការដែលពួកគេ “បានប្រព្រឹត្ត តាមរបៀបលោកិយនេះ”(អេភេសូរ ២:១-២)។ ការប្រព្រឹត្តតាមរបៀបលោកិយ ជាការប្រព្រឹត្តតាមការលួងលោម ឬតាមគំនាបរបស់លោកិយ ដែលជាប្រព័ន្ធនៃគោលតម្លៃ និងគោលគំនិត ដែលអារក្សសាតាំងបានបណ្តាចិត្ត ដើម្បីកុំឲ្យមនុស្សរស់នៅ ដោយពឹងផ្អែកទៅលើព្រះ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងរស់នៅក្នុងលោកិយ(យ៉ូហាន ១៧:១៥) ដូចនេះ យើងស្ទើរតែមិនអាចគេចចេញពីឥទ្ធិពលរបស់លោកិយបានឡើយ។ តែទ្រង់បានប្រទាននូវព្រះបន្ទូលទ្រង់ ដល់យើងរាល់គ្នា ដើម្បីឲ្យបានជ្រួតជ្រាបចូល ក្នុងផ្នត់គំនិតរបស់យើង ប្រយោជន៍កុំឲ្យយើងត្រាប់តាមលោកិយឡើយ(រ៉ូម ១២:១-២)។ ផ្ទុយទៅវិញ ព្រះទ្រង់ជួយឲ្យយើងដើរក្នុងពន្លឺទ្រង់(អេភេសូរ ៥:៨) ក្នុងព្រះវិញ្ញាណ(កាឡាទី ៥:២៥) ក្នុងសេចក្តីស្រឡាញ់(អេភេសូរ ៥:២) ក្នុងសេចក្តីពិត(៣យ៉ូហាន ៤) និងក្នុងព្រះគ្រីស្ទ(កូល៉ុស ២:៦)។ ពេលយើងដើរ ដោយអំណាចរបស់ព្រះ ហើយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ ទ្រង់នឹងប្រទានដល់យើងនូវកម្លាំង ដើម្បីឲ្យយើងរស់នៅ តាមគោលតម្លៃនៃនគរទ្រង់ គឺមិនមែនតាមព្រលឹងនៃសម័យនេះឡើយ។—Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ។ —អេភេសូរ ២:១-២