
អំណោយនៃការគេង
ដោយJulie Ackerman Link
January 12, 2015
ការគេងមានភាពចាំបាច់ ចំពោះសុខភាពរបស់យើងខ្លាំងណាស់។ អ្នកវិទ្យាសាស្រ្តមិនបានដឹងច្បាស់ អំពីមូលហេតុ ដែលយើងត្រូវការការគេងឡើយ តែពួកគេដឹងថា មានការអ្វីកើតឡើង ពេលដែលយើងគេងមិនគ្រប់គ្រាន់។ យើងនឹងប្រឈមមុខនឹងការចាស់ជាងវៃ ការឡើងទម្ងន់ និងជម្ងឺផ្សេងៗ រាប់ចាប់ពីជម្ងឺផ្តាសាយ រហូតដល់ជម្ងឺមហារីក។ ពេលដែលយើងកំពុងរសាត់អណ្តែត ឆ្ពោះទៅរកពិភពសុបិន្តក្នុងដំណេក ព្រះបានធ្វើសម្រេចនូវការជាច្រើន នៅក្នុងរូបកាយយើង ដែលនោះពិតជាអស្ចារ្យណាស់។ ពេលដែលយើងកំពុងនៅស្ងៀមក្នុងការលង់លក់ក្នុងដំណេក ព្រះបានបញ្ចូលថាមពលឲ្យយើងឡើងវិញ ទ្រង់បានជួសជុល និងបង្កើតកោសិការយើងឡើងវិញ ហើយរៀបចំពត៌មាន នៅក្នុងខួរក្បាលយើងឡើងវិញ។ មានមូលហេតុជាច្រើន ដែលនាំឲ្យយើងមិនអាចគេងបានគ្រប់គ្រាន់ ហើយមានមូលហេតុខ្លះ យើងមិនអាចដោះស្រាយបានទេ តែព្រះគម្ពីរបានបង្ហាញថា យើងមិនគួរគេងមិនបានគ្រប់គ្រាន់ ដោយសារធ្វើការហួសកំណត់ឡើយ(ទំនុកដំកើង ១២៧:២)។ ការគេង គឺជាអំណោយដែលព្រះប្រទានយើង ហើយយើងគួរតែទទួលអំណោយមួយនេះ ដោយការដឹងគុណទ្រង់។ បើយើងគេងមិនគ្រប់ទេ យើងត្រូវស្វែងយល់ពីមូលហេតុ ដែលយើងគេងមិនគ្រប់។ តើយើងបានក្រោកពីព្រលឹម ហើយក្រចូលគេង ដើម្បីរកប្រាក់ទិញរបស់ដែលយើងត្រូវការឬ? តើយើងកំពុងតែប្រឹងប្រែធ្វើការងារបម្រើព្រះ ដោយគិតថា ក្រៅពីយើង គឺគ្មាននរណាអាចធ្វើការងារនោះឬ? មានពេលខ្លះ អារក្សបានល្បួងឲ្យខ្ញុំជឿថា ការងារដែលខ្ញុំធ្វើ នៅពេលដែលខ្ញុំមិនទាន់គេងមានសារៈសំខាន់ជាងកិច្ចការដែលព្រះធ្វើ ពេលខ្ញុំកំពុងគេង។ ការគេងគឺជាអំណោយមកពីព្រះ ប៉ុន្តែ ការដែលយើងបដិសេធអំណោយមួយនេះ គឺមិនខុសពីការទូលទ្រង់ថា ការងារទូលបង្គំសំខាន់ជាងការងាររបស់ទ្រង់នោះឡើយ។ ព្រះមិនសព្វព្រះទ័យនឹងឲ្យនរណាម្នាក់ ក្លាយជាទាសករនៃការងារឡើយ។ ទ្រង់សព្វព្រះទ័យ នឹងឲ្យយើងអរសប្បាយ នឹងអំណោទាននៃការគេង។–JulieAckerman Link
បទគម្ពីរប្រចាំថ្ងៃ
ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់…នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ។–ទំនុកដំកើង ១២៧:២