
ការមើលងាយ
ដោយAnne Cetas
August 13, 2015
បន្ទាប់ពីភ្នែករបស់ខ្ញុំ បានឆ្លងកាត់ការវៈកាត់តូចហើយ គ្រូពេទ្យបានប្រាប់ខ្ញុំ មិនឲ្យឈ្ងោកមើលទៅក្រោម ក្នុងរយៈពេល២សប្តាហ៍ខាងមុខ ហើយមិនឲ្យធ្វើម្ហូប ឬបោសសម្អាតអ្វីឡើយ។ បើគ្រាន់តែមិនឲ្យខ្ញុំធ្វើម្ហូប ឬបោសសម្អាតផ្ទះមួយរយៈ នោះមិនសូវពិបាក ដូចការហាមមិនឲ្យឈ្ងោកមើលទៅក្រោម តាមការណែនាំរបស់ពេទ្យឡើយ! គាត់មិនចង់ឲ្យខ្ញុំសម្លឹងមើលទៅក្រោម ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ថ្នេរក្នុងភ្នែកដែលមិនទាន់ជា។ យ៉ាងណាមិញ លោកស៊ីអេស លូវីស(C.S. Lewis) បាននិពន្ធសេចក្តីបង្រៀនមួយ អំពីការមើលមួយបែបទៀត ដែលអាចឲ្យយើងមានបញ្ហា។ គាត់មានប្រសាសន៍ថា “នៅក្នុងព្រះ អ្នកតទល់នឹងការអ្វី ដែលធំជាងខ្លួនអ្នក ក្នុងគ្រប់ផ្នែកទាំងអស់។ ដរាបណា អ្នកមានអំណួត នោះអ្នកមិនអាចស្គាល់ព្រះឡើយ។ មនុស្សដែលមានអំណួត តែងតែមើលងាយមនុស្ស ឬមើលងាយអ្វីៗ ក្នុងលោកនេះ។ ជាការពិតណាស់ ដរាបណា អ្នកមើលងាយមនុស្សដែលនៅស្ថានក្រោមនេះ នោះអ្នកមិនអាចមើលឃើញការអ្វីដែលនៅស្ថានលើឡើយ”។ ព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូច អំពីពួកផារិស៊ីម្នាក់ ដែលគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃ។ គាត់បានឈរអធិស្ឋានតែម្នាក់ឯង ដោយចិត្តអំណួតថា គាត់អរព្រះគុណព្រះ ដែលខ្លួនគាត់ មិនដូចជាមនុស្សឯទៀត(លូកា ១៨:១១)។ គាត់មើលងាយមនុស្សដែលឆក់ប្លន់ ទុច្ចរិត ហើយកំផិត និងអ្នកយកពន្ធ ដែលកំពុងអធិស្ឋាន នៅក្នុងព្រះវិហារ ក្នុងពេលនោះដែរ។ ផ្ទុយទៅវិញ អ្នកយកពន្ធបានដឹងថា គាត់ជាមនុស្សមានបាប នៅចំពោះព្រះ ហើយបានទូលសូមសេចក្តីមេត្តាករុណារបស់ព្រះអង្គ(ខ.១៣)។ សេចក្តីអំណួត អាចជាបញ្ហា សម្រាប់យើងរាល់គ្នា។ សូមកុំឲ្យយើងមើលងាយអ្នកដទៃឡើយ ផ្ទុយទៅវិញ សូមឲ្យយើងមើលឃើញព្រះ ដែលគង់នៅខ្ពស់ជាងយើងរាល់គ្នា។—Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា … ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្តីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានិមួយៗ កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ។ —រ៉ូម ១២:៣