ព្រឹក

មានអំណាច
ដោយAnne Cetas
January 15, 2015
ពេលដែលគ្រូពេទ្យបានពិនិត្យរកឃើញថា បងស្រីរបស់ខ្ញុំមានជម្ងឺមហារីក ខ្ញុំក៏បានប្រាប់មិត្តភ័ក្រខ្ញុំ ឲ្យអធិស្ឋានឲ្យគាត់។ ពេលដែលគាត់ចូលបន្ទប់វះកាត់ យើងបានអធិស្ឋានសូមឲ្យគ្រូពេទ្យវះកាត់ មានលទ្ធភាពសម្អាតដុំមហារីកនោះ ចេញពីខ្លួនគាត់ ដើម្បីកុំឲ្យគាត់ត្រូវឆ្លងកាត់ការចាក់ថ្នាំគីមី ឬបាញ់កាំរស្មីឡើយ។ ហើយព្រះក៏បានឆ្លើយតបតាមសេចក្តីអធិស្ឋានរបស់យើង! ពេលដែលខ្ញុំផ្សព្វផ្សាយដំណឹងនេះទៅ មានមិត្តភ័ក្ររបស់ខ្ញុំម្នាក់បានមានប្រសាសន៍ថា “ខ្ញុំមានការសប្បាយចិត្តណាស់ ដែលការអធិស្ឋានរបស់យើងមានអំណាចប្រោសឲ្យជា”។ ខ្ញុំក៏បានឆ្លើយតបថា “ខ្ញុំសូមព្រះគុណព្រះ ដែលបានឆ្លើយតប តាមការអធិស្ឋានរបស់យើង លើកនេះ”។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់”(យ៉ាកុប ៥:១៦)។ ត្រង់ចំណុចនេះ តើការដែលសាវ័កយ៉ាកុបប្រើពាក្យ “អស់ពីចិត្ត” និង “មនុស្សសុចរិត” មានន័យថា កាលណាយើងអធិស្ឋានកាន់តែខ្លាំង ឬកាលណាមានមនុស្សកាន់តែច្រើនជួយអធិស្ឋានឲ្យយើង នោះយើងនឹងកាន់តែងាយទទួលការឆ្លើយតបពីព្រះឬ? ព្រះបានឆ្លើយតបចំពោះខ្ញុំ ដោយចម្លើយថា “ទេ” និង “រង់ចាំ” ជាច្រើនដងមកហើយ បានជាខ្ញុំចង់សួរដូចនេះ។ ការអធិស្ឋានមានអំណាចណាស់ តែមានចំណុចដែលយើងត្រូវយល់។ យើងបានទទួលការបង្រៀន ឲ្យមានជំនឿ ឲ្យទូលសូមឲ្យអស់ពីចិត្ត និងដោយចិត្តក្លាហាន ឲ្យអត់ធ្មត់ ឲ្យចុះចូលនឹងបំណងព្រះទ័យទ្រង់។ ប៉ុន្តែ ព្រះបានឆ្លើយតបការអធិស្ឋាន តាមប្រាជ្ញារបស់ទ្រង់ ហើយការឆ្លើយតបរបស់ទ្រង់ គឺតែងតែល្អជានិច្ច។ ខ្ញុំគ្រាន់តែចង់អរព្រះគុណព្រះ ដែលសព្វព្រះទ័យនឹងស្តាប់ឮពាក្យយើងអធិស្ឋានចេញពីចិត្ត ហើយទោះបីជាទ្រង់ឆ្លើយតប យ៉ាងដូចម្តេចក៏ដោយ ក៏ទ្រង់នៅតែល្អជានិច្ច។ ខ្ញុំចូលចិត្តប្រសាសន៍របស់លោក អូលេ ហាលីសប៊ី(Ole Hallesby) ដែលបានថា “ការអធិស្ឋាន និងការដែលមិនអាចជួយខ្លួនឯងបាន គឺមិនអាចញែកចេញពីគ្នាបានឡើយ។ មានតែអ្នកដែលត្រូវការជំនួយទេ ដែលពិតជាអាចអធិស្ឋាន … អ្នកអធិស្ឋានបានល្អបំផុត នៅពេលដែលអ្នកមិនអាចជួយខ្លួនឯងបាន”។ ជាការប្រសើរណាស់ ដែលយើងចេះទទួលស្គាល់ថា យើងគ្មានសមត្ថភាពជួយខ្លួនឯងបាន។–Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់។–យ៉ាកុប ៥:១៦
ល្ងាច

ភាពរញ៉េរញ៉ៃ
ដោយJoe Stowell
January 15, 2015
ព្រះយេស៊ូវមានចំណុចជាច្រើន ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ នៅក្នុងព្រះរាជកិច្ចរបស់ទ្រង់ មានចំណុចមួយ ដែលតែងតែធ្វើឲ្យខ្ញុំមានការឆ្លើយតប ដោយចិត្តភ្ញាក់ផ្អើលជានិច្ច គឺការបង្រៀនដ៏អស្ចារ្យរបស់ទ្រង់ អំពីជីវិតរបស់មនុស្ស។ ខណៈពេលដែលយើង កំពុងធ្វើដំណើរឆ្លងកាត់ជីវិតនេះ យើងប្រហែលជាដើរដល់ចំណុចមួយ ដែលយើងគិតថា យើងបានរកឃើញដំណោះស្រាយ ហើយមានភាពជ្រៅជ្រះ នៅក្នុងការគិត និងការឆ្លើយតបរបស់យើង នៅក្នុងការឈ្មុសឈ្មុលក្នុងដំណើរជីវិតយើងហើយ។ ប៉ុន្តែ ព្រះយេស៊ូវក៏បានឲ្យយើងបង្អង់ឈប់សិន ហើយបានត្រាសហៅយើង ឲ្យដើរតាមផ្លូវថ្មី ដែលប្រសើរជាង។ សូមយើងមានការប្រុងប្រយ័ត្ន! ការដើរតាមផ្លូវរបស់ព្រះយេស៊ូវ មិនមែនជាការងាយស្រួលទេ។ ចូរពិចារណាអំពីការបង្រៀនដែលពិបាកយល់មួយចំនួន ដូចជា : ដើម្បីឲ្យបានជីវិត អ្នកត្រូវហ៊ានលះបង់ជីវិត(ម៉ាកុស ៨:៣៥)។ ដើម្បីឲ្យបានទ្រព្យសម្បត្តិ អ្នកត្រូវតែចែកទ្រព្យឲ្យគេ(ម៉ាថាយ ១៩:២១)។ “មានពរហើយ អស់អ្នកដែលយំសោក”(៥:៤)។ ដើម្បីធ្វើជាអ្នកដឹកនាំគេ អ្នកត្រូវតែបម្រើ(លូកា ២២:២៦) ហើយការរងទុក្ខ ជាការមានពរ(ម៉ាថាយ ៥:១០-១១)។ ពេលដែលមនុស្សបានឮការបង្រៀនរបស់ព្រះយេស៊ូវ យ៉ាងដូចនេះ ពួកគេយល់ថា ខ្លួនមិនអាចកាន់តាមព្រះបន្ទូលទ្រង់បានទេ។ ប៉ុន្តែ តាមពិតគឺដោយសារយើងមិនយល់ទៅវិញទេ។ ការបង្រៀនរបស់ទ្រង់មិនរញ៉ែរញ៉ៃទេ គឺគំនិតយើងទៅវិញទេ ដែលរញ៉ែរញ៉ែនោះ! យើងមិនខុសពីកូនក្មេង ដែលគិតថា ខ្លួនចេះជាងឪពុកម្តាយ នៅក្នុងការសម្រចចិត្ត ជ្រើសរើសយករបស់អ្វីដែលល្អបំផុត។ ហេតុនេះហើយ បានជាព្រះទ្រង់មានបន្ទូលប្រាប់យើងថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នា ក៏មិនមែនជាផ្លូវរបស់អញដែរ”(អេសាយ ៥៥:៨)។ ដូចនេះ យើងមិនត្រូវពឹងផ្អែកទៅលើសុភាវគតិដ៏ស្មុកស្មាញរបស់យើងឡើយ ផ្ទុយទៅវិញ សូមយើងទូលសូមឲ្យទ្រង់ជួយយើង ឲ្យដើរតាមផ្លូវទ្រង់។–Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ។–អេសាយ ៥៥:៨