
ជ័យជម្នះដ៏វេទនា
ដោយDavid C. McCasland
June 27, 2015
លោកចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជាជនជាតិស្កត់ឡិន ជាអ្នកនិពន្ធរឿងប្រលោមលោក និងកំណាព្យ និងជាអ្នកបម្រើព្រះ។ គាត់បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “ការអ្វីក៏ដោយ ដែលមនុស្សធ្វើ ដោយគ្មានព្រះ ការនោះនឹងត្រូវបរាជ័យយ៉ាងវេទនា ឬជោគជ័យកាន់តែវេទនា”។ ជាញឹកញាប់ ពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានវាទគ្មិន និងអ្នកនិពន្ធសម័យទំនើបដកស្រង់ ហើយឃើញមាននៅក្នុងសៀវភៅដែលគាត់បាននិពន្ធ ដែលមានចំណងជើងថា ការអធិប្បាយដោយមិនប្រើពាក្យសម្តី។ ពាក្យសម្តីមួយឃ្លានេះ និយាយអំពីការដែលគ្រីស្ទបរិស័ទត្រូវមានការលះចោលអាត្មាខ្លួនឯង និងអំពីរបៀបដែលយើងត្រូវអនុវត្តតាមសេចក្តីបង្រៀន ដែលព្រះយេស៊ូវបានមានបន្ទូលថា “រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។ លោកមែកដូណាល់បានមានប្រសាសន៍ថា ការបដិសេធន៍អាត្មាខ្លួនឯងដ៏ពិត គឺមានន័យថា យើងមិនគ្រាន់តែត្រូវព្យាយាមជម្នះបំណងប្រាថ្នា ខាងសាច់ឈាមរបស់យើងប៉ុណ្ណោះឡើយ តែថែមទាំងត្រូវមានទស្សនៈ និងគំនិតដូចព្រះគ្រីស្ទ ចំពោះអ្វីៗដែលយើងឃើញ ពោលគឺយើងត្រូវតែរាប់បំណងព្រះទ័យព្រះ ជាសំខាន់ជាងជីវិតយើងទៅទៀត …យើងត្រូវឈប់គិតថា “តើយើងខ្ញុំគួរធ្វើអ្វី?” តែត្រូវគិតថា “តើព្រះដ៏មានព្រះជន្មរស់សព្វព្រះទ័យ ឲ្យខ្ញុំធ្វើអ្វី?” ការរកបានតែរបស់ដែលយើងចង់បានសម្រាប់តែខ្លួនឯង គឺជាការបរាជ័យដ៏វេទនា។ ជ័យជម្នះដ៏ពិត គឺមាននៅក្នុងការ “លះបង់” ជីវិតរបស់យើង ថ្វាយព្រះគ្រីស្ទ ហើយរកបានជីវិតនោះយ៉ាងពេញលេញមកវិញ និងមានសេរីភាព តាមបំណងព្រះទ័យទ្រង់។–David McCasland.
បទគម្ពីរប្រចាំថ្ងៃ
បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ។–លូកា ៩:២៣