
ភ្នែកថ្មី
ដោយDennis Fisher
February 1, 2015
និសិ្សតមហាវិទ្យាល័យ ដែលខ្ញុំបានជួបកាលពីពេលថ្មីៗនេះ បានជឿទុកចិត្តលើព្រះគ្រីស្ទ។ គាត់បានពិពណ៌នា អំពីដំណើរនៃការផ្លាស់ប្រែជីវិតរបស់គាត់យ៉ាងដូចនេះថា “ពេលដែលខ្ញុំទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាបានដាក់ព្រះហស្តទ្រង់ចុះពីលើស្ថានសួគ៌មក ហើយបានដាក់ភ្នែកថ្មី ជំនួសឲ្យភ្នែកចាស់របស់ខ្ញុំ ដែលជួយឲ្យខ្ញុំអាចយល់ អំពីសេចក្តីពិតខាងវិញ្ញាណ!” ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា ការដែលគាត់ទទួលជឿព្រះសង្រ្គោះ បាននាំឲ្យគាត់មានគំនិតថ្មីខាងវិញ្ញាណ។ ប៉ុន្តែ គ្រីស្ទបរិស័ទដទៃទៀត ក៏អាចមានបទពិសោធន៍ដ៏ពិសេសនេះផងដែរ។ មនុស្សម្នាក់ៗត្រូវបានប្រទានឲ្យមានភ្នែកខាងវិញ្ញាណ ពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ ជាព្រះសង្រ្គោះ។ ប៉ុន្តែ មានពេលខ្លះ “អ័ព្ទ” ខាងវិញ្ញាណ ក៏បានគ្របដណ្តប់ស្ថានភាពរបស់យើង ធ្វើឲ្យភ្នែកខាងវិញ្ញាណរបស់យើង ជួបភាពអាប់អួរ មើលអ្វីមិនច្បាស់។ ការនេះកើតមាន ពេលដែលយើងមិនអើពើរ ចំពោះទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ សេចក្តីអធិស្ឋានដ៏អស់ពីចិត្តរបស់សាវ័កប៉ុល អំពីភ្នែកខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទ បានបង្រៀនយើង អំពីសារៈសំខាន់នៃការដែលយើងឲ្យតម្លៃទាំងស្រុង ចំពោះការអ្វីដែលព្រះបានធ្វើ និងការដែលទ្រង់នឹងធ្វើសម្រាប់យើង តាមរយៈព្រះគ្រីស្ទ។ គាត់បានអធិស្ឋាន សូមឲ្យភ្នែកខាងវិញ្ញាណរបស់យើងរាល់គ្នា បានភ្លឺឡើង “ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅយើងរាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង”(អេភេសូរ ១:១៨)។ ព្រះអម្ចាស់បានប្រទានភ្នែកថ្មីខាងវិញ្ញាណ ដល់អ្នកជឿព្រះម្នាក់ៗ ដើម្បីឲ្យយើងអាចស្គាល់សេចក្តីពិតខាងវិញ្ញាណ។ ពេលដែលយើងបើកចំហរចិត្តសម្រាប់ព្រះ ទ្រង់នឹងជួយឲ្យភ្នែកខាងវិញ្ញាណយើង មើលឃើញការគ្រប់យ៉ាង ដែលទ្រង់បានប្រទានតាមរយៈព្រះគ្រីស្ទ។–Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើងប្រយោជន៍ឲ្យបានដឹងថា … សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង។–អេភេសូរ ១:១៨