
ការលះបង់ដ៏តូច
ដោយJulie Ackerman Link
February 18, 2015
ខណៈពេលដែលខ្ញុំកំពុងរង់ចាំការមកដល់ នៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ខ្ញុំក៏បានចាប់ផ្តើមគិត អំពីការលះបង់ដែលព្រះយេស៊ូវបានធ្វើ ដើម្បីឲ្យខ្ញុំអាចជានឹងព្រះ។ ខ្ញុំបានធ្វើការលះបង់ដ៏តូចដោយផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យខ្លួនឯងផ្តោតទៅលើការគ្រប់យ៉ាង ដែលទ្រង់បានលះបង់សម្រាប់ខ្ញុំ។ ការលះបង់ដ៏តូចនោះ គឺជាការតមរបស់អ្វីដែលខ្ញុំចូលចិត្តជាធម្មតា ដែលមានដូចជា អាហារ ឬភេសជ្ជៈ ឬក៏ការគិតអំពីពេលអតីតកាលណាមួយ ហើយការតមនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីទំហំនៃការលះបង់ ដែលព្រះយេស៊ូវបានធ្វើសម្រាប់ខ្ញុំ ខ្លាំងជាងអម្បាលម្មានទៅទៀត។ ដោយសារខ្ញុំចង់មានជោគជ័យ នោះខ្ញុំច្រើនតែលះបង់ការអ្វីដែលមិនមែនជាការល្បួងធំៗ ដែលខ្ញុំបានជួប។ តែខ្ញុំនៅតែបរាជ័យដដែល។ ពេលដែលខ្ញុំដឹងថា ខ្លួនឯងមិនអាចមានភាពគ្រប់លក្ខណ៍នៅក្នុងការដ៏តូចយ៉ាងនេះ នោះខ្ញុំក៏បាននឹកចាំ អំពីមូលហេតុដែលពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មឡើងវិញ មានសារៈសំខាន់យ៉ាងនេះ។ បើសិនជាយើងអាចមានភាពល្អឥតខ្ចោះ នោះព្រះយេស៊ូវក៏មិនចំាបាច់ត្រូវយាងមកសុគតជួសយើងឡើយ។ បុរសអ្នកមានម្នាក់ ដែលព្រះយេស៊ូវបានជួបនៅតាមផ្លូវស្រុកយូដា ជាអ្នកដែលព្យាយាមរកឲ្យបានជីវិតអស់កល្បជានិច្ច ដោយខំធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សល្អ។ តែព្រះយេស៊ូវទ្រង់ជ្រាបថា គាត់មិនអាចធ្វើការល្អបានគ្រប់គ្រាន់ ដើម្បីឲ្យបានសេចក្តីសង្រ្គោះឡើយ “ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន”(ម៉ាកុស ១០:២៧)។ ទោះបីជាការលះបង់មិនអាចធ្វើឲ្យយើង ក្លាយជាមនុស្សល្អក៏ដោយ ក៏ការលះបង់នោះបានរំឭកយើងថា ក្រៅពីព្រះ គឺគ្មាននរណាម្នាក់ល្អឡើយ(ខ.១៨)។ ហើយយើងក៏ចាំបាច់ត្រូវចងចាំផងដែរថា សេចក្តីសង្រ្គោះអាចកើតមាន ដោយសារតែការលះបង់របស់ព្រះដែលល្អ ហើយគ្រប់លក្ខណ៍។–Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន។–ម៉ាកុស ១០:២៧