
អធិស្ឋានចំចំណុច
ដោយCindy Hesskasper
December 19, 2014
ថ្ងៃមួយ មុនពេលការវះកាត់កម្រឹតធ្ងន់ចាប់ផ្តើម ខ្ញុំបានប្រាប់ អាននេ(Anne) ដែលមិត្តភ័ក្ររបស់ខ្ញុំថា ខ្ញុំពិតជាមានការភ័យខ្លាចចំពោះការវះកាត់នេះណាស់។ ពេលនោះនាងក៏បានសួរខ្ញុំថា “តើអ្នកភ័យខ្លាច ត្រង់ចំណុចណា?” ខ្ញុំក៏តបថា “ខ្ញុំពិតជាខ្លាចលែងដឹងខ្លួនជារៀងរហូត បន្ទាប់ពីគេចាក់ថ្នាំសន្លប់ឲ្យខ្ញុំហើយ”។ ភ្លាមនោះ នាងក៏អធិស្ឋានថា “ឱព្រះវរបិតាអើយ ទ្រង់ជ្រាបអំពីការភ័យខ្លាចរបស់ស៊ីនឌី។ សូមទ្រង់កម្សាន្តចិត្តនាង ហើយសូមឲ្យនាងមានសន្តិភាពក្នុងចិត្ត។ ឱព្រះអម្ចាស់អើយ សូមដាស់នាងឲ្យភ្ញាក់ឡើង បន្ទាប់ពីការវះកាត់ចប់”។ ខ្ញុំយល់ថា ពេលដែលយើងនិយាយទៅកាន់ព្រះ ទ្រង់សព្វព្រះទ័យនឹងការអធិស្ឋាន ដែលច្បាស់ៗចំចំណុចយ៉ាងដូចនេះឯង ។ ពេលលោកបារទីមេ ដែលជាអ្នកសុំទានដែលពិការភ្នែក បានស្រែកដង្ហើយឲ្យព្រះយេស៊ូវជួយ ទ្រង់ក៏បានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” ហើយគាត់ក៏ទូលទ្រង់ថា “លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង!” ព្រះយេស៊ូវក៏មានបន្ទូលថា “ទៅចុះសេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ”(ម៉ាកុស ១០:៥១-៥២)។ យើងមិនត្រូវអធិស្ឋានព្រាវៗ មិនចំចំណុចនោះឡើយ។ មានពេលខ្លះយើងអាចអធិស្ឋានរៀបរាប់ តាមរបៀបកំណាព្យដូចស្តេចដាវីឌ តែក៏មានពេលដែលយើងត្រូវអធិស្ឋានត្រង់ចំចំណុចៗតែម្តង។ ឧទាហរណ៍ យើងអាចអធិស្ឋានថា “ឱព្រះអង្គអើយ សូមអត់ទោសទូលបង្គំ ចំពោះពាក្យអ្វីដែលទូលបង្គំទើបតែនិយាយ” ឬគ្រាន់តែនិយាយថា “ឱព្រះយេស៊ូវអើយ ទូលបង្គំស្រឡាញ់ទ្រង់ ព្រោះ…”។ ការអធិស្ឋានចំចំណុច ថែមទាំងអាចជាសញ្ញាបញ្ជាក់ ពីសេចក្តីជំនឿរបស់យើងផងដែរ ព្រោះកាលណាយើងអធិស្ឋានយ៉ាងដូចនេះ មានន័យថា យើងកំពុងទទួលស្គាល់ថា យើងមិនមែនកំពុងតែនិយាយទៅកាន់អង្គបុគ្គលដែលនៅឆ្ងាយហៅមិនឮនោះឡើយ តែយើងកំពុងទូលទៅព្រះដែលមានពិត ដែលបានស្រឡាញ់យើងយ៉ាងខ្លាំង។ ព្រះទ្រង់មិនស្ងើចសរសើរពាក្យដែលគេអធិស្ឋាន គ្រាន់តែឲ្យពិរោះស្តាប់នោះឡើយ។ ទ្រង់សព្វព្រះទ័យនឹងស្តាប់ពាក្យអ្វីដែលចិត្តរបស់យើងចង់ទូលទ្រង់។—Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?—ម៉ាកុស ១០:៥១