
សត្វឥន្រ្ទីមាស
ដោយDavid Cegner
May 7, 2015
មានពេលមួយ ម៉ាក(Mark) កូនប្រុសរបស់ខ្ញុំ បានធ្វើដំណើរជាមួយខ្ញុំ ចេញពីតំបន់កសិដ្ឋានខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរដ្ឋវ៉ាយ៉ូមីង(Wyoming) ត្រឡប់ទៅរដ្ឋមីឈីហ្គិន(Michigan)វិញ។ យើងក៏ប្រទះឃើញ សត្វដ៏ធំមួយពីចម្ងាយ កំពុងអង្គុយនៅលើដើមឈើមួយដើម ដែលដុះដាច់ឆ្ងាយពីគេ។ វាកំពុងមើលទៅខាងក្រោមជ្រលងភ្នំ។ ពេលដែលយើងធ្វើដំណើរជិតដល់វា យើងក៏ដឹងថា វាជាសត្វឥន្ទ្រីមាស។ វាក៏លោតពីលើដើមឈើនោះ ហើយដាំក្បាលចុះទៅតាមជ្រលងភ្នំ ភ្លាមនោះ វាក៏ត្រដាងស្លាប ដែលចែងចាំងដោយពន្លឺថ្ងៃ នាពេលព្រឹក។ មាឌដ៏ធំ និងសម្រស់ដ៏ស្រស់ស្អាតរបស់វា បានធ្វើឲ្យយើងមានចិត្តស្ងើចសរសើរ។ យើងមានអារម្មណ៍ថា យើងកំពុងមានអភ័យឯកសិទ្ធិ នៅក្នុងការទស្សនាការតាំងបង្ហាញស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ស្នាព្រះហស្តរបស់ព្រះសម្តែងឲ្យយើងឃើញ “កិច្ចការដ៏អស្ចារ្យ”របស់ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយពេលដែលយើងបង្អង់ ដើម្បីជញ្ជឹងគិតអំពីកិច្ចការដែលព្រះបានធ្វើ នោះយើងនឹងមានចិត្តស្ងើចសរសើរ ពេលដែលគំនិត និងវិញ្ញាណរបស់យើង បានទទួលការប៉ះពាល់ ឲ្យបង្ហាញចេញឲ្យគេស្គាល់ បុគ្គលិកលក្ខណៈនៃព្រះ ដែលបង្កើតរបស់ទាំងនោះមក។ យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់របស់ព្រះដ៏មានចេស្តានៃយើង។ ហើយទ្រង់ក៏ប្រាប់ពីរឿងនេះ ដោយប្រើសត្វចាបដែលយំយ៉ាងពិរោះ ដែលហើរលើមេឃ កូនក្តាន់ដែលលោតចុះលោតឡើង ទឹករលកដែលបក់បោកច្រាំង និងពពួកផ្កាតូចៗដែលកំពុងបង្ហាញសម្រស់ដ៏អស្ចារ្យ ក្នុងទីវាល។ ក្នុងខណៈពេលដែលមិនបានរំពឹងទុក និងនៅកន្លែងដែលគេមិនសូវបានទៅដល់ ព្រះអម្ចាស់បានបញ្ចេញសិរីល្អរបស់ទ្រង់ ក្នុងលោកិយ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់យើង។ ដូចនេះ ខ្ញុំបានប្រើពេលដែលមិនបានព្រៀងទុកនោះ ជាឱកាស ដើម្បី “ជញ្ជឹងគិត … អំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់”(ខ.៥)។–Dave Egner
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំនឹងរំពឹងគិត…ពីការអស្ចារ្យរបស់ទ្រង់។–ទំនុកដំកើង ១៤៥:៥