
រដូវកាលនៃជីវិត
ដោយherbertvanderlugt
May 9, 2015
កាលខ្ញុំធ្វើជាគ្រូគង្វាល ខ្ញុំបានជួយបម្រើស្រ្តីជាម្តាយជាច្រើននាក់។ ខ្ញុំធ្លាប់ទៅសួរសុខទុក្ខពួកគេ នៅមន្ទីរពេទ្យ ហើយអរសប្បាយជាមួយពួកគេ សម្រាប់កូនតូចរបស់ពួកគេ ដែលបានចាប់កំណើតក្នុងពិភពលោកនេះ។ ខ្ញុំក៏បានផ្តល់ការប្រឹក្សាផ្លូវចិត្ត ដល់ស្រ្តីជាម្តាយដែលមានការថប់ព្រួយ ហើយបានព្យាយាមលើកពួកគេ ឲ្យមានទំនុកចិត្តថា ព្រះកំពុងមើលថែរកូនៗវ័យជំទង់របស់ពួកគេ ដែលកំពុងតែមិនស្តាប់បង្គាប់។ ខ្ញុំធ្លាប់នៅជួយស្រ្តីជាម្តាយ ដែលកំពុងមើលថែរកូនដែលសម្រាកព្យាបាលរបួស ឬជម្ងឺ ហើយក៏មានអារម្មណ៍ឈឺចាប់ជាមួយពួកគេផងដែរ។ ហើយខ្ញុំក៏បានទួញសោកជាមួយពួកគេ ពេលដែលកូនប្រុស ឬកូនស្រីរបស់ពួកគេបានបាត់បង់ជីវិត។ នាងម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវ ក៏ធ្លាប់ពិសោធនឹងពេល ដែលមានអំណរ និងពេលដែលមានទុក្ខព្រួយផងដែរ។ តើនាងមានអំណរប៉ុណ្ណា ពេលដែលព្រះគ្រីស្ទបានប្រសូត្រមកជាបុត្រតូច!(លូកា ២:៧)។ ហើយតើនាងមានចិត្តរំភើបប៉ុណ្ណា នៅពេលដែលពួកគង្វាល និងពួកអ្នកប្រាជ្ញចូលមកថ្វាយបង្គំទ្រង់ (ខ.៨-២០ ម៉ាថាយ ២:១-១២)។ តើនាងមានការពិបាកក្នុងអារម្មណ៍ប៉ុណ្ណា ពេលដែលលោកស៊ីម្មានបានថ្លែងទំនាយថា ដាវនឹងចាក់ទំលុះវិញ្ញាណរបស់នាងនោះ(លូកា ២:៣៥)។ ហើយតើនាងមានទុក្ខសោកខ្លាំងប៉ុណ្ណា នៅពេលដែលនាងឃើញព្រះបុត្រារបស់នាង សុគតនៅលើឈើឆ្កាង! (យ៉ូហាន ១៩:២៥-៣០)។ ប៉ុន្តែ ក្នុងនាមជាម្តាយម្នាក់ នាងនៅតែមានហេតុនឹងអរសប្បាយ ទោះបីជាបានពើបប្រទះនឹងហេតុការណ៍ដ៏រន្ធត់នោះហើយក៏ដោយ ព្រោះបីថ្ងៃក្រោយមក ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ធ្វើឲ្យនាងមានចិត្តអរសប្បាយយ៉ាងខ្លាំង។ ត្រង់ចំណុចនេះ ស្រ្តីជាម្តាយ ក៏ដូចជាយើងរាល់គ្នា គឺសុទ្ធតែឆ្លងកាត់ពេលដែលមានអំណរដ៏អស្ចារ្យ និងពេលដែលមានទុក្ខជាទម្ងន់។ តែពេលដែលយើងថ្វាយជីវិតយើងដាច់ដល់ព្រះអម្ចាស់ នោះយើងអាចរស់នៅ ក្នុងបុព្វហេតុដើម្បីបំពេញបំណងព្រះទ័យដ៏អស់កល្បជានិច្ចរបស់ទ្រង់។–Herb Vander Lugt
បទគម្ពីរប្រចាំថ្ងៃ
មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ។–សាស្តា ៣:១