
ដង្កូវត្រចៀក
ដោយCindy Hesskasper
July 20, 2015
គេបានប្រៀបប្រដូចបទចម្រៀងមួយចំនួន ទៅនឹងសត្វល្អិត ដែលចូលទៅក្នុងត្រចៀក ហើយនៅជាប់ក្នុងក្បាលរបស់មនុស្ស មិនព្រមទៅណា។ បទចម្រៀងទាំងនោះ ជាបទដែលគេពេញនិយម និងពិរោះណាស់ បានជាពេលដែលគេស្តាប់ហើយ វាដក់ជាប់ក្នុងចិត្ត មិនអាចដកវាចេញបាន។ គេថា ដើម្បីរំដោះខ្លួនយើងពីបទចម្រៀង ដែលអាចបណ្តាលឲ្យយើងមានគ្រោះថ្នាក់ យើងត្រូវជំនួសបទចម្រៀងនោះ ដោយទំនុកបទមួយទៀត ដែលមានលក្ខណៈ “ល្អប្រសើរជាង”។ ព្រោះបទចម្រៀងដែលមានពាក្យពេចន៍ និងបទភ្លេងថ្មី អាចដកបទចាស់ចេញពីចិត្តយើងបាន។ យ៉ាងណាមិញ នៅក្នុងពិភពនៃការគិតរបស់យើង ក៏អាចមានបញ្ហាដូចនេះផងដែរ។ ពេលដែលគំនិតរបស់យើងមានភាពស្រើបស្រាល ឬមានការសងសឹក នោះការអាន និងការជញ្ជឹងគិតអំពីព្រះបន្ទូលព្រះ អាចជួយសម្អាតគំនិតរបស់យើងឲ្យស្អាតបាន។ ព្រះគម្ពីរបានប្រាប់យើង ឲ្យស្រឡាញ់ព្រះអម្ចាស់ “ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់គំនិតរបស់យើង” (ម៉ាថាយ ២២:៣៧) ហើយមិនត្រូវ “ត្រាប់តាមសម័យនេះឡើយ” ចូរឲ្យយើងរាល់គ្នា “បានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ព្រះគម្ពីរក៏បង្រៀនយើង ឲ្យគិតអំពីសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីគួរសរសើរ(ភីលីព៤:៨)។ ពេលដែលគំនិតរបស់យើងបែកទៅរកការអាក្រក់ នោះចូរយើងអនុញ្ញាតឲ្យប្រាជ្ញានៃព្រះគម្ពីរ ជ្រួតជ្រាបនៅក្នុងចិត្ត និងគំនិតយើង ដែលនេះជាវិធីដ៏ល្អបំផុត ដើម្បីលាងសម្អាតគំនិតយើង(២ធីម៉ូថេ ៣:១៦)។—Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ។—ភីលីព ៤:៨