
សូមទៅតាមផ្លូវផ្សេង
ដោយRandy Kilgore
February 20, 2015
មានពេលមួយ ខ្ញុំបាននិយាយទៅកាន់អ្នកដំណើរទាំងឡាយរបស់ខ្ញុំថា “សូមកុំបារម្ភ ខ្ញុំស្គាល់ផ្លូវ”។ បន្ទាប់មក ខ្ញុំភ្ញាក់ខ្លួនព្រើត ពេលដែលមានសម្លេងមនុស្សបន្លឺឡើងពីក្នុងឧបករណ៍ជីភីអេស(GPS)ថា “សូមបើកតាមផ្លូវផ្សេង…សូមបើកតាមផ្លូវផ្សេង”។ ពេលនោះ មនុស្សទាំងអស់នៅក្នុងឡានក៏បានដឹងថា ខ្ញុំកំពុងវង្វេងផ្លូវហើយ! សព្វថ្ងៃនេះ មានអ្នកបើកបររាប់លាននាក់ បានស្គាល់សម្លេងនោះ ដែលជាសម្លេងប្រាប់ថា ពួកគេបានបើកខុសផ្លូវ ឬបត់តាមផ្លូវខុសហើយ។ ឧបករណ៍ជីភីអេស មិនគ្រាន់តែអាចដឹងថា អ្នកបើកបរកំពុងបើកខុសផ្លូវប៉ុណ្ណោះទេ តែថែមទាំងរកផ្លូវភ្លាមៗ សម្រាប់ឲ្យពួកគេបើកមករកផ្លូវត្រូវវិញ។ ជួនកាលអ្នកដើរតាមព្រះយេស៊ូវ ត្រូវការជំនួយ ដើម្បីឲ្យងាកមករកផ្លូវត្រូវខាងវិញ្ញាណវិញ។ យើងប្រហែលជាមានចេទនាដើរចេញពីផ្លូវនោះ ដោយសារយើងគិតថា យើងចេះជាងគេ ឬរសាត់ចេញបន្តិចម្តងៗ ដោយមិនដឹងខ្លួន ទៅកាន់តែឆ្ងាយទៅៗ ពីផ្លូវដែលព្រះសព្វព្រះទ័យនឹងដើរជាមួយយើង។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះមិនដែលទុកយើងចោល ឲ្យគ្មានទីពឹងឡើយ។ ទ្រង់បានប្រទានអ្នកជឿព្រះទាំងអស់ នូវព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧ ១កូរិនថូស ៣:១៦)ដែលបណ្តាលចិត្តយើងឲ្យដឹងថា ខ្លួនបានប្រព្រឹត្តអំពើបាប(យ៉ូហាន ១៦:៨,១៣)។ ពេលដែលយើងដើរខុសផ្លូវ ទ្រង់បន្លឺសម្លេងដាស់តឿន ហើយដាស់សតិរបស់យើងឲ្យភ្ញាក់ខ្លួនឡើង (កាឡាទី ៥:១៦-២៥)។ យើងប្រហែលជាធ្វើព្រងើយចំពោះការដាស់តឿននោះ ប៉ុន្តែ ការធ្វើដូចនេះ នឹងនាំឲ្យយើងមានគ្រោះថ្នាក់មិនខាន (អេសាយ ៦៣:១០ កាឡាទី ៦:៨)។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ព្រះទ្រង់សកម្មជានិច្ច នៅក្នុងជីវិតយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលដាស់់តឿន និងដឹកនាំ(រ៉ូម ៨:២៦-២៧)។ យើងអាចពឹងផ្អែកលើជំនួយ និងការដឹកនាំរបស់ព្រះ ដើម្បីបន្តដើរតាមផ្លូវ ដែលទ្រង់សព្វព្រះទ័យ។–Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។–សុភាសិត ៣:៦