
ចាំអបអរសាទ
ដោយRandy Kilgore
May 11, 2015
កាលខ្ញុំធ្វើជាគ្រូបង្វឹកកីឡា មានពេលមួយ កីឡាករដ៏ក្មេងខ្ចីរបស់ខ្ញុំម្នាក់ត្រូវគេគប់បាល់ចំមុខ នៅពេលដែលគាត់ចូលរួមប្រកួតកីឡាវាយបាល់បេសប៊លកុមារ ជាលើកទីមួយ។ បាល់នោះមិនបានធ្វើឲ្យគាត់ឈឺទេ តែគេអាចមើលដឹងថា គាត់កំពុងតែឈរញ័រខ្លួន។ បានជាគាត់ញ័រខ្លួនដូចនេះ គឺដោយសារគាត់ខ្លាចបាល់។ គាត់បានព្យាយាមវាយកូនបាល់នោះ ដោយចិត្តក្លាហាន នៅក្នុងមួយវគ្គហើយ មួយវគ្គទៀត តែគាត់ហាក់ដូចជា នៅតែមិនអាចវាយបាល់ត្រូវដដែល។ នៅក្នុងវគ្គផ្តាច់ព្រាត់ យើងក៏បានអង្គុយមើលការប្រកួតទាំងអស់សង្ឃឹម ព្រោះគ្មានអ្វីដែលគួរឲ្យអបអរសោះ។ បន្ទាប់មក កីឡាករវ័យក្មេងរូបនេះក៏បានដើរចូលទៅកន្លែងវាយបាល់ តាមវេណរបស់ខ្លួន។ ភ្លាមនោះ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញគាត់វាយបាល់ចំបានល្អ! មិត្តរួមក្រុមរបស់គាត់នាំគ្នាលោតកញ្ឆេង ឪពុកម្តាយ និងមិត្តរួមក្រុមរបស់គាត់ក៏បាននាំគ្នាស្រែកហ៊ោអបអរ ដោយសម្លេងកងរំពង។ ទោះបីជាក្រុមរបស់យើង មិនបានឈ្នះការប្រកួតក៏ដោយ ក៏ខ្ញុំនៅតែលោតចុះលោតឡើង! យើងរាល់គ្នាសុទ្ធតែស្រឡាញ់ក្មេងម្នាក់នេះ ហើយបានជួយអបអរគាត់។ ការនេះបានធ្វើឲ្យខ្ញុំនឹកស្រមៃថា ព្រះអម្ចាស់ក៏បានអបអរយើង ក្នុងពេលណាមួយនៃជីវិតរបស់យើងផងដែរ។ ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ហើយទ្រង់សព្វព្រះទ័យឲ្យយើង “យល់ … ពីទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់”(អេភេសូរ ៣:១៨-១៩)។ អ្នកខ្លះបានគិតថា ព្រះអម្ចាស់មិនស្រឡាញ់យើងទេ គឺរង់ចាំតែវាយផ្ចាលយើង ពេលដែលយើងភ្លាត់ធ្វើខុស។ ដូចនេះ យើងមានអភ័យឯកសិទ្ធិ ដើម្បីនឹងប្រាប់ពួកគេ អំពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលទ្រង់មានចំពោះពួកគេ។ សូមស្រមៃថា ពួកគេនឹងមានចិត្តរីករាយប៉ុណ្ណា ពេលដែលពួកគេបានដឹងថា ព្រះទ្រង់ស្រឡាញ់ពួកគេជាខ្លាំងដ៏ម្ល៉េះ បានជាទ្រង់ចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកសុគតនៅលើឈើឆ្កាង ដើម្បីលោះបាបពួកគេ ហើយដឹងថា ទ្រង់ក៏រង់ចាំជួយអបអរសាទរពួកគេផងដែរ!–Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
… ឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ។–អេភេសូរ ៣:១៩