
ការចុះសម្រុងជាមួយអ្នកដទៃ
ដោយJoe Stowell
January 3, 2015
ខ្ញុំចូលចិត្តចំណាយពេលភាគច្រើន ជាមួយអ្នកដទៃ។ ក្តីអំណរដ៏ពិសេសកើតមាន ពេញក្នុងចិត្តយើង ពេលដែលយើងបានចំណាយពេលជាមួយមនុស្ស ដែលយើងចូលចិត្ត។ ប៉ុន្តែ គួរឲ្យស្តាយណាស់ យើងមិនតែងតែមានឱកាសចំណាយពេល ជាមួយអ្នកដែលយើងចង់នៅក្បែរនោះឡើយ។ ជួនកាល អ្នកដទៃអាចនាំឲ្យមានអារម្មណ៍ធុញទ្រាន់ ប្រហែលមកពីហេតុនេះហើយ បានជានៅក្នុងសង្គមលោកខាងលិច គេបាននិយាយថា “ពេលដែលខ្ញុំបានស្គាល់មនុស្សកាន់តែច្បាស់ ខ្ញុំក៏ស្រឡាញ់ឆ្កែរបស់ខ្ញុំកាន់តែខ្លាំង!” មានន័យថា ពេលដែលយើងមិនទទួលបានអំណរ នៅក្នុងទំនាក់ទំនង យើងច្រើនតែបន្ទោសអ្នកដទៃ បន្ទាប់មក យើងក៏យកលេស ដើម្បីដើរចេញពីគេ ដើម្បីទៅរកអ្នកផ្សេងទៀត ដែលយើងចូលចិត្ត។ សាវ័កប៉ុលបានបង្រៀនយើង ឲ្យមានទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ដោយសេចក្តីស្រឡាញ់។ តាមពិត គាត់បានប្រាប់យើង “ឲ្យមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នា” ហើយ “ត្រូវស្វែងរកចំពោះអ្នកដទៃផង” ព្រមទាំង “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”(ភីលីព ២:២-៥)។ ចូរគិតអំពីការនេះចុះ។ ព្រះយេស៊ូវបានលះបង់សិរីល្អ និងអភ័យឯកសិទ្ធិរបស់ទ្រង់ ដើម្បីយើងរាល់គ្នា ទ្រង់បានសម្រេចព្រះទ័យ រស់នៅជាអ្នកបម្រើ ហើយបានសងថ្លៃលោះ ដោយការលះបង់ដ៏ខ្ពស់បំផុត ដើម្បីឲ្យយើងមានទំនាក់ទំនងដែលពេញដោយអំណរ ជាមួយទ្រង់(មើល ហេព្រើ ១២:២)។ ហើយទ្រង់បានធ្វើការទាំងអស់នេះ ទោះបីជាយើងក្លាយជាមនុស្សដែលគួរឲ្យធុញទ្រាន់យ៉ាងណាក៏ដោយ(រ៉ូម ៥:៨)។ ដូចនេះ ពេលដែលអ្នកបានចំណាយពេល ជាមួយនរណាម្នាក់ ដែលពិបាកចុះសម្រុងជាមួយអ្នកដទៃ ចូរទូលសូមឲ្យព្រះយេស៊ូវជួយ ឲ្យអ្នករកឃើញវិធីបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកនោះ។ ទន្ទឹមនឹងនោះ អ្នកប្រហែលជាមានចិត្តភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះអាចកែប្រែអាកប្បកិរិយ៉ា ដែលអ្នកមានចំពោះអ្នកដទៃ។–Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
នោះចូរបំពេញសេចក្តីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ។–ភីលីព ២:២