
ជួយខ្លួនឯង
ដោយBill Crowder
January 4, 2015
ថ្មីៗនេះ ខ្ញុំបានមើលការផ្សាយពាណិជ្ជកម្ម ក្នុងទូរទស្សន៍ អំពីក្រុមហ៊ុនភោជ្ជនីយដ្ឋានមួយ ដែលបានធ្វើការអះអាង ដ៏គួរឲ្យកត់សំគាល់។ ការផ្សាយពាណិជ្ជកម្មនោះ បាននិយាយថា “អ្នកអាចជួយឲ្យខ្លួនអ្នកមានសុភមង្គល នៅឯភោជ្ជនីយដ្ឋានយើងខ្ញុំ”។ តើនេះមិនមែនជាការល្អទេឬ ដែលយើងអាចជួយឲ្យខ្លួនឯងមានសុភមង្គល ដោយសារការញាំបន្លែ ដំឡូងបារាំង សាច់ ឬម្ហូបប៉ាស្តា ឬក៏បង្អែមនោះ? តែគួរឲ្យស្តាយណាស់ គ្មានភោជនីយដ្ឋានណាមួយដែលអាចផ្តល់ឲ្យនូវសុភមង្គល តាមការសន្យានោះឡើយ។ ដូចដែលយើងបានដឹងស្រាប់ហើយថា សុភមង្គលគឺជារបស់ដែលយើងពិបាករក ស្ទើរតែនៅក្នុងគ្រប់ផ្នែកទាំងអស់ក្នុងជីវិតយើង។ យើងប្រហែលជាខំស្វែងរកសុភមង្គល នៅក្នុងម្ហូបអាហារ ឬនៅក្នុងរបស់អ្វីផ្សេងទៀត តែផ្ទុយទៅវិញ នៅទីបញ្ចប់ សុភមង្គលនៅតែបន្តគេចចេញពីកណ្តាប់ដៃយើងដដែល។ តើមកពីហេតុអ្វី? គឺដោយសារ យើងចេះតែដេញតាមរបស់អ្វី ដែលមិនអាចបំពេញសេចក្តីត្រូវការដែលជ្រៅបំផុត ក្នុងចិត្តរបស់យើង។ ពេលដែលយើងដេញតាមរបស់ទាំងនោះ យើងប្រហែលជាទទួលបានភាពរីករាយ ការរំខាន ឬការសប្បាយផ្លូវកាយ តែមួយរយៈពេល តែយើងនៅតែមិនដឹងថា ចិត្តរបស់យើងកំពុងតែស្រែកដង្ហើយរកជំនួយ និងសេចក្តីសង្ឃឹមឡើយ។ ហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានបង្ហាញឲ្យយើងស្គាល់ផ្លូវ ដែលល្អជាង ដោយប្រាប់យើងថា “សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន”(ទំនុកដំកើង ១៤៦:៥)។ តើអ្នកចង់ឲ្យព្រះជួយអ្នកទេ? ពិតមែនហើយ ទ្រង់សព្វព្រះទ័យនឹងជួយយើង ពេលដែលយើងស្វែងរកសុភមង្គល នៅក្នុងទ្រង់។ យើងអាចរកឃើញសុភមង្គល តែនៅពេលដែលយើងថ្វាយខ្លួនដល់ព្រះ ដើម្បីឲ្យទ្រង់មើលថែរប៉ុណ្ណោះ។ យើងអាចរកឃើញសេចក្តីសង្ឃឹម និងជំនួយបាន តែនៅពេលដែលយើងទុកចិត្តទ្រង់ប៉ុណ្ណោះ។–Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន។–ទំនុកដំកើង ១៤៦:៥