
ផែនដីរបស់ព្រះបិតានៃយើង
ដោយMarvin Williams
March 25, 2015
កាលអាមេនដា បេណាវីឌ(Amanda Benavides) រៀននៅសាកលវិទ្យាល័យភញឡូម៉ា ណាហ្សារីន ក្នុងក្រុងសេនឌីហ្គូ ក្នុងឆ្នាំទី២ នៅក្រុងសាន់ឌីអេហ្គុ រដ្ឋកាលីហ្វ័រញ៉ា នាងបានចាប់ផ្តើមគិតសារឡើងវិញ អំពីភារៈកិច្ចរបស់គ្រីស្ទបរិស័ទ ដែលព្រះបានប្រទាន ឲ្យមើលថែរផែនដីនេះ។ ពេលអាមេនដាធំដឹងក្តីឡើង នាងគិតថា ការយល់ដឹងអំពីបរិស្ថាននៅជុំវិញខ្លួននាង គ្មានអ្វីពាក់ព័ន្ធជាមួយនឹងព្រះយេស៊ូវឡើយ។ ប៉ុន្តែ ការគិតរបស់នាងក៏បានផ្លាស់ប្តូរ ពេលដែលនាងបានទទួលការលើកទឹកចិត្ត ឲ្យគិតពិចារណាអំពីតួនាទីរបស់គ្រីស្ទបរិស័ទ ក្នុងការមើលថែភពផែនដីនេះ ជាពិសេស ពេលដែលនាងដឹងថា ការមើលថែរផែនដីនេះ មានការទាក់ទងនឹងការឈោងចាប់មនុស្សដែលមានសេចក្តីត្រូវការខ្លាំងបំផុត។ ការមើលថែរផែនដីដ៏ស្រស់បំព្រង ដែលព្រះបានប្រទានមកយើង និងការមើលថែមនុស្ស នៅក្នុងផែនដី ជាការបង្ហាញពីការគោរពកោតខ្លាចចំពោះព្រះ ហើយការនេះក៏ផ្អែកលើគោលការណ៍ពីរយ៉ាងរបស់ព្រះគម្ពីរ។ តាមគោលការណ៍ទីមួយ ផែនដីជារបស់ព្រះអម្ចាស់ (ទំនុកដំកើង ២៤:១-២)។ អ្នកនិពន្ធទំនុកដំកើងលើកដំកើងស្នាព្រះហស្ត និងសរសើរដំកើងការដែលទ្រង់ជាម្ចាស់នៃផែនដី។ ព្រះអង្គជាម្ចាស់លើស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ។ ព្រះអង្គបានបង្កើតរបស់ទាំងនោះមក ហើយគ្រប់គ្រងលើទាំងអស់(៩៣:១-២) ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះស្នាព្រះហស្តទ្រង់(ម៉ាថាយ ៦:២៦-៣០)។ តាមគោលការណ៍ទីពីរ ព្រះទ្រង់បានប្រទានឲ្យយើង មានការទទួលខុសត្រូវ ចំពោះសុខុមាលភាពនៃផែនដី (លោកុប្បត្តិ ១:២៦-២៨)។ ការនេះរាប់បញ្ចូលការឲ្យតម្លៃ និងការថែរក្សាចំពោះធម្មជាតិ (លេវីវិន័យ ២៥:២-៥,១១; សុភាសិត ១២:១០) និងមនុស្សជាតិផងដែរ (រ៉ូម ១៥:២)។ ផែនដីនេះជាកម្មសិទ្ធិរបស់ព្រះបិតាយើង។ ចូរយើងបង្ហាញព្រះអង្គ ថាយើងស្រឡាញ់ព្រះអង្គវិញប៉ុណ្ណា ដោយការគោរព និងមើលថែរក្សាមនុស្សជាតិទាំងឡាយ ក្នុងផែនដីនេះ។–Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
ផែនដីនិងសារពើនៅលើផែដី ជារបស់ផងព្រះយហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង។–ទំនុកដំកើង ២៤:១