
មនុស្សដែលមានឥទ្ធិពល
ដោយDavid C. McCasland
July 30, 2015
បើសិនជាអ្នកស្រាវជ្រាវក្នុងប្រព័ន្ធហ្គូហ្គល(Google) អំពី “បុគ្គលដែលមានឥទ្ធិពល” នោះអ្នកនឹងឃើញឈ្មោះ “បុគ្គលដែលល្បីល្បាញបំផុត ក្នុងពិភពលោក” ក្នុងបញ្ជីឈ្មោះផ្សេងៗ។ តាមធម្មតា បញ្ជីឈ្មោះទាំងនេះ រាប់បញ្ចូលឈ្មោះអ្នកដឹកនាំនយោបាយ ម្ចាស់មុខជំនួញ និងកីឡាករល្បីៗ ក៏ដូចជា បុគ្គលល្បីៗ ក្នុងផ្នែកវិទ្យាសាស្រ្ត សិល្បះ និងការកម្សាន្ត។ តែអ្នកនឹងមិនឃើញឈ្មោះចុងភៅ និងអ្នកបោសសម្អាត ដែលបានធ្វើការបម្រើបុគ្គលល្បីឈ្មោះទាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែចុងភៅ និងអ្នកបោសសម្អាត មានមុខនាទីតូចទៀបមែន តែពួកគេច្រើនតែមានឥទ្ធិពលមកលើបុគ្គលដែលខ្លួនបានបម្រើ។ យ៉ាងណាមិញ ក្នុងរឿងលោកមេទ័ពណាម៉ាន់ ព្រះគម្ពីរក៏បានចែងអំពីស្តេចពីរអង្គ និងហោរារបស់ព្រះ(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ ក្នុងរឿងនេះ អ្នកបម្រើជាតួអង្គដ៏សំខាន់ ដែលបានប្រាប់លោកណាម៉ាន់ ឲ្យទៅទទួលការប្រោសឲ្យជា ពីជម្ងឺឃ្លង់ ដែលអាចធ្វើឲ្យគាត់បាត់បង់មុខនាទីជាមេទ័ព និងរងគ្រោះក្នុងជីវិត។ អ្នកបម្រើដ៏វ័យក្មេងរូបនោះ គឺជាឈ្លើយសឹក ដែលគេបានយកពីនគរអ៊ីស្រាអែលមក។ នាងបានប្រាប់ភរិយារបស់លោកណាម៉ាន់ថា មានហោរាម្នាក់ ក្នុងស្រុកសាម៉ារី ដែលអាចប្រោសគាត់ឲ្យជាពីជម្ងឺឃ្លង់បាន(ខ.២-៣)។ ពេលដែលហោរាអេលីសេប្រាប់លោកណាម៉ាន់ ឲ្យចុះទៅមុជទឹកទន្លេយ័រដាន់ លោកណាម៉ាន់ក៏បានខឹងនឹងលោកហោរ ប៉ុន្តែ អ្នកបម្រើរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យធ្វើតាមបង្គាប់របស់លោកហោរា។ ទីបំផុត លោកណាម៉ាន់ក៏បានជាពីរោគឃ្លង់ បានជាគាត់ប្រកាស់ថា “នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។ ត្រង់ចំណុចនេះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងពិតជាមានតួនាទីដ៏សំខាន់ណាស់។ ព្រះបានត្រាសហៅយើង ឲ្យធ្វើជាមនុស្សដែលមានឥទ្ធិពល ពោលគឺធ្វើជាអ្នកបម្រើរបស់ព្រះអម្ចាស់ ដែលនាំអ្នកដទៃ ឲ្យស្គាល់ព្រះ ដែលអាចធ្វើឲ្យជីវិតផ្លាស់ប្រែ។—David McCasland
បទគម្ពីរប្រចាំថ្ងៃ
នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ។—២ពង្សាវតាក្សត្រ ៥:៣