
ត្រៀមខ្លួនទទួលសិរីល្អ
ដោយDennis Fisher
January 19, 2015
លោក ឌី ម៉ាធីន លូយដ៍ ចូន(D. Martyn Lloyd-Jones) គឺជាគ្រូអធិប្បាយ និងអ្នកនិពន្ធសេចក្តីពន្យល់ព្រះគម្ពីរ ដែលបានទទួលមរណភាព នៅថ្ងៃទី១ មិនា ឆ្នាំ១៩៨១ នៅក្នុងការសម្រាកព្យាបាល។ ចាប់ពីឆ្នាំ ១៩៣៩ ដល់ ១៩៦៨ គាត់បានបម្រើការជាគ្រូគង្វាល នៅឯព្រះវិហារ វេសនីមស្ទ័រ(Westminster) នៅទីក្រុងឡុង។ ដល់ពេលដែលគាត់ ជិតដល់ពេលលាចាកលោក គាត់ក៏បាត់បង់សមត្ថភាពនិយាយស្តី។ ពេលនោះគាត់ចង់ឲ្យគេឈប់អធិស្ឋានប្រោសជម្ងឺឲ្យគាត់ ដូចនេះគាត់ក៏បានសរសេរនៅលើក្រដាស់ថា “សូមកុំឃាត់ខ្ញុំអី ដល់ពេលដែលខ្ញុំត្រូវទៅទទួលសិរីល្អ នៅស្ថានសួគ៌ហើយ”។ ជីវិតរបស់មនុស្សមានតម្លៃជាទីបំផុត បានជាយើងពិបាកនឹងបណ្តោយឲ្យមនុស្សជាទីស្រឡាញ់ ឃ្លាតចេញពីយើងទៅ នៅពេលដែលពួកគេដល់ពេលត្រូវលាចេញពីផែនដី ទៅនៅនគរស្ថានសួគ៌។ ប៉ុន្តែ ព្រះបានកំណត់ពេលវេលាសម្រាប់ជីវិតយើងរួចជាស្រេច នៅពេលដែលទ្រង់មានផែនការហៅយើង ទៅនៅជាមួយទ្រង់។ បទគម្ពីរទំនុកដំកើង ១១៦:១៥ បានប្រាប់យើងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”។ ពេលដែលសាវ័កប៉ុលឃើញថា សេចក្តីស្លាប់កំពុងតែរំគិលមកជិតហើយ គាត់មានការកម្សាន្តចិត្ត ដោយសារការអ្វីដែលកំពុងរង់ចាំគាត់ នៅឯនគរស្ថានសួគ៌ បានជាគាត់មានប្រសាសន៍ថា : “ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៨)។ ទោះគ្រីស្ទបរិស័ទកំពុងតែនៅទីកន្លែងណាក៏ដោយ ក្នុងដំណើរជីវិតរបស់ពួកគេ ក៏គោលដៅរបស់ពួកគេ គឺ “ការបានទៅនៅជាមួយព្រះគ្រីស្ទ ដែលនោះជាការប្រសើរជាង”(ភីលីព ១:២៣)។ ការនេះគួរតែលើកទឹកចិត្តយើង ឲ្យមានជំនឿចិត្ត ក្នុងការប្រឈមមុខនឹងការលំបាក និងភាពស្រណុកស្រួលនៃជីវិត ពេលដែលគ្រីស្ទបរិស័ទដទៃទៀត បានចាកចេញពីយើង ដើម្បីឲ្យបានទៅនៅក្នុងលំនៅស្ថានដ៏មានសិរីល្អ ដែលព្រះគ្រីស្ទបានរៀបទុកឲ្យ។–Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ការស្លាប់របស់ពួកអ្នកបរិសុទ្ធ នៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់។–ទំនុកដំកើង ១១៦:១៥