
ចូរយើងរួបរួមគ្នា
ដោយJoe Stowell
June 26, 2015
តំបន់ជាច្រើន ក្នុងពិភពលោកនេះ មានការជួបប្រទះនូវបាតុភូតព្រឹលធ្លាក់ដ៏អស្ចារ្យ ជាញឹកញាប់។ គ្រាប់ព្រឹលមានសម្រស់ដ៏ស្រស់ស្អាត ជាបន្ទះគ្រីស្ទាល់ទឹកកក ដែលត្រូវបានរចនាយ៉ាងពិសេស។ គ្រាប់ព្រឹលនីមួយៗ សុទ្ធតែមានសភាពផុយស្រួយ ហើយឆាប់រលាយ ពេលយើងដាក់វាក្នុងដៃយើង។ ប៉ុន្តែ ពេលដែលពួកវាផ្តុំចូលគ្នា វាបង្កើតបានជាកម្លាំងដ៏ខ្លាំង។ ពួកវាអាចបិទចរាចរណ៍នៃទីក្រុងធំៗបាន ហើយទន្ទឹមនឹងនោះ ពួកវាក៏បង្កើតទេសភាពដ៏ស្រស់ស្អាត ដែលមានដើមឈើគ្របដណ្តប់ដោយព្រឹល ដែលធ្វើឲ្យគេផ្តិតយករូបភាពរបស់វា ទៅដាក់លម្អក្នុងប្រតិទិន និងត្រូវបានគេប្រើប្រាស់ ដើម្បីបង្កើតស្នាដៃសិល្បៈផ្សេងៗ។ ពួកវាបានផ្តល់ឲ្យនូវការកម្សាន្តសប្បាយ សម្រាប់អ្នកជិះស្គីចុះពីលើចំណោត ហើយក៏បានធ្វើឲ្យក្មេងៗអរសប្បាយ នៅក្នុងការសូនរូបមនុស្សព្រឹល ព្រមទាំងសូនធ្វើដុំព្រឹលគប់គ្នាលេង។ ទាំងអស់នេះគឺសុទ្ធតែដោយសារគ្រាប់ព្រឹលនីមួយៗអាចផ្តំចូលគ្នា។ យ៉ាងណាមិញ អ្នកដើរតាមព្រះគ្រីស្ទក៏ចាំបាច់ត្រូវរួបរួមគ្នាជាធ្លុងមួយផងដែរ។ យើងម្នាក់ ៗសុទ្ធតែមានអំណោយទានពិសេសៗរៀងខ្លួន ដែលអាចរួមចំណែកនៅក្នុងការងារបម្រើព្រះគ្រីស្ទ។ ព្រះមិនដែលសព្វព្រះទ័យឲ្យយើងរស់នៅដាច់ពីគ្នាឡើយ តែទ្រង់សព្វព្រះទ័យឲ្យយើងធ្វើការរួមគ្នា ដើម្បីក្លាយជាកម្លាំងដ៏អស្ចារ្យ ថ្វាយព្រះ និងបំពេញបុព្វហេតុរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា រូបកាយព្រះគ្រីស្ទ “មិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ”(១កូរិនថូស ១២:១៤)។ យើងម្នាក់ៗត្រូវតែប្រើអំណោយទានរបស់យើង ដើម្បីបម្រើគ្នាទៅវិញទៅមក ដើម្បីឲ្យយើងអាចរួមគ្នាធ្វើឲ្យមានការផ្លាស់ប្រែដ៏សំខាន់ ក្នុងពិភពលោករបស់យើង។ សូមយើងប្រើអំណោយទានយើង ដើម្បីធ្វើការបម្រើព្រះ ដោយសហការណ៍ជាមួយអំណោយទានរបស់អ្នកដែលនៅក្បែរយើង ហើយអនុញ្ញាតឲ្យខ្យល់នៃព្រះវិញ្ញាណបរិសុទ្ធប្រើយើង ដើម្បីសិរីល្អទ្រង់! – Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ។–១កូរិនថូស ១២:១៤