
ការលើកទឹកចិត្ត ដែលគេមិននឹកស្មានដល់
ដោយDave Branon
December 6, 2014
តើអ្នកកំពុងស្វែងរក ការលើកទឹកចិត្តឬ? តើអ្នកត្រូវការកម្លាំងជាបន្ថែម នៅថ្ងៃនេះទេ បន្ទាប់ពីបានទទួលដំណឹងអាក្រក់ហើយនោះ? បទទំនុកដំកើង ដែលស្តេចដាវីឌទ្រង់បាននិពន្ធ អាចលើកវិញ្ញាណរបស់អ្នកឡើង តាមរបៀបដែលអ្នកមិននឹកស្មានដល់ តាមរយៈពាក្យពេចន៍ ដែលយើងច្រើនតែគិតថា ជាពាក្យអវិជ្ជមាននោះ។ ពេលយើងអានបទគម្ពីរទំនុកដំកើង ជំពូក១៩ យើងសង្កេតឃើញថា ព្រះអម្ចាស់បានបកស្រាយយ៉ាងច្បាស់ អំពី“ក្បួនច្បាប់” ឬខ្នាតគំរូសម្រាប់ការរស់នៅ ដែលអាចនាំមកនូវលទ្ធផលជាវិជ្ជមាន។ អ្នកខ្លះមិនបានយល់ថា នេះជាការលើកទឹកចិត្តឡើយ ព្រោះពួកគេយល់ថា ខ្នាតគំរូដែលព្រះប្រទាន មានភាពតឹងរឹងពេក ជាហេតុធ្វើឲ្យពួកគេបាត់បង់សុភមង្គល។ នៅក្នុងការបកស្រាយអំពីខ្នាតគំរូរបស់ព្រះ អ្នកនិពន្ធទំនុកដំកើងបានប្រើពាក្យដូចជា “ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា”(ខ.៧)“សេចក្តីបន្ទាល់”(ខ.៧) “សេចក្តីបញ្ញត្ត”(ខ.៨) “ក្រឹត្យក្រម”(ខ.៨) “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា”(ខ.៩) “ខច្បាប់របស់ព្រះយេហូវ៉ា”(ខ.៩)។ មានមនុស្សជាច្រើនមានការភ័យខ្លាច ពេលបានឮពាក្យទាំងអស់នេះ បានជាពួកគេខំជៀសវាង ឬបដិសេធខ្នាតគំរូរបស់ព្រះ។ ប៉ុន្តែ សូមកត់សំគាល់ថា ចំពោះអ្នកណាដែលមានចិត្តជឿ និងស្តាប់បង្គាប់ព្រះ ខ្នាតគំរូទាំងអស់នេះ នឹងនាំឲ្យអ្នកនោះទទួលបាននូវការផ្លាស់ប្រែនៃវិញ្ញាណ ប្រាជ្ញា សេចក្តីអំណរក្នុងចិត្ត ភាពបរិសុទ្ធនៃជីវិត ភ្នែកដែលភ្លឺច្បាស់ ការអត់ធ្មត់ សេចក្តីពិត និងសេចក្តីសុចរិត(ខ.៧-៩)។ ទាំងនេះសុទ្ធតែជាការលើកទឹកចិត្តដ៏អស្ចារ្យដល់យើងរាល់គ្នា។ ហេតុនេះហើយបានជាស្តេចដាវីឌ បានមានបន្ទូលថា ក្រឹត្យវិន័យដែលព្រះប្រទាន “គួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង”(ខ.១០)។—Dave Branon
បទគម្ពីរប្រចាំថ្ងៃ
សេចក្តីទាំងនោះគួរចង់បានលើសជាងមាស។—ទំនុកដំកើង ១៩:១០