
បុរសល្អម្នាក់
ដោយCindy Hesskasper
March 1, 2015
ក្នុងពិធីរំឭកខួបលោកជ័ររ៉ល ស្ទីវិន(Jerald Stevens) មានគ្រូគង្វាលម្នាក់មានប្រសាសន៍ថា “លោកជែរីជាមនុស្សល្អ”។ “គាត់ស្រឡាញ់គ្រួសារគាត់។ គាត់ស្មោះត្រង់ចំពោះភរិយារបស់គាត់។ គាត់បម្រើប្រទេសជាតិ ក្នុងជួរកងទ័ព។ គាត់ជាឪពុក និងជាជីតាដ៏ល្អប្រសើរ មិនតែប៉ុណ្ណោះ គាត់ជាមិត្តភ័ក្រដ៏ឧត្តុងឧត្តម្ភ”។ ប៉ុន្តែ លោកគ្រូគង្វាលបានបន្តប្រាប់មិត្តភ័ក្រ និងក្រុមគ្រួសារ ដែលកំពុងជួបជុំនៅទីនោះថា ការរស់នៅបានល្អ និងការប្រព្រឹត្តល្អ របស់លោកជែរី មិនអាចគ្រប់គ្រាន់ល្មម នឹងឲ្យគាត់ចូលនគរស្ថានសួគ៌បានឡើយ។ ហើយលោកជែរីក៏អាចនិយាយអញ្ចឹងខ្លួនឯងដែរ! លោកជែរីជឿពាក្យ ដែលបានកត់ក្នុងបទគម្ពីរ ដែលបានចែងថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣) និងខគម្ពីរដែលចែងថា “ដ្បិតឈ្នួលនៃអំពើបាប នោះជាសេចក្តីស្លាប់”(រ៉ូម ៦:២៣)។ ដូច្នេះ ជោគវាសនាចុងក្រោយដ៏អស់កល្បជានិច្ច របស់លោកជែរី មិនមែនស្ថិតនៅលើ ថាតើគាត់រស់នៅបានល្អកម្រិតណាឡើយ តែផ្អែកទាំងស្រុងទៅលើ ការដែលព្រះគ្រីស្ទបានសុគតជំនួសគាត់ ដើម្បីបង់ថ្លៃលោះបាបនៅលើឈើឆ្កាង។ លោកជែរីជឿថា យើងម្នាក់ៗត្រូវតែទទួលអំណោយ ដោយឥតគិតថ្លៃមកពីព្រះ ដោយផ្ទាល់ខ្លួន ដែលជាជីវិតអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ទយេស៊ូវ ដ៏ជាព្រះអម្ចាស់នៃយើង(៦:២៣)។ លោកជែរីជាមនុស្សល្អម្នាក់ តែធ្វើយ៉ាងណា ក៏នៅតែមិនល្អគ្រប់គ្រាន់ឡើយ។ ហើយយើងក៏មិនអាចល្អគ្រប់គ្រាន់ដែរ។ ដ្បិតអ្នករាល់គ្នាបានសង្រ្គោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតមក ពីការខំប្រព្រឹត្តល្អរបស់យើងឡើយ តែគឺជា “អំណោយទាន” របស់ព្រះវិញ(អេភេសូរ ២:៨)។ “សូមអរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន”(២កូរិនថូស ៩:១៥)។–Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្រ្គោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះ ក៏មិនមែនកើតមកពីអ្នករាល់គ្នាឡើយ គឺជាអំណោយទានរបស់ព្រះវិញ។–អេភេសូរ ២:៨