
ពិបាកស្រឡាញ់
ដោយDennis Fisher
April 25, 2015
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។ ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ”(កិច្ចការ ១៣:១៨)។ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។ ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។ ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានចិត្តអត់ធ្មត់ ចំពោះអ្នកដែលយើងខ្ញុំពិបាកស្រឡាញ់។–Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ។–កិច្ចការ ១៣:១៨