
ការការពារចិត្ត
ដោយRandy Kilgore
June 7, 2015
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានបង្រៀនព្រះបន្ទូល នៅក្នុងថ្នាក់រៀនព្រះគម្ពីរយុវជន ក្នុងពួកជំនុំប្រចាំតំបន់មួយកន្លែង ហើយខ្ញុំបានខិតខំពិចារណាអំពីបទគម្ពីរ យ៉ាងប្រុងប្រយ័ត្ន ដើម្បីត្រៀមឆ្លើយសំណួរផ្សេងៗ នៅក្នុងពេលបង្រៀន។ ក្រោយមក ក្នុងអំឡុងពេលឆមាសទី១ នៃការបង្រៀនរបស់ខ្ញុំ នៅសាលាព្រះគម្ពីរ ពេលខ្ញុំមានអាយុ៤០ឆ្នាំ មានពេលមួយ ខ្ញុំក៏បានដឹងខ្លួនថា ខ្ញុំបានផ្តល់នូវចម្លើយមិនត្រឹមត្រូវ ចំពោះសំណួរដែលស្រ្តីម្នាក់បានសួរចេញពីចិត្ត ក្នុងពេលបង្រៀននៅថ្ងៃមួយ។ ខ្ញុំដឹងច្បាស់ថា ចម្លើយរបស់ខ្ញុំ នៅថ្ងៃនោះ បាននាំឲ្យគាត់មានការធ្លាក់ទឹកចិត្ត អស់រយៈពេល២ឆ្នាំមកហើយ ដូចនេះ ដើម្បីឲ្យគាត់មានអារម្មណ៍ល្អឡើងវិញ ខ្ញុំមានចិត្តអន្ទះសារចង់ ប្រាប់គាត់ថា ខ្ញុំបានឆ្លើយខុសហើយ។ ខ្ញុំក៏ប្រញាប់ត្រឡប់មកផ្ទះវិញ ហើយទូរស័ព្ទទៅគាត់ ដើម្បីសុំអភ័យទោស សម្រាប់កំហុសរបស់ខ្ញុំ។ គាត់ក៏មិនបាននិយាយអ្វីអស់មួយសន្ទុះ ហើយក៏បញ្ចេញសម្លេងរបៀបឆ្ងល់ថា “សុំទោស ខ្ញុំមិនបានចាំពីបញ្ហានោះទេ នៅពេលនេះ”។ ពេលឮគាត់និយាយដូចនេះ ខ្ញុំក៏បានដឹងថា គាត់មិនបានចាំពីរឿងនោះ ហើយក៏មិនបានពិបាកចិត្តដោយសាររឿងនេះដែរ។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងថា ព្រះទ្រង់តែងតែការពារសេចក្តីពិតរបស់ទ្រង់ នៅពេលដែលយើងមានការលូតលាស់ នៅក្នុងការយល់ដឹងព្រះបន្ទូលទ្រង់។ ខ្ញុំសូមអរព្រះគុណព្រះ ដែលបានការពារចិត្តរបស់ស្ត្រីម្នាក់នេះ មិនឲ្យរងគ្រោះ ដោយសារការឆ្លើយខុសនោះ។ យើងជាមនុស្ស ហើយជួនកាល យើងនិយាយខុស ពេលដែលយើងចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃ។ ប៉ុន្តែ យើងមានកាតព្វកិច្ចស្វែងយល់អំពីសេចក្តីពិតរបស់ទ្រង់ ហើយត្រូវមានការប្រុងប្រយ័ត្ន ពេលដែលយើងចែកចាយអំពីសេចក្តីពិត(២ធីម៉ូថេ ២:១៥)។ ដូចនេះ យើងអាចប្រកាស់អំពីទ្រង់ ដោយចិត្តក្លាហាន ដោយអធិស្ឋានសូមឲ្យព្រះវិញ្ញាណទ្រង់ការពារចិត្តយើង ហើយថែមទាំងការពារចិត្តអ្នកដែលខិតខំរកឱកាសបម្រើទ្រង់។ យើងត្រូវមានការប្រុងប្រយ័ត្នបំផុត ពេលយើងនិយាយអំពីព្រះ និងព្រះបន្ទូលទ្រង់។–Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ។–២ធីម៉ូថេ ២:១៥